ព័ត៌មានទាន់ហេតុការណ៍៖

ពិភពលោកគួរតែដឹងពីការវិវត្តនៃសង្គ្រាមកម្ពុជា-ថៃ៖ បន្ទាប់ពីបទឈប់បាញ់ចុងឆ្នាំ២០២៥ ភាគីទាំងពីរកំពុងធ្វើអ្វីខ្លះដើម្បីបិទបញ្ចប់សង្គ្រាមនេះ?

ចែករំលែក៖

ភ្នំពេញ ៖ អ្នកតាមដានស្ថានការណ៍សង្គ្រាមតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសមិត្តអន្តរជាតិដែលបានចូលរួមយ៉ាងសកម្មក្នុងការជំរុញឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ជាបន្ទាន់នៅតាមបណ្តោយព្រំដែនប្រវែងជាង ៨០០ គីឡូម៉ែត្រ អាចនឹងយល់ថា បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ចុងក្រោយត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា និងថៃបាននិងកំពុងឈានទៅរកដំណោះស្រាយដោយសន្តិវិធី និងអាចមើលឃើញពន្លឺខ្លះនៃការបញ្ចប់ជម្លោះ។ ប៉ុន្តែការពិតនៅលើដីជាក់ស្តែង គឺផ្ទុយពីការរំពឹងទុកនោះទាំងស្រុង។

រហូតមកដល់បច្ចុប្បន្ន តំបន់ព្រំដែនកម្ពុជា-ថៃនៅតែស្ថិតក្នុងស្ថានភាពតានតឹងខ្ពស់។ កងទ័ពនៃប្រទេសទាំងពីរបន្តស្ថិតក្នុងភាពប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈគ្រប់ពេលវេលា ដោយសារការដោះស្រាយនៅកម្រិតនយោបាយជាន់ខ្ពស់នៅតែអូសបន្លាយ និងមិនទាន់រកឃើញច្រកចេញពិតប្រាកដនៅឡើយ។

បើយើងក្រឡេកទៅមើលខ្លឹមសារនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលត្រូវបានសម្រេចឡើងដោយមានការគាំទ្រពីភាគីពាក់ព័ន្ធ ជាពិសេសប្រធានអាស៊ាន នោះឯកសារនេះបានគូសបញ្ជាក់យ៉ាងច្បាស់អំពីជំហាន និងវិធានការដែលត្រូវអនុវត្តបន្ត ដើម្បីឈានទៅបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍។ គួរឱ្យសោកស្តាយខ្លឹមសារជាង១០ចំណុចនៅក្នុងកិច្ចព្រមព្រៀងមិនត្រូវបានអនុវត្តដោយស្មោះត្រង់នោះទេ ជាពិសេសពីភាគីដែលមានប្រៀបខាងកម្លាំង។

 

បើមើលឱ្យច្បាស់គេនឹងដឹងថា ថៃពិតជាមិនចង់បញ្ចប់សង្គ្រាមនេះទេ ត្បិតថាយោធាថៃកំពុងតែឈរជើងកាន់កាប់ចូលជ្រៅក្នុងទឹកដីកម្ពុជា ជាពិសេសតំបន់សំខាន់ផ្នែកយុទ្ធសាស្ត្រ និងតំបន់ប្រាសាទបុរាណ ដែលធ្លាប់មានជម្លោះរ៉ាំរ៉ៃ ខាងវប្បធម៌ និងប្រវត្តិសាស្ត្រ។ អ្វីដែលជាការពិតជាក់ស្តែង​គឺថៃកំពុងឈ្លានពានទឹកដីកម្ពុជា ដោយសំអាងលើហេតុផលមិនសមស្របដូចជា ការដណ្តើមទឹកដីរចាស់របស់ខ្លួនមកវិញ ឬការបង្ក្រាប Online Scams ជាដើម។ ហេតុផលទាំងអស់នេះ វាគ្រាន់តែជាវាំងននខ្មៅ ដែលលួចកំបាំងចេតនាពិតរបស់ថៃតែប៉ុណ្ណោះ។ ចេតនាពិតនោះគឺ ប្រទេសថៃចិញ្ចឹមចិត្តដណ្តើមយកទឹកដីកម្ពុជាជាយូរណាស់មកហើយ ជាពិសេសពេលដែលប្រទេសកម្ពុជាស្ថិតក្នុងស្ថានភាពទន់ខ្សោយខាងសេដ្ឋកិច្ច និងយោធាជាងខ្លួន។ អ្វីដែលបានកើតឡើង គឺជាសង្គ្រាមប្រទេសធំ ដែលមានកងទ័ពច្រើន មានអាវុធទំនើបៗ និងមានសេដ្ឋកិច្ចធំជាង កំពុងកៀបសង្កត់ ឈ្លានពាន វាតទីលើប្រទេសតូចជាងខ្លួន។

បើនិយាយអំពីការបញ្ចប់សង្គ្រាមកម្ពុជា-ថៃ ប្រហែលជាមិនពិបាកក្នុងការសម្រេចបាននោះទេ ព្រោះប្រទេសទាំងពីរ មានខ្សែព្រំដែនលើផែនទីដែលទទួលស្គាល់ជាអន្តរជាតិរួចទៅហើយ។ ដើម្បីដោះស្រាយរឿងព្រំដែនដោយសន្តិវិធី គឺការវាស់វែង ខណ្ឌសីមាព្រំដែន តាមផែនទីផ្លូវការ គឺជាកូនសោរដែលនឹងជួយបញ្ចប់រឿងនេះទាំងស្រុងដោយគ្មានការបង្ហូរឈាម។ ប៉ុន្តែហេតុអ្វីប្រទេសទាំងពីរ មិនអាចដើរតាមផ្លូវសន្តិវិធីនេះបាន? ចម្លើយងាយយល់ណាស។ ប្រទេសធំមួយកំពុងចង់លេបត្របាក់ទឹកដីប្រទេសជិតខាងខ្លួន ដែលគេយល់ថាគ្មានកម្លាំងគ្រប់គ្រាន់ដើម្បីតបត។ ដូច្នេះគេនឹងមិនជ្រើសរើសដើរលើផ្លូវច្បាប់ ប្រើប្រាស់ឯកសារកតិយុត្តិអន្តរជាតិជាសំអាង ហើយក៏មិនរើសយកផ្លូវតម្លាភាពផ្អែកលើឯកសារដែលបន្សល់ទុកពីអតីតមេដឹកនាំជំនាន់មុនៗរបស់គេឡើយ។ ថៃយល់ថា មានឱកាសល្អអាចឈ្លានពានបាន ក៏ធ្វើដោយមិនញញើតច្បាប់ទម្លាប់អ្វីទាំងអស់ នេះហៅថាមហិច្ឆតាពង្រីកទឹកដី។

ចុះអ្វីទៅជាភាពអាម៉ាសពិតប្រាកដរបស់ប្រទេសថៃ ខណៈដែលកំពុងតែឈរជើងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់? នោះគឺភាពកំសាកដែលមិនហ៊ានទទួលស្គាល់ការពិត និងបង្វែទៅជារឿងផ្សេងៗជំនួសឱ្យការហ៊ានទទួលខុសត្រូវចំពោះមុខអន្តរជាតិ។ ឧទាហរណ៍យ៉ាងច្បាស់ដែលធ្លាប់បានកើតឡើងមកហើយ ក្នុងសង្គ្រាមកម្ពុជា-ថៃ នោះគឺនៅនាទីដំបូងនៃការផ្ទុះសង្គ្រាមតាមព្រំដែនប្រទេសទាំងពីរ យោធាថៃដែលជាអ្នកបង្កបានចោទថាប្រទេសកម្ពុជាបានបំផ្ទុះសង្រា្គមមុន ដែលនេះវាខុសគ្នាទាំងស្រុងទៅនឹងបណ្តាប្រទេសនានាលើសកលលោក ដែលគេធ្វើសង្គ្រាមហ៊ានទទួលស្គាល់ការបាញ់ប្រហារទៅភាគីម្ខាងទៀត។ រហូតមកដល់ពេលនេះ ទោះបីមានភ័ស្តុតាងច្បាស់យ៉ាងណាក៏ថៃនៅតែមិនហ៊ានទទួលស្គាល់ថាបានប្រើប្រាស់គ្រាប់បែកធុនធ្ងន់ និងគ្រាប់បែកចង្កោមមកលើប្រជាជនស្លូតត្រង់កម្ពុជាឡើយ ហើយនេះគឺជាហេតុផល ដែលកម្ពុជាតែងតែប្រឹងប្រែងប្រើប្រាស់វេទិការអន្តរជាតិ ដើម្បីបង្ហាញអំពីស្ថានភាពពិតប្រាកដលើដីជាក់ស្តែង និងការរំលោភបំពានធ្ងន់ធ្ងរលើសិទ្ធិពលរដ្ឋកម្ពុជា ដែលត្រូវបានបាត់បង់ជីវិត និងលំនៅដ្ឋានយ៉ាងអយុត្តិធម៌បំផុត។

អ្នកការទូតថៃ បានខិតខំប្រឹងបំភ្លៃរឿងនេះ បោកប្រាស់អន្តរជាតិ ថាខ្លួនស្អាតស្អំ ដោយគម្រាមបំបិតមាត់កម្ពុជាមិនចង់ឱ្យនិយាយរឿងឈ្លានពាននេះតទៅទៀត។

នៅចំពោះមុខមិត្តបរទេស ថៃសម្តែងជាប្រទេស ស្រលាញ់សន្តិភាព គោរពច្បាប់ទម្លាប់ នឹងតែងពោលថាមិនចង់មានជម្លោះជាមួយប្រទេសជិតខាងទេ។ ប៉ុន្តែជាក់ស្តែងផ្ទុយទាំងស្រុង ជាញឹកញយយោធាថៃ តែងតែបង្កអរិយភាពដោយការប្រើប្រាស់គ្រឿងចក្រគ្រប់ប្រភេទឈូសឆាយចូលទឹកដីកម្ពុជាជាបន្តបន្ទាប់ សាងសង់សំណង់ផ្សេងៗ ដាក់ទូកុងតឺន័រ សង់របង ធ្វើផ្លូវ ជីកលេណដ្ឋាន និងរំកិលបន្លាលួស ក៏ដូចជាបំផ្ទុះគ្រាប់ និងបាញ់កាំភ្លើងដៃក្បែរទីតាំងឈរជើងរវាងយោធាប្រទេសទាំងពីរ ដោយចេតនាចង់បង្កសង្គ្រាមសារជាថ្មី។

សូម្បីទីតាំងដែលមានវត្តមានរបស់ក្រុមអ្នកសង្កេតការអាស៊ានចុះទៅពិនិត្យ ក៏យោធាថៃបង្កឱ្យមានឧបទ្ទវហេតុជាញឹកញាប់ផងដែរ។

តើស្ថានភាពតាមព្រំដែនដ៏តានតឹងរវាងកម្ពុជានិងថៃអាចនឹងបញ្ចប់ទៅបានពិតដែរឬទេ? ពិតណាស់ប្រាកដជាបាន ប្រសិនបើភាគីឈ្លានពានព្រមចូលតុចរចា ដោយភាពស្មោះត្រង់ ហើយគោរពឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់ ជាពិសេសចំណុចទី៣ ដែលចង្អុលឱ្យភាគីទាំងពីររៀបចំជាបន្ទាន់នូវក្រុមវាស់វែងព្រំដែន និងកំណត់ឱ្យបានច្បាស់លាស់នូវខ្សែព្រំដែន​ដែលស្របតាមឯកសារគតិយុត្តិ និងផែនទីដែលទទួលស្គាល់ជាអន្តរជាតិ។ ដើម្បីអាចចាប់ផ្តើមដំណើរការវាស់វែងនេះ កម្ពុជាបានស្នើទៅភាគីថៃក្នុងកំណត់ទូតផ្លូវការច្រើនដងមកហើយ ប៉ុន្តែថៃបដិសេធ និងគេចវេសជាច្រើនលើកច្រើនសារមកហើយ។ ប៉ុន្តែប្រសិនបើថៃយល់ថា ការធ្វើដំណើរលើផ្លូវនេះ ធ្វើឱ្យថៃបាត់បង់ទីតាំងដែលខំប្រឹងឈ្លានតាមរយៈការបង្កសង្គ្រាមបង្ហូរឈាមនោះ ច្បាស់ណាស់ថៃនឹងមិនព្រមដើរតាមផ្លូវត្រឹមត្រូវនេះនោះទេ។

 ដូច្នេះថៃក៏មិនអាចហាមឃាត់ កម្ពុជាមិនឱ្យបង្ហាញការពិតទៅកាន់ពិភពលោកបានដែរ។ ការនិយាយការពិតរបស់កម្ពុជា មិនមែនជាការបង្កអរិយភាពនោះទេ ប៉ុន្តែជាការទាមទារយុត្តិធម៌ និងតតាំងការមិនព្រមបោះបង់ដាច់ខាតនូវទឹកដីរបស់ខ្លួន ជាពិសេសគឺកម្ពុជាចង់ប្រើប្រាស់យន្តការច្បាប់ ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី បញ្ចៀសការបង្ហូរឈាមតាមបណ្តោយព្រំដែនតទៅទៀត៕

ដោយ៖ ពៅ ធីតាវណ្ណ


ចែករំលែក៖