ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីស្រាអែលខឹងបារាំង មិនជួយគាំទ្រសង្រ្គាមអ៉ីរ៉ង់ ដោយប្រកាសឈប់ទិញអាវុធ

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ បានផ្សាយថា អ្នកនាំពាក្យក្រសួងការពារជាតិអ៉ីស្រាអែល បានឱ្យដឹងថា អ៉ីស្រាអែលនឹងបន្ថយការនាំចូលផ្នែកយោធាពីប្រទេសបារាំង មកនៅសូន្យតែម្តង ដើម្បីជាការសងសឹក ចំពោះគោលនយោបាយមួយចំនួនរបស់ទីក្រុងប៉ារីស ដែលខ្លួនមើលឃើញថា គំរាមកំហែងផលប្រយោជន៍របស់អ៉ីស្រាអែល។

អ្នកនាំពាក្យបាននិយាយថា ក្រសួងការពារជាតិអ៉ីស្រាអែល បានសម្រេចចិត្តបន្ថយការទិញសព្វាវុធនិងបរិក្ខារយោធាពីប្រទេសបារាំង មកនៅសូន្យ ហើយបង្វែរថវិកាទាំងនោះ យកទៅទិញពីក្រុមហ៊ុនអ៉ីស្រាអែលផ្ទាល់ ឬពីបណ្តាប្រទេសដែលជាមិត្តវិញ។ យោងតាមរបាយការណ៍ថ្មីចុងក្រោយបង្អស់ របស់សភាបារាំងស្តីពីការនាំចេញផ្នែកយោធា ការទិញអាវុធរបស់អ៉ីស្រាអែលពីក្រុមហ៊ុនការពារជាតិបារាំង មានទំហំសរុប២៦០លានដុល្លារ កាលពីចន្លោះឆ្នាំ២០១៥ និងឆ្នាំ២០២៤ ខណៈទំហំនៃការលក់ជាសកល កាលពីឆ្នាំ២០២៤ គឺជាង២៥ពាន់លានដុល្លារ។

អ្នកនាំពាក្យក្រសួងការពារជាតិអ៉ីស្រាអែល បាននិយាយថា ការសម្រេចចិត្តដូចខាងលើ គឺដើម្បីសងសឹកចំពោះចំណាត់ការមួយចំនួនរបស់រដ្ឋាភិបាលបារាំង ដែលត្រូវបានមើលឃើញថា មានលក្ខណៈគំរាមកំហែងចំពោះអ៉ីស្រាអែល។ ចំណាត់ការទាំងនោះ រួមមានដូចជាការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន, បម្រាមមិនឱ្យក្រុមហ៊ុនអ៉ីស្រាអែល ចូលរួមពិព័រណ៍ការពារជាតិនៅក្នុងប្រទេសបារាំង និងនាពេលថ្មីៗនេះ គឺការហាមឃាត់យន្តហោះអ៉ីស្រាអែល ដែលដឹកគ្រាប់សម្រាប់ប្រើក្នុងសង្រ្គាមប្រឆាំងអ៉ីរ៉ង់ ហោះឆ្លងកាត់ដែនអាកាសបារាំង។

ការិយាល័យប្រធានាធិបតីបារាំង បាននិយាយថា ការសម្រេចចិត្តរបស់ខ្លួន គឺស្របជាមួយគោលនយោបាយបារាំង ចាប់តាំងតែពីសង្រ្គាមផ្ទុះឡើងនៅមជ្ឈិមបូព៌ា។ កាលពីថ្ងៃទី២៨ ខែកុម្ភៈ អ៉ីស្រាអែលបានរួមដៃគ្នាជាមួយសហរដ្ឋអាមេរិក បើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ វាយប្រហារលើប្រទេសអ៉ីរ៉ង់ ជាហេតុរុញច្រានតំបន់មជ្ឈិមបូព៌ាទាំងមូល ឱ្យធ្លាក់ចូលក្នុងភ្លើងជម្លោះ៕


ចែករំលែក៖