ភ្នំពេញ៖ ថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមព័ត៌មានសំខាន់ៗដែលមានដូចតទៅ៖
ទី១៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី៣ នៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។
អមដំណើរសម្តេចធិបតី រួមមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមន្ត្រីរាជរដ្ឋាភិបាល និងតំណាងធុរកិច្ចមកពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។ សម្តេចធិបតីនឹងមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីភាគីវៀតណាមដើម្បីផ្លាស់ប្តូរទស្សនៈអំពីមធ្យោបាយនានាក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី ខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។ នាយករដ្ឋមន្ត្រីទាំងពីរក៏គ្រោងពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍និងជាក្តីបារម្ភរួម។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងជួបសម្តែងការគួរសមដាច់ដោយឡែក ចំពោះប្រធានរដ្ឋនិងប្រធានរដ្ឋសភាជាតិវៀតណាម និងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក«វេទិកាអនាគតអាស៊ាន» ក្រោមប្រធានបទ «រួមគ្នាស្ថាបនាអនាគតរបស់យើង៖ សន្តិភាព វិបុលភាព និងប្រជាជនជាស្នូល»។
ទី២៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ឡើងវិញអំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនសមុទ្រនិងព្រំដែនគោកដូចតទៅ៖
អំពីព្រំដែនសមុទ្រ៖ ចាប់តាំងពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ មក កម្ពុជាបានប្រកាសពីការចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ UNCLOS ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នាថាជាមួយប្រទេសថៃ។ ការសម្រេចចិត្តបែបនេះធ្វើឡើង បន្ទាប់ពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬហៅកាត់ថា MoU 2001 ដែលជាក្របខណ្ឌទ្វេភាគីតែមួយគត់ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះការទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ ត្រូវបានភាគីថៃលុបចោលជាឯកតោភាគី។
សូមបញ្ជាក់ជូនថា នៅពេលដែលរាជរដ្ឋាភិបាលថៃបានប្រកាសថា នឹងដកខ្លួនចេញពីក្របខណ្ឌទ្វេភាគីដ៏យូរអង្វែងនេះ កម្ពុជាបានស្នើឱ្យភាគីថៃពិចារណាឡើងវិញ ប៉ុន្តែជាការគួរឱ្យសោកស្តាយភាគីថៃនៅតែសម្រេចចិត្តដើរចេញពីក្របខណ្ឌទ្វេភាគីនេះដដែល។ ការដើរចេញពីក្របខណ្ឌទ្វេភាគីរបស់ថៃ មានន័យថា MoU 2001 ដែលជាក្របខណ្ឌទ្វេភាគីព្រមព្រៀងគ្នាតែមួយគត់សម្រាប់ដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមក មិនអាចប្រើប្រាស់បានទៀតឡើយ។ ហេតុដូច្នេះ រាជរដ្ឋាភិបាលកម្ពុជាបានពិចារណាយ៉ាងម៉ត់ចត់បំផុតនូវរាល់ជម្រើសផ្លូវច្បាប់ និងដោយសន្តិវិធីដែលមាន និងដែលអាចអនុវត្តទៅបាន។ ការផ្សះផ្សារដោយបង្ខំដែលជាយន្តការផ្លូវច្បាប់ដោយសន្តិវិធីនៅក្រោមអនុសញ្ញា UNCLOS គឺជាជម្រើសដ៏ល្អបំផុត។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរការនេះនឹងបង្ហាញជាថ្មីម្ដងទៀតនូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជំលោះដោយសន្តិវិធី។
ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក៏បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីស្ថាប័នកំពូលរបស់ជាតិ ក្រសួង ស្ថាប័ន រហូតរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន។ អាចនិយាយបានថា ប្រជាជាតិខ្មែរកំពុងឈរនៅលើជំហរឯកភាពជាតិដ៏រឹងមាំមួយឆ្ពោះទៅការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការផ្សះផ្សារដោយភាគីអន្តរជាតិ និងស្របតាមច្បាប់អន្តរជាតិដើម្បីទទួលបានដំណោះស្រាយមួយត្រឹមត្រូវ យុត្តិធម៌និងយូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរក៏ដូចជាសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ទាំងមូល។
អំពីព្រំដែនគោក៖ ទន្ទឹមគ្នានឹងការប្រើប្រាស់ «យន្តការផ្សះផ្សារដោយបង្ខំ» ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) ដើម្បីការពារដែនអធិបតេយ្យជាតិនិងសិទ្ធិលើដែនសមុទ្រ កម្ពុជាក្នុងនាមជារដ្ឋដែលស្រឡាញ់និងការពារសន្តិភាព និងគោរពច្បាប់អន្តរជាតិ នៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-ថៃ ចំពោះដំណោះស្រាយព្រំដែនគោក។
ក្នុងន័យនេះ កម្ពុជានៅតែបន្តគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួនបំផុតនូវបទឈប់បាញ់និងគ្រប់ចំណុចទាំងអស់ដែលមានចែងក្នុងសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីឈានទៅរកដំណោះស្រាយបញ្ហាព្រំដែនគោករវាងប្រទេសទាំងពីរដោយសន្តិវិធី ដោយបង្កើតឱ្យបាននូវសន្តិភាពយូរអង្វែងនៅតាមព្រំដែន ក៏ដូចជាស្ថិរភាពនិងវិបុលភាពក្នុងតំបន់ទាំងមូល តាមរយៈការប្រើប្រាស់ក្រុមការងារវាស់វែងព្រំដែនចម្រុះ (JBC)ដូចមានចែងក្នុងចំណុចទី៣នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមរំលឹកឡើងវិញនូវចំណុចទី៣ដែលចែងថា៖ «ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នា ថានឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំង សុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចម្រុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ»៕ដោយ៖សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច