ខេត្តកណ្តាល៖ យុវជនទំនើង២នាក់ ដែលធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលចុះទប់ស្កាត់ និងនាំខ្លួនយកមកអប់រំ កាលពីវេលាម៉ោង ១០និង៤៥នាទីព្រឹក ថ្ងៃទី២០ មីនា ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៥១ ស្ថិតក្នុងភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា យុវជនទាំង ២នាក់ នេះមានទីលំនៅភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺដោយយុវជនទី១ឈ្មោះបូ រ៉ាដា ភេទ ប្រុស, អាយុ ១៧ឆ្នាំនិងទី២ឈ្មោះ បូ រ៉ាឌី ភេទប្រុស អាយុ១៦ ឆ្នាំ។ អ្នកទាំងពីរមានមុខរបរជាកម្មករ និងមិនមានផ្ទុកសារធាតុញៀនក្នុងទឹកនោមនោះទេ។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានចាប់យកវត្ថុតាងម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីមសង់ (C125) ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1MF 6411។
ប្រភពដដែលបានបន្តថា មុនពេលឈានដល់ការនាំខ្លួន កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលដំណាក់អំពិល បានសហការជាមួយកម្លាំងប្រជាការពារភូមិ ចេញល្បាតក្នុងភូមិសាស្រ្ដរបស់ខ្លួន។ លុះពេលកំពុងល្បាត ស្រាប់តែប្រទះឃើញយុវជនទាំង ២នាក់ កំពុងធ្វើសកម្មភាពបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យនៅចំណុចកើតហេតុខាងលើ ទើបកម្លាំងប៉ុស្ដិ៍ និងកម្លាំងប្រជាការពារ បានសហការបន្តជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ ហៅឃាត់យុវជនទាំង ២នាក់ នាំយកទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសួរនាំ និងធ្វើការអប់រំ។
នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង ២នាក់ បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូនៅទីតាំងខាងលើពិតប្រាកដមែន ហើយកន្លងមកពួក គេក៏ធ្លាប់បានធ្វើសកម្មភាពបង្ហោះម៉ូតូបែបនេះចំនួន ២លើក រួចមកហើយដែរ។
ដើម្បីជាការព្រមាន និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ចរាចរណ៍ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានសម្រេចរក្សាទុកយុវជនទាំង ២នាក់ ដើម្បីអប់រំ និងឲ្យធ្វើអនាម័យទូទៅរយៈពេល ៣៦ម៉ោង ព្រមទាំងអញ្ជើញក្រុមគ្រួសារ ឬអាណាព្យាបាលមកធ្វើកិច្ចសន្យាធានា។ ដោយឡែក សម្រាប់វត្ថុតាងម៉ូតូ ១ គ្រឿង ត្រូវបានសមត្ថកិច្ចដកហូតរក្សាទុករយៈពេល ៣ ខែ នៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច