ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍មកសមត្ថកិច្ច បន្ទាប់ពីបុរស២នាក់ នាំគ្នាបង់សំណាញ់យកត្រី និងអង្គុយផឹកស្រាលេង ចៃដន្យលង់ទឹកព្រែក ស្ពានបាក្រុង ស្លាប់ម្នាក់នៅស្រុកស្វាយជ្រំ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសដែលលង់ទឹកស្លាប់មានឈ្មោះ
ងួន វិចិត្រ អាយុ ២៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិអញ្ចញ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលបញ្ជាក់ទៀតថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៣រសៀល កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលធ្លក បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីមនុស្សលង់ទឹកស្លាប់នៅចំណុចទឹកព្រែក ស្ពានបាក្រុង ស្ថិតនៅភូមិសំដី ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ក្រោយពីបានទទួលព័ត៌មានរួមមក លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយចេក ស្រុករំដួល ក្រុមគ្រូពេទ្យ និងអាជ្ញាធរពាក់ព័ន្ធ បានពិនិត្យ និងធ្វើកោសល្យវិច័យលើ សាកសពឈ្មោះ ងួន វិចិត្រ ។
យោងតាមស្ដាប់ការបំភ្លឺពីសាក្សីនៅជុំវិញកន្លែងកើតហេតុ បានឆ្លើយបំភ្លឺថាមុនពេលកើតហេតុ ពួកខ្លួនចំនួន ០២នាក់ បាននាំគ្នាមករកបង់សំណាញ់ត្រី និងអង្គុយផឹកស្រាលេង រហូតដល់ម៉ោង ១៥:១៥នាទី បានចុះហែលទឹក រួចឡើងលើគោក ចំពោះជនរងគ្រោះ បានលង់ទឹកស្លាប់នៅក្នុងទឹកព្រែក បន្ទាប់មកឪពុកម្តាយ បងប្អូនបាននាំគ្នាយកមង អូស និងចុះរាវរហូតដល់ម៉ោង៩និង២នាទីយប់ ទើបរកឃើញសាកសព។
ក្រោយពីធ្វើកោសល្យវិច័យ សមត្ថកិច្ច និងក្រុមគ្រូពេទ្យ សន្និដ្ឋានថាសាកសព ពិតជាស្លាប់ដោយសារ លង់ទឹកពិតប្រាកដមែន។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាល បានប្រគល់សាកសព ជូនក្រុមគ្រួសារ ដើម្បីយកធ្វើទៅបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច