ព័ត៌មានទាន់ហេតុការណ៍៖

តើកម្ពុជាបានឆ្លងកាត់ឧបសគ្គអ្វីខ្លះ ទម្រាំសម្រេចបាននូវការឯកភាពជាតិទាំងស្រុង?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានថ្លែងថា ក្រោយថ្ងៃរំដោះ ៧មករា កម្ពុជាប្រឈមនឹងឧបសគ្គលំបាកជាច្រើនឥតគណនាដែលជាផលវិបាកនៃសង្គ្រាម និងការទប់ស្កាត់វិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ នៅក្នុងដំណាក់កាលនោះរដ្ឋដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺដៃម្ខាងគិតខំស្តារសេដ្ឋកិច្ចសង្គម និងជីវភាពរបស់ប្រជាជនឡើងវិញពីបាតដៃទទេ និងដៃម្ខាងទៀត ត្រូវប្រយុទ្ធទប់ស្កាត់មិនឱ្យរបបប៉ុល ពត វិលត្រឡប់មកវិញ នៅក្នុងស្ថានភាពដែលប្រទេសជាតិត្រូវបានហ៊ុំព័ទ្ធសេដ្ឋកិច្ច និងនយោបាយពីខាងក្រៅយ៉ាងអយុត្តិធម៌។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ដោយសារសង្គ្រាម មិនមែនជាដំណោះស្រាយដ៏ប្រសើរនាំមកនូវសន្តិភាព និងការអភិវឌ្ឍ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកមគ្គុទេសឯក និងជាប្រតិបត្តិករនយោបាយបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះនៅឆ្នាំ១៩៩៨ ដែលធ្វើឱ្យទឹកដីកម្ពុជាឯកភាពទាំងស្រុង គ្រប់កម្លាំងប្រដាប់អាវុធ និងអតីតយុទ្ធជន ព្រមទាំងគ្រប់ភាគីទាំងអស់នៅក្នុងជម្លោះបានធ្វើសមាហរណកម្ម មកក្រោមដំបូលនៃរាជរដ្ឋាភិបាលកម្ពុជាតែមួយ។

នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា សុខសន្តិភាព និងស្ថិរភាពនយោបាយដែលគ្របដណ្តប់លើផ្ទៃប្រទេសទាំងមូលដែលមានរយៈពេលជាង៤០ឆ្នាំមកនេះ បានបង្កលក្ខណៈសម្បត្តិសំខាន់បំផុតសម្រាប់បន្តការអភិវឌ្ឍលើគ្រប់វិស័យ និងបង្កើតសមិទ្ធផលជាច្រើននៅទូរទាំងប្រទេសដូចសព្វថ្ងៃ ជាពិសេសការកាន់តែអនុគ្រោះដល់ការគិតគូរ ការតបស្នងសងគុណចំពោះគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តន៍ជនដែលបានធ្វើពលីកម្មនៅក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជននាពេលកន្លងមក ក៏ដូចជាកសាងនូវវប្បធម៌ចែករំលែកមួយចំនួនក្នុងការកសាងសង្គមជាតិ៕

ដោយ ៖ សិលា


ចែករំលែក៖