ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទាន ប្រាក់យ៉េន សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ (កញ្ចប់ឥណទានទី២)

ចែករំលែក៖

ភ្នំពេញ៖ កម្ពុជា និងជប៉ុន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន ដែលមានទឹកប្រាក់សរុបចំនួន១៧.៧៧៦ លានយ៉េន (ប្រមាណ១១៩ លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កញ្ចប់ឥណទានទី២)។

ពិធីចុះហត្ថលេខានេះ ដោយមានការចូលរួមរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។

គម្រោងនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពដោះស្រាយទំនិញកុងតឺន័រនៅកំពង់ផែ ក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅអន្តរជាតិតែមួយគត់របស់កម្ពុជា ក៏ដូចជាបង្កើនប្រសិទ្ធភាពប្រព័ន្ធ ភស្តុភារកម្មរបស់កម្ពុជា តាមរយៈការអភិវឌ្ឍចំណតផែកុងតឺន័រថ្មី និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនានា។

ជំនួយហិរញ្ញវត្ថុជាបន្តបន្ទាប់នេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសជប៉ុន ក្នុងការលើកកម្ពស់វិស័យពាណិជ្ជកម្ម និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន៕

ដោយ៖តារា


ចែករំលែក៖