ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះ​ បន្តរកឃើញជនបរទេស​ជាង១០០នាក់​ ស្នាក់នៅ​ក្នុងក្រុងប៉ោយប៉ែត​ កំពុងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ ក្រោយចុះត្រួតពិនិត្យ៤ទីតាំង​​

ចែករំលែក៖

ក្រុងប៉ោយប៉ែត​៖​ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការដឹកនាំប្រតិបត្តិការដោយ លោកឧត្តមសេនីយ៍ឯក មួង សុធា , លោក​ឧត្តមសេនីយ៍ឯក ​សម វណ្ណវីរៈ , លោក​ឧត្តមសេនីយ៍ឯក ​អុី សុខឃី ​ឣគ្គស្នងការរងនគរបាលជាតិ​ តំណាងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពីកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយ លោក​ ប្រាក់​ ប៉ូលី អភិបាលរងខេត្ត​បន្ទាយមានជ័យ ដឹកនាំសម្របសម្រួលនីតិវិធីដោយ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង​ អមសាលាដំបូងខេត្ត មានចូលរួមដោយកម្លាំងនៃស្នងការដ្ឋាននគរបាល​ខេត្តបន្ទាយមានជ័យ កងរាជអាវុធហត្ថខេត្ត និងរដ្ឋបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦​ បានចុះត្រួតពិនិត្យអាគារស្នាក់នៅចំនួន៤ទីតាំង ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរកឃើញជនបរទេសស្នាក់នៅប្រមូលផ្តុំចំនួន ១១៧នាក់ (ស្រី២០នាក់) និងបិទសៀលបណ្តោះអាសន្នមួយទីតាំងដែលកំពុងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​។

សូមជម្រាបថា​ ចំពោះទីតាំងទី១,៣,៤ មានជនបរទេសស្នាក់នៅប្រមូលផ្តុំ និងរក​ពុំ​ឃើញ​មាន​សម្ភារៈ​សម្រាប់​ព្រឹត្ត​ប្រព្រឹត្ត​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Scam online)នោះទេ ហើយបានប្រគល់ជូនជំនាញ​អន្តោប្រវេសន៍​ជាអ្នក​គ្រប់គ្រង​និង​បន្តនីតិវិធី​​។ 

ដោយឡែកទីតាំងទី២ដែលរកឃើញមានជនបរទេស និងជនជាតិខ្មែរស្នាក់នៅចំនួន ២៧នាក់ (ស្រី១៨នាក់) កំពុងប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ត្រូវបានបិទសៀលទីតាំងជាបណ្តោះអាសន្ន។ 

ក្នុងប្រតិបត្តិការចុះបង្ក្រាប​ខាងលេីនេះ​ ជនសង្ស័យ​ទាំងនេះ​ត្រូវបានកម្លាំង​អធិការ​ដ្ឋាននគរបាល​ក្រុង​ប៉ោយប៉ែត​យក​ទៅសាកសួរនិង​​ស្រាវជ្រាវបន្តតាមនីតិវិធី​​៕ដោយ​៖តារា​


ចែករំលែក៖