ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាគាំទ្រគោលដៅមនុស្សធម៌នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម និងគាំទ្រឡាវធ្វើជាម្ចាស់ផ្ទះសន្និសីទនៃអនុសញ្ញា

ចែករំលែក៖

ភ្នំពេញ៖ ប្រទេសកម្ពុជាសូមគាំទ្រចំពោះគោលដៅមនុស្សធម៌នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម និងគាំទ្រឡាវធ្វើជាម្ចាស់ផ្ទះសន្និសីទនៃអនុសញ្ញានេះ។

លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន តាងនាមរាជរដ្ឋាភិបាលកម្ពុជា បានគាំទ្របែបនេះ ខណៈលោកជួបពិភាក្សាទ្វេភាគីជាមួយ លោក Thongsavan Phomvihane ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសឡាវ និងជាប្រធានសន្និសីទពិនិត្យឡើងវិញលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងការបរទេសឡាវ។

លោក លី ធុជ បានអរគុណចំពោះប្រទេសឡាវ ដែលបានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំសន្និសីទពិនិត្យឡើងវិញលើកទី៣ ព្រមទាំងបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឡាវ ក្នុងការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌អន្តរជាតិ។

លោក លី ធុជ បានបញ្ជាក់ពីមិត្តភាពជាប្រពៃណី និងទំនាក់ទំនងការទូតដ៏យូរអង្វែងរវាងកម្ពុជា-ឡាវ ព្រមទាំងអរគុណចំពោះភាពរីកចម្រើន និងភាពធន់របស់រដ្ឋាភិបាល និងប្រជាជនឡាវ ក្នុងការដោះស្រាយសំណល់ជាតិផ្ទុះពីសង្គ្រាម ជាពិសេសគ្រាប់បែកចង្កោម។

លោកបានបញ្ជាក់ថា ក្នុងរយៈពេលជាង ៣ទសវត្សរ៍ កម្ពុជាបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានជាង ៣,៥០០គីឡូម៉ែត្រការ៉េ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការការពារជីវិតប្រជាពលរដ្ឋ បើកដីសម្រាប់ការអភិវឌ្ឍ និងបង្កើតសហគមន៍ប្រកបដោយសុវត្ថិភាព។

ទោះបីកម្ពុជា មិនមែនជារដ្ឋភាគីនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម និងមានឋានៈជារដ្ឋអង្កេតការណ៍ក៏ដោយ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រគោលដៅមនុស្សធម៌របស់អនុសញ្ញា និងបានបោសសម្អាតគ្រាប់បែកចង្កោមជាច្រើន។ បច្ចុប្បន្ន កម្ពុជានៅសល់ផ្ទៃដីរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមប្រមាណជាង ៦០០គីឡូម៉ែត្រការ៉េ ដែលត្រូវបន្តដោះស្រាយ។

ជាមួយគ្នានេះ កម្ពុជាកំពុងប្រឈមនឹងបន្ទុកមនុស្សធម៌ថ្មី ពីជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ ខណៈយុទ្ធភណ្ឌគ្រឿងផ្ទុះបានបង្កផលប៉ះពាល់លើផ្ទៃដីជិត ៤,០០០គីឡូម៉ែត្រការ៉េ ក្នុងនោះជិត ៣,០០០គីឡូម៉ែត្រការ៉េ ត្រូវបានវាយតម្លៃថារងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម។ ស្ថានភាពថ្មីនេះ បន្ថែមបន្ទុកលើកិច្ចខិតខំរបស់កម្ពុជា ក្នុងការបន្តដោះស្រាយមរតកសង្គ្រាម ដោយតម្រូវឱ្យមានការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីសហគមន៍អន្តរជាតិបន្ថែមទៀត។

លោក Thongsavan Phomvihane បានថ្លែងអរគុណចំពោះកម្ពុជា ដែលបានបញ្ជូនគណៈប្រតិភូចូលរួមសន្និសីទ ព្រមទាំងគូសបញ្ជាក់ពីទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា-ឡាវ ក្នុងនាមជាប្រទេសជិតខាង និងជាសមាជិកអាស៊ាន។ លោកក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍រវាងប្រទេសទាំងពីរ ក្នុងការដោះស្រាយបញ្ហាយុទ្ធភណ្ឌគ្រឿងផ្ទុះ ជាពិសេសសំណល់គ្រាប់បែកចង្កោមពីសង្គ្រាមវៀតណាម៕

ដោយ៖ សំរិត


ចែករំលែក៖