ព័ត៌មានទាន់ហេតុការណ៍៖

ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លោមលួងស្នេហាឱ្យវិនិយោគ និងការឆបោកទិញសរីរាង្គ ! ឃាត់ខ្លួនជនបរទេសជាង ៨០០នាក់ 

ចែករំលែក៖

ប្រតិបត្តិការចុះបង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសជាង ៨០០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រើល្បិចកលលោមលួងស្នេហាឱ្យវិនិយោគចិនលក់ទំនិញ រួមទាំងការឆបោកទិញសរីរាង្គ។ ការឃាត់ខ្លួនជនសង្ស័យ នៅតាំងឆាយណាបឹងបេង ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ដែលដឹកនាំកម្លាំងចុះបង្ក្រាបបានឲ្យដឹងថា កិច្ចប្រតិបត្តិការបានរកឃើញជនបរទេសសរុប ៨១១នាក់ ក្នុងនោះមានជនជាតិវៀតណាម ៧៧៦នាក់, ចិន៣៤នាក់ , ម៉ាឡេស៊ី១នាក់។ ក្នុងនោះយកទៅស្តាប់ចម្លើយ១៨នាក់ នៅស្នងការដ្ឋាននគរបាលខេត្ត និងរកឃើញភស្តុតាង Online Scams មួយចំនូន។ បន្តនីតិវិធីវីស្តាប់ចម្លើយរកបទល្មើសពាក់ព័ន្ធ រកបទល្មើសសម្អាតប្រាក់ និងពន្លឿននីតិវិធីបណ្តេញចេញ និងបិទស៊ីលទីតាំងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តមបានបញ្ជាក់ថា ល្បិចកលក្រុមជនសង្ស័យបានប្រព្រឹត្តបទល្មើសលោមលួងស្នេហាឱ្យវិនិយោគលើការទិញលក់ទំនិញ ប្រើប្រាស់បណ្តាញសង្គម TikTok, WhatsApp, Zalo, Telegram និងFacebook គោលដៅទៅប្រទេសវៀតណាម។ ក្រុមជនសង្ស័យបានប្រើប្រាស់បណ្តាញសង្គម ផ្សព្វផ្សាយស្វែងរកជនរងគ្រោះប្រាប់ថាត្រូវការទិញសរីរាង្គ ក្រោយពីជនរងគ្រោះបានចាញ់បោកហើយ ជនសង្ស័យបង្ខំអោយធ្វើការនៅទីនេះតែម្តង ដោយប្រើFacebook និងកម្មវិធី Signal៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