ព័ត៌មានទាន់ហេតុការណ៍៖

បណ្ណកម្មសិទ្ធិដីធ្លីជាង៥ពាន់បណ្ណ នៅស្រុកម៉ាឡៃ ត្រូវបានអាជ្ញាធរចែកជូនពលរដ្ឋ ដើម្បីសុខដុម និងសុវត្ថិភាពផ្លូវច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងឃុំម៉ាឡៃ និងឃុំវាលហាត់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចំនួន៥ ០១៨គ្រួសារ បានទទួលភាពកក់ក្តៅ និងភាពស្របច្បាប់លើការកាន់កាប់ដីធ្លីរបស់ខ្លួន បន្ទាប់ពីរដ្ឋបាលខេត្ត បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ក្រោមការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។

ពិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រារព្ធឡើង នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅវត្តគិរីធម្មសាធរុក្ខារាម (ហៅវត្តភ្នំកៅបី) ក្រោមអធិបតីភាព លោក ឈឿន ក្រៃយ៉ុង អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងរដ្ឋបាលស្រុកម៉ាឡៃនិងប្រជាពលរដ្ឋម្ចាស់ដីយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ លោក ឈឿន ក្រៃយ៉ុង បានគូសបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្គ គោលនយោបាយដីធ្លី ដើម្បីធានាបាននូវសិទ្ធិកាន់កាប់ស្របច្បាប់ជូនប្រជាពលរដ្ឋ។

លោកបានថ្លែងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មិនមែនគ្រាន់តែជាការវាស់វែងដីឱ្យមានព្រំប្រទល់ច្បាស់លាស់ប៉ុណ្ណោះទេ ប៉ុន្តែវាជាការផ្តល់ ‘កាតគ្រី’ ដ៏មានតម្លៃ ដើម្បីធានាសុវត្ថិភាពក្នុងការកាន់កាប់ បំបាត់រាល់វិវាទដីធ្លី និងផ្តល់លទ្ធភាពជូនបងប្អូនប្រជាពលរដ្ឋយកបណ្ណសម្គាល់ម្ចាស់អចលនវត្ថុនេះទៅប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ដូចជាការស្នើសុំកម្ចីឥណទានសម្រាប់ពង្រីកមុខរបរ ឬការជួញដូរដោយស្របច្បាប់ជាដើម។

លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃការចែកបណ្ណនៅថ្ងៃនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបានឆ្លងកាត់ដំណាក់កាលបច្ចេកទេសយ៉ាងម៉ត់ចត់ រួមមាន ការកំណត់តំបន់វិនិច្ឆ័យ ការចុះវាស់វែង និងកសាងប្លង់សុរិយោដី ការផ្សព្វផ្សាយជាសាធារណៈ និងការដោះស្រាយវិវាទដោយសន្តិវិធី រហូតឈានដល់ការចេញបណ្ណជូនពលរដ្ឋ។

ក្រោយទទួលបានបណ្ណកម្មសិទ្ធិក្នុងដៃ ពល រដ្ឋជាច្រើនបានបង្ហាញពីអារម្មណ៍រំភើប និងក្តីត្រេកអរជាខ្លាំង។ អ្នកស្រី នី សុខុម ពលរដ្ឋម្នាក់ដែលបានទទួលបណ្ណ បានសម្តែងចំណាប់អារម្មណ៍ថា “ពីមុនខ្ញុំមានការព្រួយបារម្ភខ្លាចមានបញ្ហាដីធ្លី ឬវិវាទផ្សេងៗ។ ថ្ងៃនេះទទួលបានប្លង់រឹងនេះហើយ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ព្រោះវាជាការធានាផ្លូវច្បាប់ដ៏រឹងមាំសម្រាប់ដីរបស់ខ្ញុំ។ សូមអរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានខិតខំចុះមកធ្វើដល់ផ្ទះជូនពួកយើង។”

សូមបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ០១៨បណ្ណ ជូនពលរដ្ឋនៃឃុំម៉ាឡៃ និងឃុំវាលហាត់នេះ គឺមានរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦។ក្នុងករណីប្រជាពលរដ្ឋដែលមិនទាន់បានមកទទួលបណ្ណតាមពេលវេលាកំណត់នេះ អាចបន្តទៅទទួលយកនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បាននៅរៀងរាល់ម៉ោងធ្វើការ ដោយគ្មានការកំណត់ពេលវេលាបញ្ចប់ឡើយ៕

ដោយ៖សំរិត


ចែករំលែក៖