ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបេីកបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ​ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ​ ខណៈជនរងគ្រោះកំពុងជិះម៉ូតូត្រឡប់ទៅផ្ទះវិញត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកទិសដៅបញ្រ្ចាស់គ្នាបុកចំពីមុខយ៉ាងពេញទំហឹងអូសជាច្រើនម៉ែត្រ​ ហើយរថយន្តបង្ក​ បានបន្តល្បឿនបើកគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០២៦ស្ថិតនៅលើផ្លូវបេតុង​ ក្នុងសង្កាត់ក្រាំងធ្នង់​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញយុវជនរងគ្រោះម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1LL-3885 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនមធ្យម​ លុះពេលជិះមកដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តបង្កមួយគ្រឿងមិនស្គាល់ម៉ាកបើកមកទិសដៅបញ្រ្ចាស់គ្នាពីលិចទៅកើតក្នុងល្បឿនលឿន​ ហេីយក៏រ៉េចង្កូតទៅបុកចំពីមុខម៉ូតូប៉ើងអូសទៅមុខច្រើនម៉ែត្របណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗ ចំណែករថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោល។

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខជាបណ្ដោះអាសន្ន​ និងធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្កសមត្ថកិច្ចនិងធ្វើការតាមស្រាវជ្រាវដើម្បីឃាត់យកមកចាត់ការតាមនីតិវិធីច្បាប់៕ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