ខេត្តស្វាយរៀង÷ កាលពីថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០នាទីល្ងាច សមត្ថកិច្ចបានទទួលព័ត៌មានថា នៅត្រង់ចំណុចតូបលក់ដូររបស់ ឈ្មោះ ឃ្លោក សំអន់ ជាប់មាត់ទន្លេវ៉ៃគោ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុង- ខេត្តស្វាយរៀង មានករណីហិង្សាប្រព្រឹត្តដោយសហព័ទ្ធ មួយកើតឡើង ។
ខណៈជនបង្កដោយជនសង្ស័យម្នាក់ ឈ្មោះ ហិន រិទ្ធី ភេទប្រុស អាយុ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីកន្លែងកំណើតភូមិជ្រួល ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិពោធិតាហោ សង្កាត់ពោធិតាហោ ក្រុង- ខេត្តស្វាយរៀង បានធ្វើសកម្មភាព រករឿងឈ្លោះ និងចោទប្រកាន់ថា ប្រពន្ធ ឈ្មោះ ឃ្លោក សំអន់ អាយុ ៣៦ ឆ្នាំ (លួចលាក់មានសង្សា)និងបានវាយប្រពន្ធចំនួន ០២ដៃ ត្រូវចំថ្ពាល់បណ្តាលអោយដួលទៅលើដី មាន ស្នាមជាំក្រហម ហើមទាំងសងខាង ព្រមទាំងបានយកកាំបិតចិតបន្លែភ្ជុងក. ស្ត្រីជាប្រពន្ធ រួចស្រែកគម្រាមថា: បើនណាហ៊ានចូលទៅក្បែរ រូបខ្លួននិងចាក់សម្លាប់ប្រពន្ធតែម្តង ។
លោក វរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះទៅដល់កន្លែងកើតហេតុ បានអន្តរាគមន៍ជួយ សង្គ្រោះជនរងគ្រោះ បានដោយសុវត្ថិភាព ។ ចំណែកឯជនសង្ស័យ ឈ្មោះ ហិន រិទ្ធី ពេលសមត្ថកិច្ចអន្តរាគមន៍ ចូលទៅឃាត់បានយកកាំបិតនៅក្នុងដៃចាក់ប្រពន្ធចំនួន ០២កាំបិត តែមិនបណ្តាលឱ្យរងរបួស ដោយសារសមត្ថកិច្ចជួយឃាត់ទាន់ពេលវេលា រួចក៏បានតដៃជាមួយសមត្ថកិច្ចទៀតផងដែរពេលនោះ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន រួមទាំងវត្ថុតាងកាំបិតចិតបន្លែ ០១ដើម ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច