ព័ត៌មានទាន់ហេតុការណ៍៖

បុរស​វ័យ​៦៨​ឆ្នាំ​ចូល​បន្ទប់​ម៉ាស្សា​១ម៉ោង​កោស​ជប់​រួច ​បែរជា​គាំងបេះដូង​ស្លាប់

ចែករំលែក៖

ខេត្តបាត់ដំបង ​៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ក្រោយ​ចូល​ម៉ាស្សា និង​កោស​ជប់ បាន​រយៈ​ពេល​១ម៉ោង ដែល​មន្ត្រី​ផ្នែក​បច្ចេកទេស​សង្ស័យ​ «​គាំងបេះដូង​» កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៩ មីនា ស្ថិតនៅ​ចំណុច​ហាង​ម៉ាស្សា​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​អូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ​។

​យោង​តាម​កំណត់ហេតុ​របស់​សមត្ថកិច្ច ជន​រង​គ្រោះ​ឈ្មោះ ថោ​ង ប៉េង ភេទ​ប្រុស​ អាយុ​៦៨​ឆ្នាំ  នៅ​ភូមិ​ខ្វិត ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ​ ។  ជន​រង​គ្រោះ បាន​ស្លាប់​នៅ​លើ​គ្រែ ក្នុង​បន្ទប់​ម៉ាស្សា​ដែល​មាន​យីហោ​​«​អាធា​»ដែល​មាន​ស្លាកស្នាម​កោស​ជប់​ពេញ​ដងខ្លួន ​។ កំណត់ហេតុ​បំភ្លឺ​របស់​ម្ចាស់​ហាង​ម៉ាស្សា ឈ្មោះ ហេង ធា ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ  បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា  ជន​រង​គ្រោះ​បាន​មក​ដល់​ហាង​ម៉ាស្សា​គាត់​នៅ​ម៉ោង​ប្រហែល​៥​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ​មីនា ក្នុង​គោលបំណង​មក​កោសខ្យល់​ ។

ពេល​នោះ​គាត់​ក៏​បាន​នាំ​បុរស​នោះ​ចូល​បន្ទប់ រួច​គាត់​ក៏​ចាប់ផ្ដើម​ជប់​ខ្យល់​និង​កោស​ខ្យ​ស់ ហើយ​ថែម​ទាំង​ម៉ាស្សា​ឲ្យ​ភ្ញៀវ​ទៀត ដោយ​ចំណាយពេល​ជិត​១ម៉ោង​ទើប​រួច ​។ ​អ្នក​ម៉ាស្សា​បាន​បញ្ជាក់​ថាក្រោយ​កោស​ជប់​ហើយស្រាប់តែ​បុរស​នោះ​ងើប​មិន​រួច ថែម​ទាំង​រាគ​នោម​ដាក់​ខោប​ញ្ឍ​រ​ភ្នែក​ទៀត​ ។ ឃើញបែបនេះគាត់​ក៏​ស្រែក ហៅ​ឲ្យ​គេ​ជួយ  តែ​បុរស​នោះបាន​ដាច់​ខ្យល់​ស្លាប់​ភ្លាម​ៗ  និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។

អធិការ​ក្រុង​បាត់ដំបងលោក ពេជ្រ សា​រ៉ែ​ន បាន​ប្រាប់​ថា  នៅ​ក្នុង​សំណុំរឿង​នេះ មន្ត្រី​ជំនាញ​របស់​​លោក​បាន​ត្រួត​ពិនិត្យនិង​បាន​សួរ​បញ្ជាក់ ពី​ម្ចាស់​ហាង​ម៉ាស្សា​ឈ្មោះ ហេង ធា យ៉ាង​លំអិត​និង​ច្បាស់លាស់​អំពី​ការ​ស្លាប់នៃ​ជន​រង​គ្រោះ​ ។

​លោក​បាន​ស្រង់​សម្ដី​ម្ចាស់​ហាង​ម៉ាស្សា​ថា  អ្នក​ម៉ាស្សា​បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា  គាត់​មិន​បាន​ធ្វើ​អ្វី​ទៅ​លើ​ជន​រង​គ្រោះ ក្រៅពី​កោស​ជប់ និង​ម៉ាស្សា​នោះ​ទេ​ ។ ​ជន​រង​គ្រោះ​ហាក់ដូចជា​គាំងបេះដូង  ក្រោយ​ពេល​គាត់​ចំណាយពេល​ប្រហែល​១ម៉ោង ​កោស​ជប់និង​ម៉ាស្សា​ ។

​លោក​អធិការ​បាន​បញ្ជាក់​ថា  ដោយ​យោង​តាម​ការ​ធ្វើ​កោស​វិ​ច្ច័​យ​របស់​មន្ត្រី​បច្ចេកទេស និង​តាម​ការ​បំភ្លឺ​របស់​អ្នក​ម៉ាស្សា​ផ្ទាំ​ល់ ជន​រង​គ្រោះ​អាច​ស្លាប់​ដោយសារ​ «គាំង​បេះ ឬ ខ្យល់គ​» ៕


ចែករំលែក៖