ភ្នំពេញ ៖ក្រុមហ៊ុនសិប្បករអង្គរ ដែលជាដៃគូដ៏សំខាន់ ក្នុងការថែរក្សាសិល្បៈហត្ថកម្មខ្មែរ បានប្រកាសជាផ្លូវការនូវការឈានជើងចូលយុគសម័យថ្មីនៃការអភិរក្សវប្បធម៌ តាមរយៈពិធីបើកការដ្ឋានសាងសង់អគារមហោស្រពសិប្បករអង្គរ នៅពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។ គម្រោងនេះមិនត្រឹមតែជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែគឺជាការដាំគ្រាប់ពូជថ្មីសម្រាប់លើកកម្ពស់អត្តសញ្ញាណខ្មែរឱ្យកាន់តែរស់រវើកនៅលើឆាកអន្តរជាតិ។
អគារមហោស្រពសិប្បករអង្គរនេះ វិនិយោគតម្លៃ ៥ លានដុល្លារអាមេរិកនេះ នៅចំកណ្តាលក្រុងសៀមរាប ហើយក៏នឹងវិវត្តខ្លួនទៅជា រមណីយដ្ឋានសិប្បករអង្គរ ដែលលាតសន្ធឹងលើផ្ទៃដី ១០,០០០ ម៉ែត្រការេ។ រមណីយដ្ឋាននេះនឹងក្លាយជាមជ្ឈមណ្ឌលវប្បធម៌ដែលតភ្ជាប់បេតិកភណ្ឌបុរាណ ជាមួយ បច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរដែលចង់ឈ្វេងយល់ពីវប្បធម៌ខ្មែរឱ្យកាន់តែស៊ីជម្រៅ។ បច្ចុប្បន្ននេះ សិប្បករអង្គរ ជាទីតាំងដែលអនុញ្ញាតឱ្យភ្ញៀវទេសចរបានទស្សនាដោយផ្ទាល់នូវភាពប៉ិនប្រសប់របស់សិប្បករខ្មែរ ក្នុងការបង្កើតស្នាដៃចម្លាក់ឈើ ចម្លាក់ថ្ម ចម្លាក់ប្រាក់ ខ្មុកម្រ័ក្ស និងតម្បាញសូត្រជាដើម។
លោក កាយ ឡូត ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុនសិប្បករអង្គរ បានបញ្ជាក់ថា ការបង្កើតមហោស្រពនេះគឺជាការសំយោគរវាងពិភពកេរដំណែលសិល្បៈហត្ថកម្ម និងពិភព ទស្សនីយភាពបេតិកភណ្ឌដ៏អស្ចារ្យ។ លោកជឿជាក់ថា នេះគឺជាបុព្វហេតុដ៏សំខាន់ក្នុងការបង្ហាញពីអនាគតនៃទេសចរណ៍វប្បធម៌ ដែលមិនត្រឹមតែផ្ដល់ការកម្សាន្ត ប៉ុន្តែថែមទាំងផ្ដល់តម្លៃយ៉ាងជ្រាលជ្រៅដល់ការរក្សាអត្តសញ្ញាណជាតិ។
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានលើកទឹកចិត្តឱ្យសិប្បករអង្គរសូមបន្តផ្តល់អាទិភាពក្នុងការជ្រើសរើសកម្លាំងពលកម្ម និង បណ្តុះបណ្តាលជំនាញរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តសៀមរាបដើម្បីធ្វើយ៉ាងណាបានឱ្យពួកគាត់នៅទីនេះបានធ្វើការនិងទទួលបានចំណូលដោយផ្ទាល់ពីវិស័យទេសចរណ៍។លោកបន្តថា ការបើកការដ្ឋាននេះ មិនមែនគ្រាន់តែជាការចាប់ផ្តើមគម្រោងសាងសង់ធម្មតានោះទេ ប៉ុន្តែវាគឺជា ការបើកទំព័រថ្មីមួយ សម្រាប់វិស័យទេសចរណ៍ និងវប្បធម៌នៃខេត្តសៀមរាប។ អគារមហោស្រពនេះ នឹងក្លាយជាកន្លែងដែលភ្ញៀវអាចឈ្វេងយល់ពី សិល្បៈខ្មែរប្រពៃណី តាមរយៈបច្ចេកវិទ្យាទំនើប ដូចជា ការបង្ហាញពន្លឺ សំឡេង និងបទពិសោធន៍អន្តរកម្ម ដែលនឹងធ្វើឱ្យវប្បធម៌ខ្មែរកាន់តែរស់រវើក និងទាក់ទាញដល់យុវជនជំនាន់ក្រោយ៕

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច