ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាអនុប្រធានទី១ នៃសមាជិកអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា។
នេះគឺជាព្រឹត្តិការណ៍ជាតិដ៏មានសារៈសំខាន់ក្នុងស្មារតីផ្សារភ្ជាប់ជាមួយប្រជាជនកម្ពុជាគ្រប់រូប ឱ្យចងចាំនូវគុណូបក្ការៈដ៏ឧត្តុង្គឧត្តម និងពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃ បានរបស់យុទ្ធជន យុទ្ធនារី មន្ត្រីរាជការ និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ជាពិសេសលោកតា លោកយាយ អ៊ំ ពូ មីង និងបងប្អូនអតីតយុទ្ធជន និងនិវត្តជនដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុ ជីវិត ព្រមទាំងបញ្ញា ស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ន។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្ដេចធិបតី បានថ្លែងបង្ហាញការកោតសរសើរចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានធ្វើការយ៉ាងសកម្មលើការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែងសម្រាប់ផ្ដល់ជូនអតីតយុទ្ធជន និងនិវត្តជននៅតាមបណ្ដាខេត្តទាំងអស់។
– សម្ដេចធិបតី៖ សរសើរដល់សមាគមអតីតយុទ្ធជន និងក្រុមជាងដែលខិតខំសាងសង់ផ្ទះបណ្ដោះអាសន្នដល់បងប្អូនប្រជាពលភៀសសឹកប្រើពេលត្រឹមពីរខែ អាចសាងសង់បានជាង ២ពាន់ខ្នង។ ប៉ុន្ដែផ្ទះ២ពាន់ខ្នងនេះបើមានសង្គ្រាមគេប្រើយន្តហោះទម្លាក់គ្រាប់តែមួយភ្លែតគឺខ្ទេចខ្ទីអស់ហើយ។
– សម្ដេចធិបតី ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសដែលបានរួបរួមសាមគ្គីគ្នាគាំទ្រជួយដល់ជនភៀសសឹក និងវីរៈកងទ័ពជួរមុខក្នុងកាលៈទេសៈកម្ពុជាទទួលរងការឈ្លានពានពីប្រទេសថៃ។ សម្ដេចអំពាវនាវដល់ពលរដ្ឋសូមបន្តស្មារតីសាមគ្គីភាពនេះ កុំមានត្រឹមរយៈពេលខ្លីដូចភ្លើងចំបើង។
– សម្ដេចធិបតី៖ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុតដល់បងប្អូនអតីត យុទ្ធជន និវត្តជន និងប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងលើកតម្កើងវីរភាពដ៏អង់អាចក្លាហាន និងគុណបំណាច់ដ៏ធំធេង របស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។
– សម្ដេចធិបតី៖ ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋយើងនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្របានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជន។
– សម្ដេចធិបតី៖ សង្គ្រាមដែលបង្កឡើងដោយជនក្បត់ជាតិឃុបឃិតជាមួយបរទេសបានបណ្តាលឱ្យមានវិនាសកម្ម និងបង្កើតឱ្យមានរបបប្រល័យពូជសាសន៍ ប៉ុលពត ព្រមទាំងបានបំផ្លិចបំផ្លាញសង្គម សេដ្ឋកិច្ចឱ្យខ្ទេចខ្ទីដល់ឫសគល់ ថែមទាំងបានបន្សល់ទុកនូវអតីតយុទ្ធជនដែលជាជនពិការ និវត្តជន ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជន ពលីមរណៈជាច្រើន។
– សម្ដេចធិបតី៖ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគោលនយោបាយនានា ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលជាអតីតមន្ត្រីរាជការស៊ីវិលឱ្យបានល្អប្រសើរជាបន្តបន្ទាប់។
– សម្ដេចធិបតី បញ្ជាឱ្យក្រុមការងាររៀបចំឆ្លាក់ទិដ្ឋភាពសំខាន់ៗចំនួនបីនៅវិមានឈ្នះឈ្នះ បណ្ដាលមកពីការឈ្លានពានរបស់ថៃមកលើកម្ពុជា ក្នុងនោះទី១ ឆ្លាក់អំពីការឈឺចាប់នៃសង្គ្រាមឈ្លានពាន ដូចជារូបជនភៀសសឹកជាដើម, ទី២ ទិដ្ឋភាពនៃវីរភាពរបស់វីរកងទ័ព វីរនគរបាល និងទី៣ ទិដ្ឋភាពនៃកម្លាំងសាមគ្គីភាពនៃមហាគ្រួសារខ្មែរទូទាំងពិភពលោក ដើម្បីទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្រ្ដរបស់កម្ពុជា។
– សម្ដេចធិបតី បញ្ជាឱ្យសាងសង់ស្ដូបរម្លឹកដល់វីរយុទ្ធជនដែលបានពលី ច្បាំងការពារទឹកដីក្នុងពេលថៃឈ្លានពាន ដើម្បីរម្លឹកជាប្រចាំដល់ដល់កូនចៅជំនាន់ក្រោយ។
– សម្ដេចធិបតី បញ្ជាឱ្យសិក្សារៀបចំមេដាយពិសេសសម្រាប់ជូនដល់វីរកងទ័ពវីរនគរបាល ដែលបានចូលរួមក្នុងប្រតិបត្តិការការពារទឹកដីពីថៃឈ្លានពានក្នុងឆ្នាំ២០២៥ផងដែរ។
– សម្ដេចធិបតី ថ្លែងបញ្ជាក់ជាថ្មីថា ទោះបីជាមានសង្ឃឹមត្រឹម ១ភាគរយ ក្នុងការដោះស្រាយបញ្ហាជាមួយថៃដោយសន្ដិវិធី ក៏សម្ដេចត្រូវតែយកយន្តការនេះធ្វើការដោះស្រាយដែរ ជាជាងធ្វើសង្គ្រាមច្បាំងដែលបណ្ដាលឱ្យមានអ្នកស្លាប់ របួស និងខ្ទេចខ្ទីអស់ហេរដ្ឋារចនាសម្ព័ន្ធ។
-សម្ដេចធិបតី ថ្លែងអំពាវនាវដល់ពលរដ្ឋបន្តចូលរួមគាំទ្រ ឧបត្ថម្ភដល់ពលរដ្ឋភៀសសឹក និងកងទ័ពជួរមុខ។ សូមកុំភ្លេចបងប្អូនយើងនៅខាងមុខ! ខឿនការពារជាតិត្រូវបន្ត កុំឈប់ របស់របរ, ស្បៀងគឺជាចំណុចមួយ ហើយកម្លាំងសាមគ្គីភាពនេះ គឺជាការលើកទឹកចិត្តនៅក្នុងការចូលរួមការពារជាតិរបស់យើង។
– សម្ដេចធិបតី៖ ការកែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងការពារជាតិ ចុងក្រោយ គឺបង្រួមក្បាល ពង្រីកខ្លួន។
– សម្ដេចធិបតី៖ «អ្នកខ្លះថា ម៉េចប្ដូរអ្នកថ្មី ដាក់អ្នកចាស់, ខ្ញុំថា អត់ខ្វល់ទេ សំខាន់ធានាដល់ការការពារជាតិ និងបូរណភាពទឹកដីកម្ពុជា ក្នុងដំណាក់កាលដែលជាតិត្រូវការ យើងត្រូវជ្រើសរើសធនធានដ៏ល្អបំផុត ដើម្បីការពារជាតិ»។
– សម្ដេចធិបតី៖ ការអនុវត្តកាតព្វកិច្ចយោធា ចំណេញធំបំផុត គឺការបណ្ដុះនៅគំនិតស្នេហាជាតិដល់យុវជនខ្មែ, ខណៈក្រោយពេលហ្វឹកហាត់ ២៤ខែយុវជននឹងមានស្មារតី គំនិតស្នេហាជាតិ។ សូមកុំមើលឃើញថា ជាប់កាតព្វកិច្ចយោធាថាជាបន្ទុក ប៉ុន្ដែត្រូវចាត់ទុកថាគឺជាមោទនភាពជាតិ និងជាឱកាសក្នុងនាមយើងជាកូនប្រុសម្នាក់បានចូលរួមការពារជាតិមាតុភូមិ។
– សម្ដេចធិបតី៖ រាជរដ្ឋាភិបាលក៏កំពុងធ្វើការកែទម្រង់វិស័យការពារជាតិដោយពង្រឹងទៅលើប្រព័ន្ធអភិបាលកិច្ចនិងជំរុញការបើកបៀវត្សយោធិនទាំងអស់តាមប្រព័ន្ធធនាគារ។
នាឱកាសនោះដែរ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានបញ្ជាក់ថា ការប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នាឱកាសនេះ គឺជាព្រឹត្តិការណ៍ជាតិមួយ ដែលធ្វើឱ្យប្រជាជនកម្ពុជាគ្រប់រូបចងចាំនូវគុណូបក្ការៈដ៏ឧត្តុង្គឧត្តម និងពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃ បានរបស់យុទ្ធជន យុទ្ធនារី មន្ត្រីរាជការ និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ជាពិសេសលោកតា លោកយាយ អ៊ំ ពូ មីង និងបងប្អូនអតីតយុទ្ធជន និងនិវត្តជនដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុ ជីវិត ព្រមទាំងបញ្ញា ស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរហូតមក ដល់បច្ចុប្បន្ននេះ។
– រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច៖ កម្ពុជាបានឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ ហើយបន្សល់ទុកនូវផលវិបាកជាច្រើន ដែលមិនអាចគណនាបាន។ ជ័យជម្នះជាប្រវត្តិសាស្ត្រថ្ងៃ៧មករា ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិ និងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឱ្យចាកផុតពីគ្រោះមហន្តរាយ និងបានស្តារ កសាង អភិវឌ្ឍ មាតុភូមិកម្ពុជា ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ដូចសព្វថ្ងៃ។ ជ័យជម្នះនេះ ពិតជាមានការរួមចំណែកដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលយើងទាំងអស់គ្នាតែងចងចាំជានិច្ចនូវគុណបំណាច់ដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ។
– រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនអតីត យុទ្ធជន និងនិវត្តជនដោយបានដាក់ឱ្យអនុវត្តគោលនយោបាយជាតិចំពោះអតីតយុទ្ធជន និងនិវត្តជន ដែលបង្ហាញឱ្យឃើញនូវការគោរពដឹងគុណចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តជន។
– រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច៖ បច្ចុប្បន្នអតីតយុទ្ធជន និងនិវត្តជន មានចំនួនសរុប ១៧៧,២៨១នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកសរុបចំនួន ១៧៧,៨៧៧នាក់ ដែលកំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ ក្នុងនោះមានអតីតយុទ្ធជនចំនួន ១១៩,៣២៦នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៦២,៣៩៨នាក់ និងអតីតមន្ត្រីរាជការស៊ីវិលចំនួន ៥៧,៩៥៥នាក់ ព្រមទាំងអ្នកក្នុងបន្ទុកចំនួន ១៥,៤៧៩នាក់។
– រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច៖ មកដល់បច្ចុប្បន្ន បងប្អូនអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិលទទួល បានរបបសន្តិសុខសង្គមទាបបំផុតចំនួន ៨៤៥,០០០រៀល ព្រមទាំងដំឡើងប្រាក់វិភាជន៍គ្រួសារជាបន្ត បន្ទាប់ផងដែរ។ លើសពីនេះក្រសួងសង្គមកិច្ចបានបង្កលក្ខណៈងាយស្រួលដល់បងប្អូនអតីតយុទ្ធជន នឹងអតីតមន្ត្រី រាជការស៊ីវិល តាមរយៈការផ្តល់កាតអេធីអឹម (ATM) សម្រួលដល់ការបើកផ្តល់របបសន្តិសុខសង្គមប្រចាំខែ ស្របតាមសម័យកាលបរិវត្តកម្មឌីជីថល។
ដោយឡែកលោកទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា ឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេងរបស់វីរអតីតយុទ្ធជនសម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី និងលោកជំទាវបណ្ឌិត រួមជាមួយក្រសួង ស្ថាប័ន សប្បុរស ជននានា បានសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារជនពលី ជនមរណៈ គិតត្រឹមឆ្នាំ២០២៥ បានចំនួនប្រមាណ ៧,៥០០ ខ្នងផ្ទះ រួមទាំងការផ្តល់ដីសម្រាប់បង្កបង្កើនផល សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការរៀបចំជាភូមិជូនបងប្អូនអតីតយុទ្ធជនក្រីក្រ ដែលស្ម័គ្រចិត្តទៅរស់នៅលើសម្បទានដីសង្គមកិច្ច។
ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធានានឹងដោះស្រាយបញ្ហាដី និងផ្ទះសម្រាប់ផ្តល់ជូនបងប្អូនអតីតយុទ្ធជន និវត្តជនក្រីក្រីដែលអត់ដី អត់ផ្ទះ និងរស់នៅលើដីសាធារណៈឱ្យអស់ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ហើយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីនឹងខិតខំរកមូលនិធិដើម្បីជួយដល់អតីតយុទ្ធជន និងនិវត្តជនបន្តទៀត។
ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ទៀតថា បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលមិនទាន់អាចទៅផ្ទះសម្បែងវិញបានដោយសារថៃឈ្លានទទួលបានភាពកក់ក្ដៅ និងសប្បាយចិត្ត ក្រោយរាជរដ្ឋាភិបាលបានផ្ដល់ផ្ទះបណ្ដោះអាន្នដល់ដល់ពួកគាត់បានស្នាក់នៅ ដែលបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង បានគ្រប់គ្រាន់។
សូមជម្រាបជូនថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថ្ងៃទី១២ ខែឧសភា គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុត ដែលបងប្អូនអតីតយុទ្ធជន និវត្តជន និងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ អនុលោមតាមស្មារតីនៃអនុក្រឹត្យលេខ១៤៥ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ស្តីពីទិវា អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងគោលបំណងលើកតម្កើងវីរភាពដ៏អង់អាចក្លាហាន និងគុណបំណាច់ដ៏ធំធេង របស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច