ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការក្រុម IS ជាង១០០នាក់បានរត់ភៀសខ្លួនទៅកាន់ស៊ីរី

ចែករំលែក៖

ដូចអ្វីដែលក្រុមអ្នកប្រឆាំងអាមេរិកបាន លើកឡើងគឺអាមេរិកទុកផ្លូវប្រកបដោយសុវត្ថិភាពសម្រាប់ក្រុមIS នៅទីក្រុងម៉ូស៊ុល ប្រទេសអុីរ៉ាក់រត់ភៀសខ្លួនទៅកាន់ប្រទេស ស៊ីរីស្ថិតនៅក្នុងបង់ការពាររបស់អាមេរិក។

សារព័ត៌មាន Sputnik បានផ្សាយថា ចាប់តាំងពីកម្លាំងទាហានអីុរ៉ាក់បើកការ វាយប្រហារទៅលើទីក្រុង Mosul កាល ពីថ្ងៃទី១៧ ខែតុលាមក មានមេបញ្ជាការ កងទ័ពIS ជាង១០០នាក់បានរត់ចេញពីទីនោះដោយសុវត្ថិភាព។

ក្រោយរយៈពេល៤៨ម៉ោងនៃការវាយប្រហារទាហានអីុរ៉ាក់បានរំដោះតំបន់ជុំវិញទីក្រុងម៉ូស៊ុល។ កម្លាំងទាហានអីុរ៉ាក់ក៏បាន ត្រៀមលក្ខណៈវាយប្រហារតំបន់ភាគខាងលិចទីក្រុងនេះដែរ។ ទាហានរដ្ឋាភិបាល អីុរ៉ាក់បានវាយប្រហារពី៣ទិសផ្សេងគ្នា នៅសល់ទិសខាងជើង ស្ថិតនៅតំបន់ជន បទក្លាយទៅជាច្រកផ្លូវដ៏សំខាន់សម្រាប់ក្រុមនេះភៀសខ្លួនទៅស៊ីរីវិញ។

កន្លងមកកម្លាំងទាហានស៊ីរីបញ្ជាក់ថា អាមេរិកនិងសាវឌីអារ៉ាប៊ីបានជួយដល់ក្រុម IS ដែលដកខ្លួនចេញពីទីក្រុងម៉ូស៊ុលប្រទេស អីុរ៉ាក់មកស៊ីរីវិញដើម្បីប្រឆាំងរដ្ឋាភិបាលលោក អាល់អាសាដ។

កម្លាំងទាហានស៊ីរីបានបញ្ជាក់ថា អាមេរិកនិងសម្ពន្ធមិត្តអារ៉ាបបានបង្កើតទីតាំងសម្រាប់ក្រុមIS ភៀសខ្លួនចេញពីទីក្រុង ម៉ូស៊ុល។ នៅពេលដែលទាហានអីុរ៉ាក់បើក ការវាយប្រហារឡោមព័ទ្ធទីក្រុងនោះអាមេរិកនិងសម្ពន្ធមិត្តបានទុកផ្លូវមួយសម្រាប់ក្រុមនេះរត់ចេញពីទីក្រុង។

មេបញ្ជាការកងទ័ពស៊ីរីបានបញ្ជាក់ទៀត ថា «បានបែកធ្លាយគម្រោងរបស់ក្រុមការពារភេរវករអន្តរជាតិ ក្នុងនោះមានអាមេរិកនិងសាវឌីអារ៉ាប៊ីដោយទុកច្រកផ្លូវមួយ សម្រាប់ឲ្យពួកភេរវកររត់ទៅស៊ីរី ហើយនៅក្នុងប្រទេសស៊ីរីក៏មានទីតាំងដែលអាចលាក់ ខ្លួនគេចផុតពីការវាយប្រហាររបស់រុស្ស៊ីទៀត»។

សារព័ត៌មាន RIA Novosti រុស្ស៊ីបាន ផ្សាយថា ក្រុមចារកម្មរុស្ស៊ីបានចោទប្រកាន់ អាមេរិកថា បានសម្តែងឆាកល្ខោន «វាយ ប្រហារទីក្រុងMosul » ប្រទេសអុីរ៉ាក់ដើម្បី ប្រមូលកម្លាំងIS ប្រមាណជាង៩ពាន់នាក់មកកាន់ស៊ីរីវិញ ដោយសង្គ្រាមនៅក្នុង ប្រទេសស៊ីរីវាសំខាន់ជាងនៅក្នុងប្រទេសអីុរ៉ាក់។

ប្រភពព័ត៌មានចារកម្មមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា អាមេរិកនិងសាវឌីអារ៉ាប៊ីបាន ចុះកិច្ចព្រមព្រៀងជាសម្ងាត់ដើម្បីឲ្យក្រុមIS ដកខ្លួនចេញពីអីរ៉ាក់តាមច្រកផ្លូវដែលមានសុវត្ថិភាពគេចពីទាហានអីុរ៉ាក់។

នៅពេលនេះអាមេរិកបានបង្កើតទីតាំងនៅក្នុងប្រទេសស៊ីរីនិងតំបន់គ្រប់គ្រងដែល មានសុវត្ថិភាពនៅទីនោះ។ តំបន់ដែលអា មេរិកគ្រប់គ្រងនោះអាចគេចផុតពីការវាយប្រហាររបស់រុស្ស៊ីបានទាំងនោះហើយក្រុមIS អាចលាក់ខ្លួនសម្រាប់បំពេញការងារ ដែលអាមេរិកចង់បាន។

