ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំងសរុបចំនួន៩៦៦នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលាខេត្តកំពង់ឆ្នាំង។

នេះជាបេសកកម្មលើកទី៩ និង១០ខេត្ត-ក្រុងហើយ របស់សម្ដេចតេជោ ក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្តដោយពីផ្ដើមពីខេត្តកំពង់ចាម,ត្បូងឃ្មុំ, កំពង់ស្ពឺ,តាកែវ,កំពត,កែប,ស្វាយរៀង,ព្រៃវែង,ភ្នំពេញ និងកំពង់ឆ្នាំងនាថ្ងៃនេះ។

តាមរបាយការណ៍របស់ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ខេត្តកំពង់ឆ្នាំង មានចម្ងាយ៩១គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ស្ថិតនៅភាគកណ្តាលនៃប្រទេស

កម្ពុជា មានព្រំប្រទល់ខាងកើតជាប់ខេត្តកំពង់ចាម ខាងត្បូងជាប់ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខាងលិចជាប់ខេត្តពោធិ៍សាត់ និងខាងជើងជាប់ខេត្តកំពង់ធំ និងបឹងទន្លេសាប។

ខេត្តមានផ្ទៃដីសរុប៥ ៥២១គីឡូម៉ែត្រការ៉េ មានក្រុង ស្រុកចំនួន៨ ឃុំ-សង្កាត់ចំនួន៧១ និងភូមិចំនួន៥៦៩ភូមិ។ ខេត្តកំពង់ឆ្នាំងមានប្រជាជនចំនួន ១៦១៣៣០គ្រួសារ និងប្រជាជនសរុបចំនួន៦១៥ ៨៩៦នាក់។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពង់ឆ្នាំងសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនគ្រប់វិស័យ ក្នុងនោះខេត្តមានរោងចក្រសហគ្រាស និងសិប្បកម្មសរុបចំនួន២ ៧១២មូលដ្ឋាន។រោងចក្រ សហគ្រាសធុនធំចំនួន៤២កន្លែង មានកម្មករ និយោជិតចំនួន៧៦ ៩២៤នាក់។ ការផ្គត់ផ្គង់ទឹកស្អាតចំនួន២១ក្រុមហ៊ុន និងផ្គត់ផ្គង់ទៅដល់៤៣ឃុំ និង ២៨៥ភូមិ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា គោលបំណងនៃការចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការរបស់សម្តេចតេជោនាពេលនេះ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំឭកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្តកំពង់ឆ្នាំងនេះសាជាថ្មី។

នៅព្រឹកនេះ សម្តេចតេជោបានប្រកាសត្រៀមបញ្ជូនចៅៗរបស់សម្តេចដែលគ្រប់អាយុបំពេញកាតព្វកិច្ចកងទ័ពអនុវត្តច្បាប់«កាតព្វកិច្ចយោធា»។ ការអនុវត្តច្បាប់កាតព្វកិច្ចយោធានេះ គឺធ្វើឡើងដោយស្មើភាពគ្នា ហើយចៅៗរបស់សម្តេចបានត្រៀមអនុវត្តដោយគ្មានការលើកលែងនោះទេ។ ច្បាប់កាតព្វកិច្ចយោធានេះគឺមានវិសាលភាពអនុវត្តលើប្រជាពលរដ្ឋខ្មែរគ្រប់រូបចាប់ពីអាយុ១៨ ឆ្នាំ ដល់២៥ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធាលើកលែងតែស្ត្រី គឺផ្អែកទៅតាមការស្ម័គ្រចិត្ត។

សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការនៅខេត្តកំពង់ឆ្នាំងទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនាពេលកន្លងមក ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។

សម្តេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។

ពីខេត្តកំពង់ឆ្នាំង នៅថ្ងៃនេះ សម្តេចតេជោនៅតែយកចិត្តទុកដាក់ខ្ពស់លើគម្រោងសាងសង់ផ្លូវ និងស្ពានតភ្ជាប់កំពង់ឆ្នាំង និងកំពង់ធំ និងបានស្នើឱ្យមិត្តចិនពិចារណាលើគម្រោងនេះ។ សម្ដេចបន្តថា

ការតភ្ជាប់បណ្តាញដឹកជញ្ជូនរវាងខេត្តជុំវិញបឹងទន្លេសាបទាំងផ្លូវទឹក និងផ្លូវគោក មានសារៈសំខាន់ណាស់សម្រាប់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ សម្តេចក៏បានលើកឡើងពីគម្រោងផ្លូវជាតិលេខ៥០សេ ដែលជាផ្លូវមួយខ្សែតភ្ជាប់រវាងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ព្រោះគម្រោងផ្លូវមួយខ្សែនេះត្រូវបានសម្តេចតេជោប្រកាសពីការសាងសង់ក្នុងពេលសម្តេចនៅកាន់តួនាទីជានាយករដ្ឋមន្ត្រី ហើយមកដល់ពេលនេះ គម្រោងមួយនេះមិនទាន់បានដំណើរការនៅឡើយទេ។

សម្តេចតេជោបានរំឭកដល់មន្រ្តីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន។ សម្តេចតេជោបានបន្តរំឭកដល់អាជ្ញាធរឱ្យបន្តយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធពលីពិការ និងគ្រួសារអតីតយុទ្ធជន។ សម្តេចបន្តថា ក្នុងនាមជាអ្នកធ្លាប់ប្រឡូកជីវិតជាយុទ្ធជនលើសមរភូមិមួយរូបដែរនោះ សម្តេចបានយល់ច្បាស់ពីការលំបាកទាំងឡាយរបស់យុទ្ធជនក្នុងកិច្ចការពារជាតិ និងទឹកដី។

សម្ដេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»។

ម្យ៉ាងវិញទៀតចៀសវាងប្ដីសក្ដិ៣ ប្រពន្ធសក្ដិ៤ កូនសក្ដិ៥ ដែលអាចនាំរឿងបង្កបញ្ហាប៉ះពាល់ទឹកចិត្តប្រជាពលរដ្ឋមូលដ្ឋាន។ ទន្ទឹមនេះ សម្ដេចតេជោក៏ឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។

សម្ដេចក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស។

ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តកំពង់ឆ្នាំងទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តមួយនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឱ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ពេលកិច្ច៕

ដោយ ៖ សិលា


ចែករំលែក៖