ព័ត៌មានទាន់ហេតុការណ៍៖

កម្មករចំណាស់ម្នាក់ធ្វើការនៅកន្លែងចិញ្ចឹមត្រីធ្លាក់ចូលម៉ាស៊ីនកិនចំណីបណ្ដាលឲ្យកិនដាច់ក្បាល

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ជាកម្មករស៊ីឈ្នួលនៅស្រះចិញ្ចឹមត្រីមួយកន្លែងក្នុងភូមិព្រែកក្តាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល បានជួបឧបទ្ទវហេតុធ្លាក់ចូលម៉ាស៊ីនកិនចំណីត្រីបណ្ដាលឲ្យដាច់ក្បាលចេញពីខ្លួន គួរឲ្យអាសូរនិងព្រឺស្ញើបណាស់។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២៦។

លោកវរសេនីយ៍ឯក ដូង តេង អធិការនគរបាលស្រុកពញាឮ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ក្រឹម ឡូត អាយុ៥០ឆ្នាំ មុខរបរកម្មករ។

លោកអធិការបន្តថា នៅថ្ងៃកើតហេតុជនរងគ្រោះ ក្រឹម ឡូត និងកម្មករផ្សេងទៀតបាននាំគ្នាលាយចំណីត្រីដាក់ក្នុងម៉ាស៊ីនកិននុយ ក្រោមរោងដែកដាក់ចំណីត្រី។ ពេលកម្មករផ្សេងទៀតបាននាំយករទេះដែកត្រង់នុយចំណីត្រីចេញពី ទុយយោដែកចេញម៉ាស៊ីនុយ ដាក់តាមកញ្ចូសស្រះត្រី ពេលកំពុងធ្វើការឈ្មោះក្រឹម ឡូត ជាអ្នកកាន់ម៉ាស៊ីនកិននុយត្រី បានយកស្លាបព្រាដែកឱនខ្លួនលូកចូលទៅកៀរអាចម៍នុយឱ្យធ្លាក់ចូលខ្ទះ។ ក្នុងពេលម៉ាស៊ីនកាំបិតកូនុយ កំពុងដំណើរការបណ្តាលឱ្យកាំបិតកូនុយប៉ះនឹងក្បាលរបស់ឈ្មោះ ក្រឹម ឡូត ដាច់ក្បាលចេញពីខ្លួនចូលទៅក្នុងម៉ាស៊ីនកិននុយត្រី។

ឃើញដូច្នេះកម្មករបាននាំគ្នាទៅជួយលើកសពរបស់ឈ្មោះ ក្រឹម ឡូត ចេញពីម៉ាស៊ីនកិននុយត្រី និងទូរស័ព្ទប្រាប់ម្ចាស់ស្រះចិញ្ចឹមត្រីឈ្មោះ ឌឹម កែវឡាយ តែម្តង។ ក្រោយមកបានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកោះចិន។

សពត្រូវបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


ចែករំលែក៖