ខេត្តកំពង់ស្ពឺ៖ ស្ត្រីចំនួន២នាក់ និងបុរសចំនួន២នាក់ ផ្សេងទៀតដែលគេស្គាល់ច្បាស់ថាមានសតិមិនប្រក្រតី(វិកលចរិត) ត្រូវបានគេប្រទះឃើញដើរពាសពេញផ្សារត្រពាំងក្រឡឹង ស្ថិតក្នុងភូមិត្រពាំងក្រឡឹង ឃុំ គិរីវ័ន្តស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាង១០ថ្ងៃកន្លងមកហើយ។
តាមការឱ្យដឹងពីប្រជាពលរដ្ឋ មនុស្សវិកលចរឹតទាំង៤នេះ ត្រូវបានជនអនាមិកដឹកតាមរថយន្តមកទម្លាក់ចោល នៅផ្សារត្រពាំងក្រឡឹង ធ្វើឱ្យអាជីវករលក់ដូរព្រួយបារម្ភពីសន្តិសុខសុវត្ថិភាពការរស់នៅ និងមិនសប្បាយចិត្ត ហើយបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានស្រុកភ្នំស្រួច និងមន្ទីរសង្គមកិច្ចខេត្តកំពង់ស្ពឺមេត្តាជួយអន្តរាគមន៍ដោះស្រាយជាបន្ទាន់ផង ។
ក្រុមអាជីវករលក់ដូរក្នុងផ្សារត្រពាំងក្រឡឹងបានលើកឡើងថា អ្វីដែលពួកគាត់បារម្ភនិងជួបការលំបាកភ័យខ្លាចនោះ គឺជនវិកលចរិតទាំងស្រី ទាំងប្រុសនោះ មានអត្តចរិតកោងកាច ស្រែកឡូឡាក្នុងផ្សារទាំងយប់ទាំងថ្ងៃ ។ មិនតែប៉ុណ្ណោះបានបំផ្លិចបំផ្លាញ និងយករបស់របរអាជីវករលក់ដូរបោះចោល ហើយអ្វីដែលពួកគាត់ព្រួយ បារម្ភបំផុតនោះ គឺខ្លាចក្រែងជនវិកលចរិតទាំង៤នាក់នោះ ប្រើអំពើហិង្សា និងដុតតូបលក់ដូររបស់ពួកគាត់បណ្តាលអោយឆេះទំនិញមានតម្លៃនៅក្នុងតូបផងដែរ។
ក្រុមអាជីវករលក់ដូរបានបន្តឱ្យដឹងទៀតថា មានបុរសម្នាក់មានស្ថានភាពហាក់បានប្រើប្រាស់គ្រឿងញៀនបណ្តាលឱ្យបាត់បង់ស្មារតីក្លាយជាមនុស្សវិកលចរឹត ។ បុរសរូបនេះ ពេលយប់ឡើងទើបឃើញលេចវត្តមានដើរតាមក្នុងផ្សារត្រពាំងក្រឡឹងជុំវិញតែម្តង។
ជុំវិញការលេចវត្តមានក្រុមជនវិកលចរិតទាំងស្រីទាំង ប្រុសដែលមានអាយុចន្លោះពី៣០ទៅ៤០ឆ្នាំខាងលើនេះ ទោះបីជាពួកគាត់រាយការណ៍ជូនទៅអាជ្ញាធរ និងសមត្ថកិច្ចយ៉ាងណាក៏ដោយ ក៏រហូតមកដល់ពេលនេះ រយៈពេលជាង១០ថ្ងៃ កន្លងទៅហើយ មិនទាន់ឃើញមានចំណាត់ការណាមួយនៅឡើយទេ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច