ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសស្រុកបសេដ្ឋ ចុះបង្ការ និងបង្ក្រាបក្រុមក្មេងទំនើង ឃាត់ខ្លួនមនុស្ស ២៨នាក់ និងដកហូតម៉ូតូ ១៤គ្រឿង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងនគរបាលស្រុកបសេដ្ឋ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានបើកប្រតិបត្តិការល្បាត និងបង្ក្រាបក្រុមក្មេងទំនើងប្រុស-ស្រី ដែលដើរដាច់យប់ និងបង្កការរំខានដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។

ប្រតិបត្តិការនេះបានធ្វើឡើងនៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ដោយកម្លាំងសមត្ថកិច្ចបានល្បាតគ្របដណ្តប់ភូមិសាស្ត្រឃុំទាំង ១៥ នៃស្រុកបសេដ្ឋ និងបានឃាត់ខ្លួនមនុស្សសរុប ២៨នាក់ ស្ថិតក្នុង ៦ក្រុម រួមជាមួយ ម៉ូតូ ១៤គ្រឿង និង ទូរស័ព្ទដៃ ៧គ្រឿង ដើម្បីយកមកសាកសួរ និងស្រាវជ្រាវបន្ថែម។

លោកវរសេនីយ៍ឯក ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋ បានឱ្យដឹងថា បន្ទាប់ពីការឃាត់ខ្លួន សមត្ថកិច្ចបាននាំអ្នកពាក់ព័ន្ធមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ ស្រាវជ្រាវលើករណីពាក់ព័ន្ធផ្សេងៗ។ ចំពោះអ្នកដែលពិនិត្យឃើញថាមិនជាប់ពាក់ព័ន្ធនឹងបទល្មើស នឹងត្រូវធ្វើកិច្ចសន្យាអប់រំ និងប្រគល់ជូនអាណាព្យាបាលធានាយកទៅអប់រំបន្ត។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ អំពាវនាវដល់អាណាព្យាបាលគ្រប់រូប បង្កើនការយកចិត្តទុកដាក់អប់រំ និងតាមដានកូនចៅរបស់ខ្លួន ដើម្បីចៀសវាងការប្រមូលផ្តុំ ឬប្រព្រឹត្តសកម្មភាពដែលអាចប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម៕


ចែករំលែក៖