ព័ត៌មានទាន់ហេតុការណ៍៖

ឯកសារផ្លូវការរបស់នាយកដ្ឋានវាស់វែងភូមិន្ទថៃ បញ្ជាក់ថា ប្រាសាទតាមាន់ធំ ស្ថិតក្នុងទឹកដីកម្ពុជា

ចែករំលែក៖

ក្នុងវិវាទព្រំដែនរវាងរដ្ឋមួយនិងរដ្ឋមួយ អ្វីដែលមានទម្ងន់ជាងការអះអាងនយោបាយ គឺជាឯកសារផ្លូវច្បាប់ ផែនទីដែលទទួលស្គាល់ និងលទ្ធផលនៃការកំណត់ព្រំដែនដែលបានធ្វើឡើងដោយគណៈកម្មករ ផ្លូវការ រវាងភាគីពាក់ព័ន្ធ។ ដូច្នេះ ការវែកញែកអំពីអធិបតេយ្យភាពលើប្រាសាទតាមាន់ធំ មិនគួរផ្អែកលើការបក ស្រាយតាមអារម្មណ៍នោះទេ ប៉ុន្តែត្រូវតែផ្អែកលើភស្តុតាងដែលអាចផ្ទៀងផ្ទាត់បាន។

ការលើកឡើងរបស់លោក អ៊ិត សុត្ថា រដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បាន បង្ហាញអំណះអំណាងមួយដែលគួរឱ្យចាប់អារម្មណ៍។ លោកមិនត្រឹមតែយោងទៅលើផែនទីខ្នាត ១/២០០ ០០០ ដែលជាផែនទីទាក់ទងនឹងលទ្ធផលការងារកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀមប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងយោងទៅលើផែនទី L7017 ខ្នាត ១/៥០ ០០០ ដែលផលិតដោយនាយកដ្ឋានវាស់វែងភូមិន្ទ ថៃថែមទៀតផងដែរ។

ត្រង់ចំណុចនេះមានសារៈសំខាន់ណាស់ ព្រោះនៅពេលដែលសូម្បីតែផែនទីដែលភាគីថៃផលិតនិងប្រើ ប្រាស់ដោយខ្លួនឯងក៏នៅតែបង្ហាញថាប្រាសាទតាមាន់ធំស្ថិតនៅក្នុងទឹកដីកម្ពុជាដែរ ទោះបីជាមានការព្យាយាមបកស្រាយ ឬអះអាងផ្ទុយពីភស្តុតាងនេះក៏ដោយ ក៏ពិបាកទទួលបានការជឿជាក់និងមិនអាចបំភ្លៃការពិតបានឡើយ។

ជាក់ស្តែង ក្នុងផែនទីបង្ហាញលក្ខណៈភូមិសាស្ត្រ ដែលជាឧបសម្ព័ន្ធនៃកំណត់ហេតុវាស់វែងរបស់គណៈ កម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ ក៏បានបង្ហាញច្បាស់ថាទីតាំងប្រាសាទតាមាន់ធំស្ថិត ក្នុងទឹកដីកម្ពុជាដែរ។ ឯកសារនោះមិនមែនជាការរៀបចំឡើងថ្មី ឬជាការបកស្រាយក្រោយពេលកើត ជម្លោះនោះឡើយ ប៉ុន្តែវាជាផ្នែកមួយនៃដំណើរការកំណត់ព្រំដែនផ្លូវការដែលត្រូវបានអនុវត្តដោយ គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម និងជាលទ្ធផលដែលភាគីពាក់ព័ន្ធបានទទួលស្គាល់ក្នុងសម័យនោះ។

អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះ គឺការប្រៀបធៀបរវាងរូបភាពផ្កាយរណប និងខ្សែព្រំដែនដែលចម្លង ចេញពីផែនទីខ្នាត ១/២០០ ០០០ ព្រមទាំងខ្សែព្រំដែនដែលគូសលើផែនទី L7017 នៅពេលយកមក ផ្ទៀងផ្ទាត់គ្នាទីតាំងប្រាសាទតាមាន់ធំស្ថិតនៅក្នុងទឹកដីកម្ពុជាយ៉ាងពិតច្បាស់។ នេះបង្ហាញថា ការប្រើ ប្រាស់បច្ចេកវិទ្យាសម័យទំនើបមិនបានផ្លាស់ប្តូរលទ្ធផលដែលមានស្រាប់ក្នុងឯកសារប្រវត្តិសាស្ត្រឡើយ តែផ្ទុយទៅវិញបានជួយបញ្ជាក់ឱ្យកាន់តែច្បាស់នូវទីតាំងពិតប្រាកដរបស់ប្រាសាទតាមាន់ធំថែមទៀត ផង។

នៅក្នុងច្បាប់អន្តរជាតិ ផែនទីដែលភាគីណាមួយគូសវាសដោយឯកតោភាគីគឺមិនអាចបង្កើតអធិបតេយ្យ ភាពថ្មី ឬកែប្រែខ្សែបន្ទាត់ព្រំដែនដែលមានស្រាប់ដោយខ្លួនឯងបានឡើយ។ ត្រង់ចំនុចនេះអាចមានតម្លៃ ជាភស្តុតាងក្នុងករណីខ្លះ ប៉ុន្តែមិនអាចលើសពីឯកសារផ្លូវការដែលកើតចេញពីកិច្ចព្រមព្រៀង ឬដំណើរ ការកំណត់ព្រំដែនដែលបានធ្វើរួមគ្នារវាងភាគីទាំងពីរបានឡើយ។

ហេតុនេះ ប្រសិនបើមានការព្យាយាមគូសខ្សែព្រំដែនថ្មី ដើម្បីបញ្ចូលតំបន់ដែលថៃកំពុងកាន់កាប់ដោយ ការ ឈ្លានពានមកលើទឹកដីកម្ពុជាដែលផ្ទុយពីភាពជាក់ ស្តែងទៅក្នុងទឹកដីរបស់ខ្លួន នោះការគូសបែបនេះ គ្រាន់តែជាសកម្មភាពជាឯកតោភាគីដែលមិនផ្លូវការតែប៉ុណ្ណោះ។ តាម គោលការណ៍ច្បាប់អន្តរជាតិ វាមិនអាចបង្កើតសិទ្ធិអធិបតេយ្យថ្មី ឬលុបចោលឯកសារប្រវត្តិសាស្ត្រដែលមានស្រាប់បានឡើយ។

ដូច្នេះ បញ្ហាព្រំដែននិងអធិបតេយ្យភាពលើប្រាសាទតាមាន់ធំ មិនអាចសម្រេចដោយការអះអាង នយោ បាយ ឬការបកស្រាយជាឯកតោភាគីពីភាគីណាមួយបានឡើយ។ អ្វីដែលមានទម្ងន់ពិតប្រាកដ គឺភស្តុ តាងប្រវត្តិសាស្ត្រ ឯកសារផ្លូវការ និងគោលការណ៍ច្បាប់អន្តរជាតិដែលរឹងមាំនិងអាចផ្ទៀងផ្ទាត់បាន។ នៅ ពេល ដែល ផែនទីខ្នាត ១/២០០ ០០០ ផែនទីបង្ហាញលក្ខណៈភូមិសាស្ត្រឆ្នាំ១៩០៨ និងសូម្បីតែផែនទី L7017 ដែលផលិតដោយភាគីថៃ សុទ្ធតែបង្ហាញក្នុងទិសដៅដូចគ្នាថា ប្រាសាទតាមាន់ធំស្ថិត នៅក្នុង ទឹកដីកម្ពុជា នោះការបកស្រាយថ្មីដែលផ្ទុយពីភស្តុតាងទាំងនេះ នឹងពិបាកទទួលបានការទទួលស្គាល់ តាមគោលការណ៍ច្បាប់អន្តរជាតិណាស់។ ហេតុដូច្នេះ ការដោះស្រាយវិវាទព្រំដែនឱ្យបានយូរអង្វែង និង ប្រកបដោយនិរន្តរភាព គួរតែឈរលើមូលដ្ឋាននៃឯកសារ ដើម លទ្ធផលនៃការកំណត់ព្រំដែន ដែលមានស្រាប់និងការគោរពច្បាប់អន្តរជាតិជាជាងការព្យាយាមបង្កើតអំណះអំណាងថ្មី ដែលកើតចេញពីការឈ្លានពានទឹកដីកម្ពុជា តាមរយៈការគូសខ្សែព្រំដែនដោយឯកតោភាគីដែល មិនអាចបង្កើតសិទ្ធិ ឬអានុភាពផ្លូវច្បាប់លើអធិបតេយ្យភាពបានឡើយ៕

ដោយ៖ ពិន វិជ័យ អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ


ចែករំលែក៖