ព័ត៌មានទាន់ហេតុការណ៍៖

គោលនយោបាយជាតិ ស្តីពីសកម្មភាពមីន ត្រូវបានអនុម័តដោយអង្គគណៈរដ្ឋមន្រ្តី

ចែករំលែក៖

ភ្នំពេញ៖ លោក បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។
ក្នុងកិច្ចប្រជុំនាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោកទេសរដ្ឋមន្រ្តី លី ធុជ បានធ្វើកំណត់មូលហេតុសង្ខេប ដើម្បីឆ្លងសេចក្តីព្រាង គោលនយោ បាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ដើម្បីសុំការគាំទ្រ និងអនុម័តពីអង្គគណៈរដ្ឋមន្រ្តី។ គោលនយោបាយជាតិ ធ្វើឡើងក្នុងគោលបំណងបន្តបេសកកម្មមនុស្សធម៌និងបញ្ជាក់ ជាថ្មីនូវកាតព្វកិច្ច និងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបានចក្ខុវិស័យ “ប្រទេសកម្ពុជា រួចផុតពីផលប៉ះពាល់នៃយុទ្ធភណ្ឌគ្រឿងផ្ទុះ ធ្វើឱ្យជីវភាពរស់នៅប្រកបដោយចីរភាព ជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ហើយមិនមានជនរងគ្រោះដោយសារមីនណាម្នាក់ នឹងត្រូវបានទុកចោលឡើយ”។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានអរគុណចំពោះសម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យដាក់បញ្ចូល សេចក្តីព្រាងគោលនយោ បាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា សេចក្តីព្រាងគោលនយោបាយជាតិ ត្រូវបានរៀបចំឡើងបន្តពី “ផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥” ដោយបានពិនិត្យនិងបញ្ចូលនូវអាទិភាព នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ (គោលដៅទី១៨) និងផែនការសកម្មភាពសៀមរាប-អង្គរ ២០២៥-២០២៩ នៃអនុសញ្ញាអូតាវ៉ា។
គោលនយោបាយជាតិ បានតម្រង់ចក្ខុវិស័យយ៉ាងមុតស្រួច ដោយឈរលើការគិតគូរគ្រប់ជ្រុងជ្រោយ ក្នុងគោលដៅបញ្ចប់ការបោសសម្អាតតំបន់ដែលដឹងថាមានមីននិងគ្រាប់បែកចង្កោម កាត់បន្ថយតំបន់សំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងទៀត និងគាំទ្រកិច្ចសង្រ្គោះជនរងគ្រោះ ប្រកបដោយចីរភាព និងបរិយាបន្ន។ គោលនយោបាយជាតិ ក៏បានដាក់ចេញនូវគោលដៅចំនួន៦ និងយុទ្ធសាស្ត្រចំនួន៣០ដើម្បីគាំទ្រក្នុងការសម្រេចបាននូវគោលដៅទាំង៦ និងការរៀបចំផែនការសកម្មភាពសំខាន់ៗចំនួន ០៥ ផងដែរ។
ជាមួយគ្នានេះ គោលនយោបាយជាតិ នឹងក្លាយជាផែនទីបង្ហាញផ្លូវ និងកំពុងឆ្លើយតបទៅនឹងការវិវត្តនៃវិស័យសកម្ម ភាពមីននាពេលបច្ចុប្បន្ននិងអនាគត និងចូលរួមដោះស្រាយបញ្ហាចម្បងដែលមានដូចជា៖ ការប្រែប្រួលនៃការគាំទ្រថវិកាពីសហគមន៍អន្តរជាតិ ការកាត់បន្ថយកងកម្លាំងបោសសម្អាតមីន ការគ្រប់បគ្រងនិងដោះស្រាយសំណល់យុទ្ធភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់ក្រោយបញ្ចប់ការបោសសម្អាត និងការកែសម្រួលរចនាសម្ព័ន្ធវិស័យសកម្មភាពមីន ជាដើម។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា ការរៀបចំគោលនយោបាយជាតិនេះ បានឆ្លុះបញ្ចាំងអំពីដំណើររបស់កម្ពុជា ដែលបានឆ្លងកាត់ដ៏សែនវែងឆ្ងាយពីសង្គ្រាម