ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនដំណឹងដល់សាធារណជន កម្មករនិយោជិត និង និយោជក ឱ្យបានជ្រាបថា អនុវត្តតាមបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទី ដល់ម៉ោង ១៨:៣០នាទី នៅទីស្តីការក្រសួង ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមាបានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីពិនិត្យលទ្ធភាពសម្រួលបន្ទុកចំណាយសោហ៊ុយធ្វើដំណើរជាលក្ខណៈបណ្តោះ អាសន្នរបស់បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិង កាបូប ក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសកល ដោយសម្រេចបានលទ្ធផលដូចខាងក្រោម៖
១- បានធ្វើបទបង្ហាញស្តីពី “ស្ថានភាពនាំចេញ និងលទ្ធផលរបាយការណ៍អង្កេតរបស់ក្រសួងក បណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការកើនឡើងនៃថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត ដែលបណ្តាលមក ពីវិបត្តិប្រេងឥន្ធនៈជាសកល” សម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានប្រើប្រាស់ក្នុងការពិភាក្សា។
២- តំណាងភាគីកម្មករនិយោជិតបានថ្លែងអំណរគុណ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់វិធានការជាបន្តបន្ទាប់ក្នុងការធានា នូវការចែកចាយនឹងផ្គត់ផ្គង់ប្រេងឥន្ធនៈ និងកាត់បន្ថយពន្ធអាករលើការនាំចូលប្រេងឥន្ធនៈនានា ដើម្បី កាត់បន្ថយតម្លៃលក់រាយប្រេងឥន្ធនៈ សំដៅកាត់បន្ថយចំណាយសោហ៊ុយធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត ក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសកល និងសូមថ្លែងអំណរគុណដល់ ភាគីនិយោជកដែលបានឆ្លើយតបជាវិជ្ជមាននិងជាលក្ខណៈពិសេស និងចូលរួមបន្ថែមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រាលបន្ទុកចំណាយក្នុងកាលៈទេសៈដ៏លំបាកនេះ។
៣- អង្គប្រជុំបានឯកភាពផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ដុល្លារអាម៉េរិក (ពីរដុល្លារ ហាសិបសេនគត់) ក្នុងមួយខែ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ដែលសហគ្រាស ក្រុមហ៊ុន រោងចក្រកំពុងអនុវត្ត រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិល មករកប្រក្រតីភាពវិញ។
៤- តំណាងភាគីកម្មករនិយោជិត ក៏សូមអំពាវនាវឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ឱ្យប្រើប្រាស់មធ្យោបាយ ធ្វើដំណើររួម ឬរថយន្តក្រុង ដែលផ្តល់ដោយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយចំណាយថ្លៃធ្វើដំណើរ ទៅធ្វើការ ឬរស់នៅប្រចាំថ្ងៃរបស់បងប្អូន និងក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន កម្មករនិយោជិត និងនិយោជក មេត្តាជ្រាប និង ចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសកលនេះ ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច