ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈជិះម៉ូតូទៅបុកគ្រឿងចក្រសាស៊ើដែលកំពុងបើកបត់ចូលឃ្លាំង ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០៧:៣០នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសខាងលើបានជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ (Honda Dream C125) ពាក់ស្លាកលេខ ភ្នំពេញ 1JR-4894 បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏មានគ្រឿងចក្រ (សាស៊ើ) បានបើកពីកើតទៅលិច ហើយអ្នកបើកបរបានបត់ចូលឃ្លាំង ធ្វើឱ្យអ្នកបើកបរម៉ូតូចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកនឹងគ្រឿងចក្រ (សាស៊ើ) បណ្តាលឱ្យដួលរងរបួសធ្ងន់តែម្តង។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ក្រោយកើតហេតុ កម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ បានចុះមកដល់កន្លែងកើតហេតុ ទាក់ទងទៅរថយន្តសាមុយឱ្យដឹកជនរងគ្រោះទៅមន្ទីរពេទ្យ ចំណែកម៉ូតូ និងគ្រឿងចក្រ (សាស៊ើ) ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ក្រាំងធ្នង់ ដើម្បីដោះស្រាយនៅពេលក្រោយ៕

ដោយ៖ សីហា សែនសុខ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច