ភ្នំពេញ៖ កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងកម្ពុជានិងចិនត្រូវបានរៀបចំឡើងនៅថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ កិច្ចសន្ទនានេះត្រូវបានដឹកនាំខាងកម្ពុជាដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក ទៀ សីហា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯខាងភាគីចិនគឺដោយ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និង លោក តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ ។
កិច្ចសន្ទនាលើកដំបូងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃទំនាក់ទំនងកម្ពុជា-ចិន ដែលឆ្លុះបញ្ចាំង ឱ្យឃើញពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការពង្រឹងកិច្ចសម្របសម្រួលជាយុទ្ធសាស្ត្រ និងជំរុញការ កសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំងថា ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុង ជ្រោយកម្ពុជា-ចិន បន្តវិវត្តទៅមុខដោយភាពច្បាស់លាស់ មានទិសដៅ និងប្រកបដោយមហិច្ឆតា ដែល បង្ហាញពីភាពធន់ និងភាពចាស់ទុំកាន់តែខ្លាំងឡើង និងបានបញ្ជាក់សាជាថ្មីនូវ «មិត្តភាពដែកថែប» ដ៏រឹងមាំ រវាងកម្ពុជា និងចិន ដោយផ្អែកលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្ត និងការគាំទ្រឥត ងាករេចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក។ ក្នុងន័យនេះ កម្ពុជាគាំទ្រយ៉ាងមុតមាំចំពោះ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ក៏ដូចជាគំនិតផ្តួចផ្តើមសកលទាំងបួន ដែលបានដាក់ចេញដោយលោក ប្រធានាធិបតី ស៊ី ជីនពីង ស្តីពីការអភិវឌ្ឍ សន្តិសុខ អរិយធម៌និងអភិបាលកិច្ច។
កិច្ចសន្ទនានេះបានឆ្លុះបញ្ចាំងពីទស្សនៈរួមរវាងប្រទេសទាំងពីរ លើបញ្ហានយោបាយ សន្តិសុខ សេដ្ឋកិច្ច ព្រមទាំងលើបញ្ហាតំបន់ និងអន្តរជាតិ។ ក្នុងន័យនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សា ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ការពង្រឹងទំនាក់ទំនងរវាងស្ថាប័ន និងការលើកកម្ពស់ការសម្របសម្រួលក្នុងចំណោមក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាពគ្នាថា យន្តការ «២+២» នេះ នឹងដើរតួនាទីជាវេទិកាដ៏សំខាន់មួយ ក្នុងការ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ បង្កើនការសម្របសម្រួលគោលនយោបាយ និងរួមគ្នា ឆ្លើយតប ចំពោះបញ្ហាប្រឈមដែលកំពុងកើតមានឡើង ទាំងក្នុងប្រទេសរៀងៗខ្លួន ទាំងក្នុងតំបន់និងសកល លោក។ ភាគីទាំងពីរក៏បានឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដោយមានការចូលរួមពីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់និងអន្តរជាតិ។
សម្រាប់ពេលអនាគត កម្ពុជា និងចិនបានឯកភាពគ្នាធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហ- ប្រតិបត្តិការជាក់ស្តែង ទាំងក្នុងវិស័យជាប្រពៃណី និងវិស័យថ្មីៗដែលមានសក្តានុពល រួមមាន បរិវត្តកម្ម ឌីជីថល ការអភិវឌ្ឍបៃតង សេដ្ឋកិច្ចពណ៌ខៀវ ការតភ្ជាប់ ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់ កិច្ចសហ ប្រតិបត្តិការហិរញ្ញវត្ថុ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ ក្នុងបរិបទនេះ ភាគីទាំងពីរបានបញ្ជាក់ សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសំខាន់ៗ រួមមានក្របខ័ណ្ឌ កិច្ចសហ ប្រតិបត្តិការត្បូងពេជ្រ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ ដែលនឹងបន្ត ជំរុញឱ្យមានលទ្ធផលជាក់ស្តែង និងមានផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការតាំងចិត្តរួមគ្នា ក្នុងការជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ដែលមិនត្រឹមតែរួមចំណែកដល់វិបុលភាពនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោកផងដែរ៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច