ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបញ្ជូនក្រុមចោរជំនាញដែលល្បី «ធាក់ម៉ូតូផ្ដួលហើយប្លន់» ចំនួន៤នាក់ ទៅសាលាដំបូង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ពួកក្រុមចោរដែលល្បីល្បាញជំនាញជិះតាមជនរងគ្រោះហើយ «ធាក់ផ្ដូលប្លន់យកម៉ូតូ»នៅតាមដងផ្លូវនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ស្រាវជ្រាវរហូតឃាត់ខ្លួនបានចំនួន០៤នាក់ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តហើយ កាលពីថ្ងៃទី០៧ ខែកក្កដា បន្ទាប់ពីការសាកសួរត្រូវបានបញ្ចប់តាមនីតិវិធី ។

ក្រុមជនសង្ស័យទាំង០៤នាក់ ត្រូវបានកម្លាំងជំនាញនៃបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្រាវជ្រាវតាមឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី០៦ កក្កដា នៅក្រុងបាត់ដំបង ។ បើតាមរបាយការណ៍ ការឃាត់ខ្លួនក្រុមចោរ«ប្លន់យកម៉ូតូ» អ្នកដំណើរតាមដងផ្លូវនេះ ធ្វើឡើងក្រោយពីកម្លាំងជំនាញទទួលបានព័ត៌មាន និងកំណត់បាននូវមុខសញ្ញាក្រុមចោរ «ប្លន់» នេះ ដែលបានប្រព្រឹត្តបទល្មើសប៉ុន្មានលើកចុងក្រោយ នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងនៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបងក្នុងអំឡុងដើម និងចុងខែមិថុនា ឆ្នាំ២០២៦ នេះ ។

តាមរយៈរបាយការណ៍កងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ក្រុមចោរស្ទាក់«ប្លន់ម៉ូតូ» តាមដងផ្លូវទាំង០៤នាក់នេះ រួមមាន៖១-ខ្នុយ រម្យ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិអូរតាព័រ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (ចាប់នៅបាត់ដំបង) ២-ឈ្មោះ កែវ ណារ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិអូរតាគាំ១ សង្កាត់ទូលតាឯក ក្រុងបាត់ដំបង,៣-ឈ្មោះ គុន កុម្ភៈ ភេទប្រុស អាយុ១៨ឆ្នាំ និង៤-ឈ្មោះ ស៊ឹម ស៊ីង ភេទប្រុស អាយុ២៥ឆ្នាំ,២នាក់នេះ នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងប្ញស្សី ។

មន្ត្រីការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្ត បានដកហូតយកម៉ូតូ០១គ្រឿង កាំភ្លើងកែច្នៃ០១ដើម និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ។ តាមចម្លើយសារភាព

ត្រូសៗនៅចំពោះមុខសមត្ថកិច្ច ក្រុមនេះ ធ្លាប់ធ្វើសកម្មភាពចេញ «ប្លន់យកម៉ូតូ» អ្នកដំណើរតាមដងផ្លូវចំនួន០៣លើក ក្នុងខែមិថុនាកន្លងទៅនេះ មុនពេលត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងចាប់ខ្លួន ។

លើកទី១ មិនចាំថ្ងៃទេ ប៉ុន្តែនៅក្នុងដើមខែមិថុនា ពួកគេនិងបក្ខពួក០២នាក់ (ចោរដូចគ្នា នៅប៉ោយប៉ែត) បានចេញធ្វើសកម្មភាព «ប្លន់យកម៉ូតូ» បានសម្រេច០១គ្រឿងពីស្ត្រីម្នាក់ដែលកំពុងជិះនៅម្ដុំរង្វង់មូលផ្លូវជាតិលេខ៥៨ ក្រុងប៉ោយប៉ែត នៅវេលាទៀបភ្លឺ ។ ម៉ូតូនោះ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ហើយយកទៅលក់នៅកន្លែងអ្នកទទូលទិញនៅក្នុងក្រុងប៉ោយប៉ែតនោះតែម្ដង បានតំលៃ៦០០ដុល្លារ ។

លើកទី២ ពួកគេបានចេញ «ប្លន់» នៅម៉ោងប្រហែល១១យប់ថ្ងៃទី២៤ មិថុនា ។ ពេលនោះ ពួកគេបានជិះដេញតាមកៀរស្ត្រី០២នាក់ដែលកំពុងជិះម៉ូតូឌុបគ្នា បណ្ដាលឲ្យដួលធ្លាក់ប្រឡាយទឹក ប៉ុន្តែពួកគេមិនបាន «ប្លន់យកម៉ូតូ»នោះទេ ព្រោះលើកម៉ូតូចេញពីប្រឡាយមិនរួច។ ម៉ូតូនោះ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ។

លើកទី៣ រយៈពេលប្រហែល០១ម៉ោងក្រោយ បន្ទាប់ពីធ្វើសកម្មភាព«ប្លន់» មិនបានសម្រេចលើកទី២ ក្រុមដដែលនេះ បានបន្តធ្វើសកម្មភាពជាថ្មីម្ដងទៀត នៅវេលារំលងអធ្រាត្របន្តិច ឈានចូលថ្ងៃទី ២៥ មិថុនា ពួកគេបានជិះម៉ូតូដេញតាមធាក់ «ប្លន់យកម៉ូតូ» ពីយុវជនម្នាក់រហូតបានសម្រេច នៅចំណុចភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ដដែល ។ ម៉ូតូដែលប្លន់បាននោះម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ។

ផ្អែកចម្លើយសារភាពរបស់ពួកគេ សកម្មភាព«ប្លន់ម៉ូតូ» ជាទូទៅជិះម៉ូតូដេញតាម រួចធាក់ផ្ដូលហើយ «ប្លន់» តែម្ដង បើជនរងគ្រោះណាថ្លើមធំហ៊ានតដៃ «កាប់» នេះជាជំនាញពិតប្រាដករបស់ពួកគេ ដែលក្រុមចោរជិះម៉ូតូដេញ «ប្លន់ម៉ូតូ ពីអ្នកដំណើរតាមដងផ្លូវពេលរាត្រី ។ បើតាមសមត្ថកិច្ច ដែលបានសួរចម្លើយក្រុមចោរហារយ «ប្លន់» តាមដងផ្លូវនេះបានឲ្យដឹងថា ក្រុមចោរនេះ បានរៀបរយផែនការជាមុន មុនពេលចេញ«ប្លន់» ។ ពួកគេបានបែងចែកជារចនាសម្ព័ន្ធយ៉ាងត្រឹមត្រូវ និងច្បាស់ លាស់បំផុត ។ នេះបើយោងតាមចម្លើយសារភាព ។ ពេលចេញធ្វើសកម្មភាព ពួកគេទាំង០៤នាក់ បានបែង ចែកមុខជំនាញរៀងៗខ្លួន ។ ក្នុងនោះ អ្នកឌុបត្រូវចេះធាក់ម៉ូតូជនរងគ្រោះផ្ដូល ពេលជនរងគ្រោះដូលត្រឡប់ ត្រឡិនហើយអ្នកជិះកណ្ដាលត្រូវហក់ចុះឲ្យលឿនទាញយកម៉ូតូជនរងគ្រោះជិះចេញពីកន្លែងកើតហេតុ ។

ដោយឡែក អ្នកជិះខាងក្រោយ ដែលមានកាំបិតក្នុងដៃផង ត្រូវកាប់ទៅលើជនរងគ្រោះភ្លាមៗ ដោយគ្មានបង្អង់យូរ ឬញញើតដៃឡើយ ប្រសិនហ៊ានតដៃប្រទាញប្រទង់ជាមួយពួកគេ ។ នេះជាយុទ្ធសាស្ត្រលោកចោរ នៅពេលពួកគេចេញបេសកកម្មលើដងផ្លូវម្ដងៗ ។ ប៉ុន្តែយ៉ាងណា បើតាមសមត្ថកិច្ចបានផ្ដល់ដំណឹងចុងក្រោយថា «ក្រុមចោរដែលមានជំនាញជិះធាក់ជនរងគ្រោះប្លន់ម៉ូតូពីអ្នក ដំណើរតាមដងផ្លូវមួយសំបុកនេះ ត្រូវបានបញ្ជូនចូលគុកហើយតាមអំណាចតុលាការ» ៕


ចែករំលែក៖