កណ្ដាល ៖ យុវជន២នាក់បានដាច់ក្បាលបែកខួរស្លាប់យ៉ាងអាណោចអាធ័ម ចំណែកឯកយុវជនម្នាក់ទៀតរួមដំណើរជាមួយរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗក្រោយពេលពួកគេជាម៉ូតូឌុបគ្នាសង្ស័យទាក់ដៃចង្កូតនិងរថយន្តបណ្ដាលឲ្យដួលខ្ទាតចូលក្របកង់រថយន្តកិនពីលើ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៧:៣០យប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ៤ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនរងគ្រោះចំនួន៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KH-8659 ឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនមធ្យម លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើសង្ស័យទាក់ដៃចង្កូតម៉ូតូជាមួយនឹងរថយន្តមិនចាំម៉ាកបណ្ដាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តកិនពីលើបែកក្បាលស្លាប់យ៉ាងអាណោចអាធ័មចំនួនពីរនាក់ចំណែកឯយុវជនម្នាក់ទៀតរួមដំណើរជាមួយបានរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗចំណែកឯរថយន្តបន្តល្បឿនបើកគេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ស្រុកអង្គស្នូលចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកជាបណ្ដោះអាសន្ន។ ចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច