ព័ត៌មានទាន់ហេតុការណ៍៖

លោក Ding Xuexiang ឧបនាយករដ្ឋមន្ត្រីចិនជួបសន្ទនាជាមួយលោក Gurbankuly Berdymuhammedov មេដឹកនាំជនជាតិនៃតួកម៉េនីស្ថាន

ចែករំលែក៖

អន្តរជាតិ ៖ ថ្ងៃទី ១៥ ខែមេសា នៅទីក្រុងអាសហ្កាបាត លោក Ding Xuexiang ឧបនាយករដ្ឋមន្ត្រីចិនបានជួបសន្ទនាជាមួយលោក Gurbankuly Berdymuhammedov មេដឹកនាំជនជាតិតួកម៉េនីស្ថាន និងជាប្រធានក្រុមប្រឹក្សាប្រជាជនតួកម៉េនីស្ថាន។

លោក Ding Xuexiang បានថ្លែងថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Berdymuhammedov ទំនាក់ទំនងរវាងចិននិងតួកម៉េនីស្ថានទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងប្រកបដោយស្ថិរភាព។ កិច្ចសហប្រតិបត្តិការផ្នែកឧស្ម័នធម្មជាតិជាគំរូនៃការផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះនៃទំនាក់ទំនងចិន-តួកម៉េនីស្ថាន ដែលបានរីកចម្រើនយ៉ាងរលូននិងទទួលបានសមិទ្ធផលជាច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ភាគីទាំងពីរគួរយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះកិច្ចសហប្រតិបត្តិការផ្នែកឧស្ម័នធម្មជាតិ តាមមុំនៃចក្ខុវិស័យជាយុទ្ធសាស្ត្រនិងផលប្រយោជន៍វែងឆ្ងាយ គួរពន្លឿនការកសាងគម្រោងសំខាន់ៗ បន្តពង្រីកទ្រង់ទ្រាយនៃកិច្ចសហប្រតិបត្តិការ ដើម្បីបន្តលើកកម្ពស់ប្រសិទ្ធភាពនិងគុណភាពនៃកិច្ចសហប្រតិបត្តិការថាមពល។ ព្រមជាមួយគ្នានេះ គួរបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលសូឡា ថាមពលវាយោអគ្គិសនី រថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិតជាដើម។

ជាការឆ្លើយតប លោក Gurbankuly Berdymuhammedov បានថ្លែងថា ដំណើរទស្សនកិច្ចរបស់ខ្ញុំនៅចិនកាលពីខែមីនាកន្លងទៅទទួលបានលទ្ធផលជាផ្លែផ្កាជាក់ស្តែង និងបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ល្អ។ ភាគីតួកម៉េនីស្ថានគោរពគោលការណ៍ចិនមួយ មានឆន្ទៈបង្កើនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាមួយភាគីចិន ដើម្បីពង្រីកលំហសហប្រតិបត្តិការថាមពលឱ្យកាន់តែសកម្ម។ ភាគីតួកម៉េនីស្ថានក៏មានឆន្ទៈធ្វើការជាមួយភាគីចិន ដើម្បីគាំពារវិបុលភាព វឌ្ឍនភាពក្នុងតំបន់និងសន្តិភាពនិងស្ថិរភាពនៃពិភពលោក៕

ប្រភព ៖ (CCFR)


ចែករំលែក៖