ឆ្ពោះទៅសម្រេចបាននូវសន្តិភាព ដែលក្នុងនោះ “កម្មវិធីសកម្ម ភាពមីន” បានប្រែក្លាយផ្ទៃដីរងការគំរាមកំហែងដោយសារមីន ទៅជាគ្រាប់ពូជនៃក្តីសង្ឃឹម ដែលចាត់ទុកជា “ការប្រែក្លាយដីមីន ទៅជាដីមាស”។ រយៈពេលជាង ៣០ឆ្នាំមកនេះ កម្ពុជា បានបោសសម្អាតផ្ទៃដីរងការគំរាមដោយ សារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ប្រមាណជាង ៣ ៥០០ គីឡូម៉ែត្រការ៉េ ដោយបានរកឃើញ និងបំផ្លាញចោលមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមដទៃទៀត ជាង ៤ លានគ្រាប់។ សមិទ្ធផលខាងលើ មិនបានកើតឡើងដោយឯកឯងនោះទេ វាកើតចេញពីគុណតម្លៃនៃសន្តិភាព ពីកិច្ចខិតខំប្រឹងប្រែង និងការដាក់ចេញនូវគោលនយោបាយច្បាស់លាស់ក្នុងដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា។
ទោះបីជាមានវឌ្ឍនភាពជាប្រវត្តិសាស្រ្តនេះក្តី បេសកកម្មផ្តល់ដីសុវត្ថិភាព និងកសាងស្នាមញញឹម នៅមិនទាន់បញ្ចប់នៅឡើយ ដោយផ្ទៃដីប្រមាណជាង ១ ៧០០ គីឡូម៉ែត្រការ៉េ បន្តរងការគំរាមកំហែងដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងនោះផ្ទៃដីមានមីនចំនួន ៥៥៧ គីឡូម៉ែត្រការ៉េ គ្រាប់បែកចង្កោមចំនួន ៦៦៣គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងទៀតចំនួន ៥២៩គីឡូម៉ែត្រការ៉េ ហើយប្រជាជនជាងមួយលាននាក់នៅតែបន្តរស់នៅក្នុងឬនៅជិតតំបន់ដែលមានការគំរាមកំហែងទាំងនោះ។
លោកទេសរដ្ឋមន្រ្តី លី ធុជ ក៏បានសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅ គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បិតាសន្តិភាព ដែលបានយកអាយុជីវិតជាដើមទុនរំដោះជាតិមាតុភូមិ និងបានប្រែក្លាយប្រទេសពីផេះនៃសង្រ្គាម ពីរបបប្រល័យពូជសាសន៍ ពីភាពអត់ឃ្លានទុរភិក្ស ពីប្រទេសអសន្តិសុខស្បៀង ពីភាពក្រីក្រ និងពីការបែកបាក់គ្រួសារខ្មែរ ឲ្យក្លាយជាប្រទេសមានសន្តិភាព ស្ថិរភាព សាមគ្គីភាព ឯកភាពជាតិ មានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ។ សម្តេចតេជោ បានដឹកនាំប្រទេសជាតិ ក្នុងការបំលែងដីដែលធ្លាប់ពោរពេញដោយគ្រាប់មីន និងគ្រោះថ្នាក់ ទៅជាដីនៃក្តីសង្ឃឹម ដីនៃ សេចក្តីថ្លៃថ្នូរ និងឱកាសសម្រាប់ប្រជាជនកម្ពុជា ព្រមទាំងបានស្ថាបនាគ្រឹះយ៉ាងរឹងមាំសម្រាប់អ្នកជំនាន់ក្រោយ។

តំណាងឱ្យប្រជាជនកម្ពុជាលោកទេសរដ្ឋមន្រ្តី លី ធុជ បានអរគុណចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានបន្តស្នាដៃជាប្រវត្តិសាស្រ្តពី សម្តេចតេជោ ក្នុងការដឹកនាំប្រទេសជាតិ ឱ្យបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ឱ្យកាន់តែខ្ពង់ខ្ពស់ឧត្តុង្គឧត្តម។ សម្តេចធិបតី បានផ្តល់នូវការយកចិត្តទុកដាក់ខ្ពស់ និងការគាំទ្រយ៉ាងមុះមុត ចំពោះវិស័យសកម្មភាពមីន ក្នុងគោលដៅការពារជីវិត និងសេចក្តីថ្លៃថ្នូររបស់ប្រជា ពលរដ្ឋ និងចូលរួមការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ៕

ដោយ៖សំរិត


ចែករំលែក៖