ព័ត៌មានទាន់ហេតុការណ៍៖

ទើបចេញពីគុកភ្លាម លួចចងទ្វារបន្ទប់អ្នកជិតខាងចូលលួចទូរស័ព្ទ ត្រូវប៉ូលិសចាប់បញ្ជូនទៅតុលាការជាលើកទី៤

ចែករំលែក៖

ខេត្តកណ្តាល÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានឲ្យដឹងនៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ នេះថាជនសង្ស័យម្នាក់ដែលមានប្រវត្តិជាប់ពន្ធនាគារ៣លើក ទើបនឹងចេញមកវិញ បានធ្វើសកម្មភាពយកខ្សែចងទ្វារបន្ទប់អ្នកជិតខាងពីខាងក្រៅ រួចលួចយកទូរស័ព្ទ ២ គ្រឿង តាមបង្អួចយកទៅលក់ ត្រូវកម្លាំងនគរបាលក្រុងតាខ្មៅស្រាវជ្រាវចាប់ខ្លួនបានសម្រេច។ អំពើលួចនេះបានកើតឡើងកាលពីថ្ងៃទី១៤ កុម្ភៈ ២០២៦ វេលាម៉ោង ២៣និង៣០នាទីយប់ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិ ព្រែកតាពៅ សង្កាត់ដើមមៀនក្រុងតាខ្មៅខេត្តកណ្តាល។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ឃួន ចាន់នីតា ហៅអាតា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានសារធាតុញៀនក្នុងទឹកនោម និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ៣លើក (ពីបទលួច រំលោភលើទំនុកចិត្ត និងហិង្សាដោយចេតនា)។ ចំណែកឯជនរងគ្រោះឈ្មោះ កេត ម៉ាញ៉ុល ភេទប្រុស អាយុ៥១ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិសង្កាត់កើតហេតុជាមួយគ្នា ហើយសម្ភារៈដែលបាត់បង់មានទូរស័ព្ទដៃ ២គ្រឿង ម៉ាកវីវ៉ូ និងហួវៃ។

លោកអធិការបានឲ្យដឹងទៀតថា កាលពីយប់ថ្ងៃទី១៤ កុម្ភៈ ២០២៦ ម៉ោង ២៣ និង៣០នាទី ជនរងគ្រោះបានយកទូរស័ព្ទដៃ ៣គ្រឿង បញ្ចូលថ្មនៅលើម៉ាស៊ីនកាត់ ដេរក្បែរបង្អួចរួចចូលសម្រាក។ លុះដល់ម៉ោង ៥និង០០ នាទីទាបភ្លឺ ថ្ងៃទី១៥ កុម្ភៈ ជនរងគ្រោះភ្ញាក់ពីដំណេកបម្រុងដើរទៅហាត់ប្រាណ ស្រាប់តែឃើញបង្អួចបើកចំហរ។ ឃើញដូច្នេះ ជនរងគ្រោះក៏ស្ទុះទៅបើកទ្វារ តែត្រូវបានជនសង្ស័យយកខ្សែចងទ្វារជាប់ពីក្រៅមិនឲ្យចេញរួច ទើបជនរងគ្រោះកន្ត្រាក់ទ្វារឲ្យរបើក និងស្រាយខ្សែចេញ រួចទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀនឲ្យជួយស្រាវជ្រាវ។

លោកអធិការបានបញ្ជាក់ថា ក្រោយទទួលបានបណ្តឹង កម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅ បើកការស្រាវជ្រាវអស់រយៈពេល ៤ថ្ងៃ រហូតដល់ថ្ងៃទី១៨ កុម្ភៈ ២០២៦ ទើបឈានទៅឃាត់ខ្លួនជន សង្ស័យយកមកសួរនាំ។ នៅចំពោះមុខសមត្ថកិច្ច ជន សង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចទូរស័ព្ទរបស់ជនរងគ្រោះ ២គ្រឿង ប្រាកដមែន ដោយយកទៅលក់ឲ្យនារីម្នាក់មិនស្គាល់ឈ្មោះក្នុងតម្លៃ ៥ម៉ឺនរៀលក្នុង ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការជាលើកទី៤៕


ចែករំលែក៖