យោងតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានឆ្លើយតបទៅសារព័ត៌មានក្នុងស្រុកថៃមួយចំនួនដែលបានផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការលើកឡើងពីគណៈកម្មាធិការព្រឹទ្ធសភាថៃ ដែលបានស្នើឲ្យពិចារណាលុបកិច្ចព្រមព្រៀង MOU ឆ្នាំ 2000 រវាងកម្ពុជា និងថៃ។ ប្រធានបទនេះបានបង្កឲ្យមានការចាប់អារម្មណ៍ខ្លាំង ពិសេសលើទស្សនៈច្បាប់អន្តរជាតិ និងស្ថិរភាពនយោបាយក្នុងតំបន់។
MOU ឆ្នាំ 2000 ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ គឺជាកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់មួយដែលមានតម្លៃជាប្រវត្តិសាស្ត្រ និងច្បាប់។ គោលបំណងសំខាន់របស់កិច្ចព្រមព្រៀងនេះគឺដើម្បីកំណត់និងវាស់វែងព្រំដែនគោក រក្សាសន្តិភាព និងបង្កើតយន្តការសហការរវាងប្រទេសទាំងពីរ ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី។
ចំពោះសំណួរដែលកំពុងត្រូវបានលើកឡើងថា “តើថៃអាចលុប MOU ឆ្នាំ 2000 ជាឯកតោភាគីបានដែរឬទេ?” ចម្លើយតាមច្បាប់អន្តរជាតិគឺ មិនអាចធ្វើបានទេ លុះត្រាតែមានការព្រមព្រៀងពីភាគីទាំងពីរ ឬមានលក្ខខណ្ឌច្បាស់លាស់ក្នុងកិច្ចព្រមព្រៀងសម្រាប់បញ្ចប់សុពលភាព។ ប៉ុន្តែក្នុងករណី MOU ឆ្នាំ 2000 នេះ មិនបានចែងអំពីកាលបរិច្ឆេទផុតកំណត់ ឬលក្ខខណ្ឌបញ្ចប់ណាមួយជាក់លាក់ឡើយ។
យោងតាមមាត្រា៦២ ចំណុចទី២ នៃអនុសញ្ញាទីក្រុងវីយែន ស្តីពីច្បាប់សន្ធិសញ្ញា Vienna Convention on the Law of Treaties – VCLT ឆ្នាំ 1969 បានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចព្រមព្រៀងអន្តរជាតិមិនអាចត្រូវបានលុប ឬកែប្រែដោយឯកតោភាគីបានឡើយ មានន័យថាកិច្ចព្រមព្រៀងនេះមិនអាចត្រូវបានគេលប់ចោលដោយសំអាងលើច្បាប់ក្នុងប្រទេសរបស់ខ្លួនជាហេតុផលនោះឡើយ។
ដូច្នេះ ទោះបីជាហៅថាជា MOU “Memorandum of Understanding” ក៏ដោយ ប៉ុន្តែដោយសារតែកិច្ចព្រមព្រៀងនេះបានបង្កើតជាកាតព្វកិច្ចក៏ដូចជាចំណងផ្លូវច្បាប់ និងត្រូវបានទទួលស្គាល់ជាអន្តរជាតិនោះ កិច្ចព្រមព្រៀងនេះនឹងមានតម្លៃស្មើនឹងសន្ធិសញ្ញាមួយទៅហើយ។
លើសពីនេះទៅទៀត MOU ឆ្នាំ 2000 នេះក៏ជាគ្រឹះមួយសម្រាប់ការបង្កើតគណៈកម្មការរួម JBC (Joint Boundary Commission) ដែលមានតួនាទីសំខាន់ក្នុងការវាស់វែង និងកំណត់ព្រំដែនជាក់ស្តែង។ ក្នុងអំឡុងពេលកន្លងមក JBC ក៏បានសម្រេចសមិទ្ធផលជាច្រើន ដែលជួយបន្ថយភាពតានតឹង និងបង្កើនការជឿទុកចិត្តរវាងប្រទេសទាំងពីរផងដែរ។
បើពិនិត្យពីមូលដ្ឋានប្រវត្តិសាស្ត្រ ការកំណត់ព្រំដែនកម្ពុជា-ថៃ កិច្ចព្រមព្រៀងនេះមានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៤ -១៩០៧ ដែលត្រូវបានយោងក្នុងសេចក្ដីសម្រេចរបស់តុលាការយុត្តិធ៌មអន្តរជាតិ International Court of Justice – ICJ នៅឆ្នាំ ១៩៦២ ផងដែរ។ ឯកសារទាំងនេះនៅតែមានតម្លៃផ្លូវច្បាប់ និងត្រូវបានប្រើជាមូលដ្ឋានសម្រាប់ការបកស្រាយបញ្ហាព្រំដែនរហូតមកដល់បច្ចុប្បន្ននេះ។
