ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាឈ្លោះជាមួយបងថ្លៃ ទាញកាំបិតដេញកាប់ឪពុកគេ និងកាប់កញ្ចក់រថយន្ត ត្រូវម្ដាយនិងបងប្រុសចាប់ចងប្រគល់ឱ្យប៉ូលិស

ចែករំលែក៖

ខេត្តកណ្តាល÷ បុរសម្នាក់ដោយសារតែឥទ្ធិពលស្រាបញ្ជាបានទាស់សម្ដីជាមួយបងថ្លៃ ហើយត្រូវឪពុកបងថ្លៃមកស្ដីបន្ទោស ធ្វើឱ្យបុរសនេះខឹងច្រឡោតទាញកាំបិតប៉័ងតោដេញកាប់និងកាប់បំផ្លាញកញ្ចក់រថយន្ត។ ភ្លាមៗនោះ ជនសង្ស័យត្រូវបានម្ដាយនិងបងប្រុសបង្កើតរួមទាំងអ្នកជិតខាងជួយចាប់ចងប្រគល់ឱ្យសមត្ថកិច្ច។ ហេតុការណ៍ហិង្សានេះបានកើតឡើងកាលពីថ្ងៃទី២២ កុម្ភៈ ២០២៦ វេលាម៉ោង១៥និង០០នាទី នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ា ម៉េងហុង ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ ត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះឈ្មោះ ធី រ៉ាប៊ុន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកសិករ ដោយអ្នកទាំងពីរមានទីលំនៅភូមិ-សង្កាត់កើតហេតុជាមួយគ្នា។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន កាំបិតប៉័ងតោដងឈើ១ និងកាំបិតប៉័ងតោគ្មានដង១។ ចំណែកសម្ភារៈខូចខាតគឺបែកកញ្ចក់រថយន្តម៉ាក CRV ខាងឆ្វេងផ្នែកខាងមុខចំនួន ១ផ្ទាំង និងធ្វើឲ្យជនរងគ្រោះមានការភិតភ័យយ៉ាងខ្លាំង។

លោកអធិការបានបញ្ជាក់ពីដំណើររឿងថា ជនសង្ស័យគឺជាមនុស្សញៀនស្រា។ នៅថ្ងៃកើតហេតុ ក្រោយពីផឹកស្រាស្រវឹងមកដល់ផ្ទះ ជនសង្ស័យបានរករឿងទាស់សម្ដីគ្នាជាមួយជនរងគ្រោះជាបងថ្លៃ។ ស្របពេលនោះ ឪពុករបស់បងថ្លៃឈ្មោះ តាធី ក៏បានដើរចូលមកស្ដី បន្ទោសឱ្យជនសង្ស័យ ធ្វើឱ្យជនសង្ស័យខឹងទាញកាំបិតប៉័ងតោដេញកាប់តាធី តែសំណាងល្អតាធីបានរត់គេចចូលទៅកន្លែងអាងចិញ្ចឹមក្រពើទាន់ពេលវេលា។ ក្រោយដេញកាប់មិនបាន ជនសង្ស័យបានត្រឡប់មកវិញ រួចស្រែកហៅបងថ្លៃឲ្យចេញពីក្នុងផ្ទះ តែជនរងគ្រោះមិនព្រមចេញ ទើបជនសង្ស័យកាន់តែក្តៅក្រហាយយកកាំបិតប៉័ងតោទៅកាប់កញ្ចក់រថយន្តបងថ្លៃបែកអស់១ផ្ទាំង។

ប្រភពដដែលបានបន្តថា ឃើញសភាពមិនស្រួលបែបនេះ អ្នកជិតខាង ជាពិសេសម្ដាយនិងបងប្រុសបង្កើតរបស់ជនសង្ស័យបាននាំគ្នាជួយដេញចាប់និងចងជើងជនសង្ស័យជាប់។ ដោយសារជនសង្ស័យដេកននៀលដីប្រឡាក់ ម្ដាយនិងបងប្រុសក៏បានយកទឹកមកងូតលាងសម្អាតឱ្យ រួចទើបប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់យកមកសួរនាំតែម្ដង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានទាញកាំបិតដេញកាប់ឪពុក បងថ្លៃនិងកាប់កញ្ចក់រថយន្តប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕


ចែករំលែក៖