ព័ត៌មានទាន់ហេតុការណ៍៖

នាយកអង្គការអាមេរិកមួយ ចាត់ទុកការឈ្លានពានរបស់ថៃលើកម្ពុជា គឺជារឿងមិនអាចទទួលយកបាន

ចែករំលែក៖

ភ្នំពេញ៖ លោក Travis Johnson Christian នាយកប្រតិបត្តិអង្គការ People for Care and Learning (PCL) បានសម្ដែងការខកចិត្តចំពោះការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជាថាសកម្មភាពនេះគឺមិនអាចទទួលយកបាន និងថាអង្គការលោកនឹងព្យាយាមបង្ហាញពិភពលោកឱ្យបានដឹងពីរឿងឈ្លានពាននេះផងដែរ។

លើកឡើងក្នុងជំនួបជាមួយប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភាកម្ពុជាលោក កែប ជុតិមា នៅថ្ងៃទី៤ ខែមីនា លោក Travis បានលើកឡើងថាវាជារឿងរំជួលចិត្តជាទីបំផុតដែលមនុស្សរាប់ម៉ឺននាក់បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេដោយសារអំពើឈ្លានពានពីថៃនេះ។

លោកថា៖ «ការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា គឺជារឿងដែលមិនអាចទទួលយកបានឡើយ។ វាជារឿងសោកស្តាយបំផុតដែលថៃបានរំលោភបំពានអធិបតេយ្យកម្ពុជា បង្ខំឱ្យប្រជាជនរាប់ម៉ឺននាក់បោះបង់ចោលផ្ទះសម្បែង និងភូមិឋាន»។ លោកបានបញ្ជាក់បន្ថែមថា លោកនឹងផ្សព្វផ្សាយការពិតនៃរំលោភបំពាននេះទៅកាន់ពិភពលោកឱ្យបានដឹងច្បាស់។

ប្រធានគណៈកម្មាការទី៤ រដ្ឋសភាលោក កែប ជុតិមា បានថ្លែងអំណរគុណចំពោះសមានចិត្តរបស់គណៈប្រតិភូអង្គការ PCL ដែលបានស្វែងយល់ការពិត នៃការរងទុក្ខរបស់ប្រជាជនកម្ពុជាពីការឈ្លានពានរបស់ថៃ។ លោកក៏បានប្រាប់ទៅលោក Travis ផងដែរថា បើទោះបីជាមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ប៉ុន្តែកងទ័ពថៃនៅតែបន្តសកម្មភាពមិនស្មោះត្រង់ តាមរយៈការដាក់ពង្រាយទូកុងតឺន័រ និងលួសបន្លាកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ហួសពីខ្សែបន្ទាត់ព្រំដែនដែលថៃខ្លួនឯងធ្លាប់ទទួលស្គាល់។

លោកបានសង្កត់ធ្ងន់ថា៖ «កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនតាមច្បាប់អន្តរជាតិ និងមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង»។

លោកបានបញ្ជាក់ថាសន្តិភាពនៅតែជាគុណតម្លៃស្នូល ហើយកម្ពុជាអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីបញ្ចប់ភាពស្រពិចស្រពិលនៃខ្សែបន្ទាត់ព្រំដែន។

សូមបញ្ជាក់ថា អង្គការ PCL ជាអង្គការមនុស្សធម៌អន្តរជាតិដែលមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក និងបានបំពេញបេសកកម្មជួយកុមារកំព្រា និងវិស័យអប់រំនៅកម្ពុជាតាំងពីឆ្នាំ២០០០។ ក្រៅពីជំនួបពិភាក្សា គណៈប្រតិភូក៏បានស្វែងយល់ពីរចនាសម្ព័ន្ធ និងតួនាទីស្នូលទាំង៤ របស់រដ្ឋសភា រួមមាន៖ នីតិកម្ម ការតាមដានការអនុវត្តច្បាប់ ភាពជាតំណាង និងការទូតសភា តាមរយៈបទបង្ហាញរបស់មន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ៕

ដោយ៖តារា


ចែករំលែក៖