កម្លាំងសម្ព័ន្ធអន្តរជាតិក៏បានប្រាប់ឲ្យ ដឹងថា ការវាយប្រហារនៅថ្ងៃទី១បានកម្ទេច ផ្ទាំងស៊ីបរបស់អង្គការរដ្ឋអ៊ិស្លាមចំនួន៥២ កន្លែង។ កំណត់សម្គាល់មួយទៀតនៅពេល ដែលទ័ពអុីរ៉ាក់ធ្វើដំណើររុលទៅមុខដណ្តើម យកស្រុក និងសង្កាត់ម្តងមួយៗជុំវិញទីក្រុង មូ៉ស៊ូលពួកជីហាដក៏បានដកខ្លួនថយឆ្ពោះទៅកាន់ទីក្រុងមូ៉ស៊ូល ហើយជនស៊ីវិលក៏បានភៀសខ្លួនក្នុងទិសដៅដូចគ្នា។ គួរបញ្ជាក់ ថា អង្គការរដ្ឋអ៊ិស្លាមមានកម្លាំងប្រដាប់អាវុធ នៅមូ៉ស៊ូលពី៣.០០០ ទៅ ៤.៥០០នាក់។ តែគេអាចនិយាយបានថា កម្លាំងទ័ពអ៊ីរ៉ាក់មានប្រៀបជាងពួកជីហាដទាំងចំនួនទ័ព និងគ្រឿងសព្វាវុធ។

ថ្នាក់ដឹកនាំបស្ចិមលោកទូទៅបានសម្តែង ការពេញចិត្តលើលទ្ធផលដែលទទួលបាន ក្នុងរយៈពេល២ថ្ងៃ តែបានទទួលស្គាល់ដូច គ្នាថា ប្រតិបត្តិការនៅមូ៉ស៊ូលមានការលំបាក និងអាចប្រើពេលយូរ។ លោករដ្ឋមន្រ្តីការ ពារជាតិបារាំង Jean-Yves Le Drian បានបញ្ជាក់ថា អាចនឹងប្រើពេលជាច្រើន សប្តាហ៍ ឬមួយជាច្រើនខែផងក៏មិនដឹង។ ចំណែកលោកប្រធានាធិបតីអាមេរិក អូ បាម៉ា ក៏បានទស្សន៍ទាយដូចគ្នា និងសន្និ ដ្ឋានថា ជោគជ័យនៅមូ៉ស៊ូលជាបរាជ័យ របស់អង្គការរដ្ឋអ៊ិស្លាមទាំងស្រុង។

ខណៈនេះរដ្ឋាភិបាលអុីរ៉ាក់ និងកម្លាំងសម្ពន្ធមិត្តលែងមានមន្ទិលសង្ស័យអ្វីទៀត ហើយក្នុងការដណ្តើមយកទីក្រុងមូ៉ស៊ូលពីអង្គការរដ្ឋអ៊ិស្លាម។ តែអ្វីដែលនៅសង្ស័យ គឺមិនមែនងាយស្រួលប្រើពេលយូរ និងមិន ដឹងដណ្តើមយកបានវិញនៅពេលណា។ ក្តីបារម្ភខ្លាំងរបស់សហគមន៍អន្តរជាតិពេល នេះ គឺជាជោគវាសនាជនស៊ីវិល១លាន៥ សែននាក់ដែលកំពុងរស់នៅក្នុងទីក្រុង មូ៉ស៊ូលសព្វថ្ងៃ។ ចង់ឬមិនចង់អង្គការរដ្ឋ អ៊ិស្លាមអាចយកជនស៊ីវិលធ្វើជាខែលដើម្បី ទប់ទល់នឹងការវាយប្រហាររបស់ទ័ពអុីរ៉ាក់ និងកម្លាំងសម្ពន្ធមិត្តអន្តរជាតិ។ ធ្ងន់ធ្ងរជាង នេះពួកជីហាដអាចនឹងធ្វើការសម្លាប់រង្គាល លើជនស៊ីវិលដើម្បីជាការសងសឹក។

មានអង្គការមនុស្សធម៌ជាច្រើនបាន សំណូមពរឲ្យបង្កើតតំបន់ជុំវិញ ទីក្រុងមូ៉ស៊ូល ដើម្បីទទួលជនស៊ីវិលដែលរត់ចេញ។ តែ បញ្ហានៅត្រង់ថា ពួកជីហាដអាចរារាំងមិនឲ្យជនស៊ីវិលរត់គេចខ្លួន។ ចំណែកចំណោទ មួយទៀតលើកឡើងដោយអង្គការសហប្រជាជាតិគឺគ្រោះមហន្តរាយមនុស្សធម៌ដែល នឹងកើតឡើងដោយចៀសមិនរួច៕ ម៉ែវ សាធី

កងទ័ពអ៊ីរ៉ាក់ ក្នុងសមរភូមិបណ្តេញក្រុមរដ្ឋអិស្លាម

កងទ័ពអ៊ីរ៉ាក់ ក្នុងសមរភូមិបណ្តេញក្រុមរដ្ឋអិស្លាម


ចែករំលែក៖