គួរឱ្យកត់សម្គាល់ផងដែរថា សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៤-១៩០៧ គឺជាឯកសារដែលភាគីថៃបានចុះហត្ថលេខា និងទទួលស្គាល់ដោយផ្ទាល់ ហើយត្រូវបានរក្សាទុកនៅប្រទេសបារាំង ព្រមទាំងត្រូវបានយោងក្នុងដំណើរការនីតិវិធីរបស់ International Court of Justice ដែលភាគីថៃធ្លាប់ចាញ់ក្ដីកម្ពុជារួចមកហើយកាលពីឆ្នាំ ១៩៦២។
បន្ថែមពីនេះ ក៏មានសេចក្ដីថ្លែងការណ៍រួមនៅប្រទេសម៉ាឡេស៊ី ដែលភ្ជាប់ជាមួយ MOU ឆ្នាំ ២០០០ និងការអនុវត្តយន្តការ GBC និង JBC ដែលបានចុះហត្ថលេខាដោយ Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងនាយករដ្ឋមន្ត្រីកម្ពុជា–ថៃថែមទៀតផង។ នេះបង្ហាញយ៉ាងច្បាស់ពីការគាំទ្ររបស់សហគមន៍អន្តរជាតិចំពោះអនុស្សរណៈយោគយល់គ្នា ឆ្នាំ ២០០០ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។
ក្នុងករណីដែលមានការលុប MOU ជាឯកតោភាគី វាអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរណាស់ ដោយមិនត្រឹមតែប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ថៃប៉ុណ្ណោះទេ ប៉ុន្តែនឹងបន្តែមភាពតានតឹងនៅតាមតំបន់ព្រំដែនដែលឈានទៅរកការផ្ទុះសង្គ្រាមជាថ្មីថែមទៀត ព្រមទាំងនឹងបាត់បង់ទំនុកចិត្តក្នុងក្របខណ្ឌអាស៊ាន និងប៉ះពាល់ដល់ភាពជឿជាក់របស់ភាគីថៃលើឆាកអន្តរជាតិផងដែរ។ លើសពីនេះ វាអាចនាំឲ្យមានវិវាទផ្លូវច្បាប់នៅតុលាការអន្តរជាតិ ប្រសិនបើភាគីមួយសម្រេចយកបញ្ហាព្រំដែននេះទៅដោះស្រាយតាមផ្លូវច្បាប់។
និយាយជារួម ការលុប MOU ឆ្នាំ២០០០ ដោយយកហេតុផលណាមួយក្នុងការចិញ្ចឹមចិត្តបង្កជម្លោះ ប្រើអំណាចកម្លាំងយោធា វាតទីទឹកដី ឬក្នុងចេតនាប៉ុនប៉ងរំលោភឈ្លានពានអធិបតេយ្យរបស់ប្រទេសជិតខាង គឺមិនត្រឹមតែរំលោភច្បាប់អន្តរជាតិនិងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) ប៉ុណ្ណោះទេ ថែមទាំងបង្កជាឧបសគ្គដល់ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី និងមិនអាចឈានទៅកសាងព្រំដែនមួយដែលធានាបាននូវស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍បានឡើយ។ តម្លៃពិសេសរបស់MOU ឆ្នាំ 2000 គឺមិនមែនជាកិច្ចព្រមព្រៀងធម្មតាទេ ប៉ុន្តែជាគ្រឹះសម្រាប់សន្តិភាព ស្ថិរភាព និងការសហការរវាងកម្ពុជា និងថៃ។ ដូច្នេះ ការគោរព និងបន្តអនុវត្តកិច្ចព្រមព្រៀងនេះ គឺជាប្រយោជន៍រួមសម្រាប់ភាគីទាំងពីរ និងសម្រាប់តំបន់ទាំងមូល។ ការដោះស្រាយបញ្ហាព្រំដែនតាមផ្លូវសន្តិវិធី និងគោរពច្បាប់អន្តរជាតិ
នៅតែជាជម្រើសល្អបំផុតសម្រាប់ការរក្សាសន្តិភាពបានយូរអង្វែងដែលកម្ពុជាប្រាថ្នាចង់បាន៕

ដោយ៖ ពិន វិជ័យ- អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច