ព័ត៌មានទាន់ហេតុការណ៍៖

CCTV៖ ព្រែកជីក «ភីងលូ Pinglu»របស់ចិន គ្រោងបើកនៅខែកញ្ញា តភ្ជាប់តំបន់ផ្ទៃក្នុងខេត្តក្វាងស៊ី ទៅកាន់ទីផ្សារអាស៊ាន

ចែករំលែក៖

ទីក្រុងក្វាងស៊ី៖ យោងតាមការចុះផ្សាយពីសារព័ត៌មានរដ្ឋចិន CCTV បាននិយាយថា ព្រែកជីក«ភីងលូ Pinglu» គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំរបស់ចិនមានតម្លