ខេត្តស្វាយរៀង៖ ឆ្នាំនេះមន្ទីរបរិស្ថានខេត្តស្វាយរៀង បាននាំយកកូនឈើចំនួន៤៥០០ដើម ដើម្បីចូលរួមពិព័រណ៍«ពន្លកបៃតង» នៅមុខក្រសួងបរិស្ថានចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។
នៅក្នុងឱកាសតាំងពិព័រណ៍ពន្លកបៃតងនេះ លោក ចាន់ ឈុន ប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀងបានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលបានឃើញបងប្អូនប្រជាពលរដ្ឋយើងយ៉ាងច្រើនកុះករ មកទទួលយកកូនឈើដោយឥតគិតថ្លៃ(ហ្វ្រី) ដែលជាគំនិតផ្ដួចផ្ដើមរបស់លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ដោយឡែកសម្រាប់មន្ទីរបរិស្ថានខេត្តស្វាយរៀងក៏បាន រួមចំណែកជាមួយក្រសួងបរិស្ថាន ធ្វើការតាំងពិពណ៌ ក៏ដូចជាចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ។
លោកបានបន្តថា ដោយឡែកសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមិនបានអញ្ជើញមកទទួលដោយផ្ទាល់ នៅរាជធានីភ្នំពេញ ជាពិសេសពលរដ្ឋនៅខេត្តស្វាយរៀង អាចទទួលកូនឈើនៅមន្ទីរបរិស្ថានខេត្តក៏បានដែរ។
ជាមួយគ្នានេះ លោក ក៏បានសំណូមពរដល់ពលរដ្ឋទាំងអស់ដែលបានមកទទួលយកកូនឈើនៅថ្ងៃនេះ សូមជួយយកទៅដាំដុះឲ្យបានគ្រប់ៗគ្នា ដើម្បីលើកកម្ពស់គុណភាពបរិស្ថាននិងគម្របព្រៃឈើឲ្យបានច្រើនបន្ថែមទៀត។

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច