ខេត្តកណ្តាល ÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ ២០២៦ នេះថា ជារឿងហួសចិត្ត ដែលមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តខំប្រឹង ជួសជុលអំពូលភ្លើងដងគោមបំភ្លឺផ្លូវសារធារណ: ឱ្យភ្លឺឡើងវិញបែតជាមានជនសង្ស័យ ២នាក់បងប្អូន ខំប្រឹងលួចកាត់ខ្សែភ្លើងយកលក់ យកលុយទិញថ្នាំញៀនប្រើប្រាស់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨ និង០០នាទីថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៦ នៅចំណុចស្ពានអាកាស មហាវិថីស៊ីជីងពីង ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅខេត្តកណ្តាល និងត្រូវសមត្ថកិច្ចស្រាវជ្រាវ បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ទាំងពីរនាក់នៅថ្ងៃទី ០១ខែមេសាឆ្នាំ២០២៦ ។
លោកវរសេនីយ៏ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានប្រាប់ឱ្យដឹងថា បុរសជាជនសង្ស័យទាំងពីរនាក់ជាបងប្អូននឹងគ្នា ÷ ១- ឈ្មោះ ថា ប៊ុននី អាយុ២៦ ឆ្នាំ (ជាប្អូន) ,២-ឈ្មោះ ថា វីវ:ជិប អាយុ៣៩ឆ្នាំ (ជាបង) ជនសង្ស័យទាំងពីរនាក់ (វិជ្ជមាននូវសារធាតុញៀន+ ) គ្មានមុខរបរពឹតប្រាកដ និងមានទីលំនៅជាមួយគ្នា ក្នុងភូមិសង្កាត់កើតហេតុ ។
សម្ភារ:បាត់បង់ ÷ ខ្សែភ្លើងជាច្រើនម៉ែត្រ ច្រើនបង្គោល ឆ្កឹះខូចប្រអប់ភ្លើងធ្វើឱ្យអំពូលបំភ្លឺផ្លូវ ដាច់ងងឹតនៅពេលយប់ ប៉ះពាល់ដល់យានយន្តធ្វើដំណើរឆ្លងកាត់ នៅទីនោះ ។
វត្ថុតាងចាប់យកកន្ត្រៃដែកចំនួន០១(របស់ជនសង្ស័យ)
លោកអធិការបន្តទៀតថា នៅវេលាថ្ងៃកើតហេតុ ជន សង្ស័យឈ្មោះ ថា ប៊ុននី (ជាប្អូន) បានធ្វើសកម្មភាពយកកន្ត្រៃដែកកាត់ខ្សែបង្គោលភ្លើងដងគោមបំភ្លឺផ្លូវ ទាំងសង្ខាងស្ពាន ទាំងនៅលើស្ពានអាកាស (ចំណុចកើតហេតុ) ។ ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ធដែលធ្វើដំណើរភ្លាម លោកអធិការក៏បានបញ្ជាកម្លាំងផ្នែកព្រហ្មទណ្ឌក្រុងតាខ្មៅ សហការជាមួយប៉ុស្តិ៍រកាខ្ពស់បានចុះទៅស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ (ជាប្អូន) យកមកសាកសួរនិងកសាងសំណុំរឿងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅបន្តនីតិវិធី។ ហើយបន្តដល់ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៦ កម្លាំងក៏ឃាត់បានជនសង្ស័យម្នាក់ទៀតត្រូវជាបងបង្កើតឈ្មោះ ថា វីវ:ជិប ។
តាមចម្លើយរបស់ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកន្ត្រៃដែក កាត់ខ្សែភ្លើង តាមបង្គោលដងគោមបំភ្លឺផ្លូវ យកទៅលក់បានលុយ ៤.០០០រៀលទៅ ៥.០០០រៀលយកទៅទិញថ្នាំញៀនមកប្រើប្រាស់ ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។
គួរបញ្ជាក់ផងដែរថា ក្រុមបច្ចេកទេសមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល កំពុងមមាញឹកខឹតខំ ស្រាវ ជ្រាវជួសជុល តាមបណ្តាអំពូលភ្លើងដងគោលបំភ្លឺផ្លូវនៅពេលយប់ ដែលមានចំនួន ១២៧ បង្គោលឱ្យបានភ្លឺឡើងវិញ នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដ៏ខ្លីខាងមុខនេះ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច