ខេត្តកណ្តាល៖ បុរសម្នាក់ដែលជាប្តី និងមានសារធាតុញៀនក្នុងទឹកនោម ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីរូបគេបានប្រើអំពើហិង្សាវាយដំទៅលើប្រពន្ធរបស់ខ្លួនយ៉ាងចាស់ដៃបណ្ដាលឲ្យរងរបួសជាទម្ងន់ដោយសារតែភ្លើងប្រច័ណ្ឌ។ ការឃាត់ខ្លួននេះបានធ្វើ ឡើងនៅថ្ងៃទី៣១ មីនា ២០២៦ នៅចំណុចភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក្រោយ ពីជនបង្កបានធ្វើសកម្មភាពកាលពីយប់ថ្ងៃទី៣០ មីនា។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ បេ គន្ធា អាយុ ៣៩ឆ្នាំ មានសារធាតុញៀនក្នុង ទឹកនោមវិជ្ជមាន រស់នៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង រួមទាំងដកហូតវត្ថុតាងមានកាំបិតខ្វាងផ្លែដែកដងដែកប្រវែង ៦៨សង់ទីម៉ែត្រ ១ដើមនិងដំបង ឈើមែកបែកជា៣ប្រវែង ៤២សង់ទីម៉ែត្រ ១ ដើម។ ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ ផុន ដាវី អាយុ ៣៨ឆ្នាំ រងរបួសយ៉ាងដំណំចំស្មាខាងស្ដាំ ក្បាលជង្គង់ និងខ្នងជើងទាំងសងខាង។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ កាលពីថ្ងៃទី៣០ មីនា ២០២៦ វេលាម៉ោង ១៦ និង៣០នាទី ជនរងគ្រោះ និងជនសង្ស័យបានទៅចូលរួមមង្គលការប្អូនស្រីនៅភូមិក្រាំងឈើនាង ឃុំត្បែង។ លុះដល់ម៉ោង ២២ និង១០នាទី ក្រោយពីជួយរាប់លុយចំណងដៃរួច ជនសង្ស័យបានហៅប្រពន្ធត្រឡប់មកផ្ទះវិញ និងបានចោទប្រកាន់ថានាងមានប្រុសសាហាយ។ ភ្លាមនោះ ទោះបីជាជនរងគ្រោះព្យាយាមពន្យល់ពីភាពស្មោះត្រង់យ៉ាងណាក៏ដោយ ក៏ជនសង្ស័យមិនស្ដាប់ រួចបានស្ទុះទៅច្របាច់ក និងទះកំផ្លៀងនាងតែម្ដង។ ឃើញដូចនោះ កូនស្រីអាយុ ១៤ឆ្នាំ បានចូលមកជួយឃាត់ តែជនបង្កមិនព្រមស្ដាប់ ថែមទាំងគំរាមថាមិនខ្វល់រឿងជាប់គុកនោះឡើយ សុំត្រឹមតែបានវាយប្រពន្ធប៉ុណ្ណោះ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ពេលនោះជនសង្ស័យបានទាញដំបងឈើមកវាយ និងយកកាំបិតខ្វាងមកគំរាមកាប់ ប៉ុន្តែដោយសារជនរងគ្រោះអង្វរ ទើបគេដាក់កាំបិតចុះ រួចបន្តយកដំបងឈើវាយថែមទៀតរហូតរងរបួសជាទម្ងន់។ បន្ទាប់មក ជនរងគ្រោះបានរត់ទៅពឹងម្ដាយក្មេក និងបងថ្លៃឲ្យជួយ និងទូរស័ព្ទហៅប្អូនស្រីឲ្យបញ្ជូនទៅមន្ទីរពេទ្យ រហូតដល់ថ្ងៃទី៣១ មីនា ទើបនាង សម្រេចចិត្តដាក់ពាក្យបណ្ដឹង ដើម្បីឲ្យផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះស្រាវជ្រាវឃាត់ ខ្លួន។
គួររំលឹកផងដែរថា កន្លងមកជនសង្ស័យដែលស្ថិតក្រោមឥទ្ធិពលគ្រឿងញៀនរូបនេះ តែងតែរករឿង និងធ្លាប់វាយប្រពន្ធបណ្ដាលឲ្យបែកឆ្អឹងស្មាខាងឆ្វេងម្ដងរួចមកហើយ ព្រមទាំងឧស្សាហ៍វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះថែមទៀតផង។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច