ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើករថភ្លើងនៅថៃផ្ទុក«សារធាតុញៀន»ទើបបណ្តាលឱ្យបុកមនុស្សស្លាប់៨ នាក់ និងរបួសជាង ៣០ នាក់

ចែករំលែក៖

ថៃ៖ អ្នកបើកបរថភ្លើងនៅថៃម្នាក់ ត្រូវបានប៉ូលីសថៃធ្វើការតេស្ត និងលទ្ធផលផ្លូវការបានរកឃើញថាមានផ្ទុកសារធាតុញៀនពេលកំពុងតែបើកបរនិងបង្កឱ្យមានគ្រោះថ្នាក់បុករះយ៉ាងរន្ធត់នៅទីក្រុងបាងកក ប្រទេសថៃកាលពីល្ងាចថ្ងៃសៅរ៌ ដែលបានសម្លាប់មនុស្ស ៨ នាក់ និងរបួសជាង ៣០ នាក់ គឺបណ្តាលមកពីអ្នកបើកបររថភ្លើងមានផ្ទុកសារធាតុញៀននៅក្នុងខ្លួន។

យោងតាមការចុះផ្សាយរបស់កាសែតខាវស៊ត បុគ្គលិកប្រចាំការនៅរបាំងផ្លូវរថភ្លើងឆ្លងកាត់ ក៏ត្រូវបានចោទប្រកាន់ក្នុងករណីនេះដែរ ខណៈដែលកម្លាំងនគរបាលថៃបាននាំខ្លួនបុគ្គលិករូបនោះមកទទួលដឹងឮ និងដោះស្រាយលើការចោទប្រកាន់ទាំងនេះរួចរាល់ហើយ។

ភស្តុតាងដែលទទួលបានពីប្រអប់ខ្មៅ (Black Box) បានបង្ហាញថា អ្នកបើកបររថភ្លើងបានជាន់ហ្វ្រាំងបន្ទាន់នៅចម្ងាយប្រហែល ១០០ ម៉ែត្រ មុនពេលមានការប៉ះទង្គិច ប៉ុន្តែវាហួសពេលទៅហើយ មិនអាចបញ្ឈប់រថភ្លើងបានទាន់ឡើយ។ ជុំវិញបញ្ហានេះ អាជ្ញាធរថៃបានពន្យល់ថា វាជាទៅមិនរួចនោះទេក្នុងការបញ្ឈប់រថភ្លើងក្នុងចម្ងាយដ៏ខ្លីបែបនេះ ព្រោះដើម្បីឱ្យរថភ្លើងឈប់បានទាំងស្រុង គឺត្រូវទាមទារចម្ងាយដកហ្វ្រាំងរហូតដល់ទៅ ២ គីឡូម៉ែត្រឯណោះ។

គួរបញ្ជាក់ថា ការរកឃើញភស្តុតាង និងលទ្ធផលតេស្តសារធាតុញៀននេះ បានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល រួមជាមួយអនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ បានចុះពិនិត្យកន្លែងកើតហេតុផ្ទាល់ទាំងយប់ និងបានបញ្ជាឱ្យបើកការស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់ ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ៕ដោយ​៖តារា​


ចែករំលែក៖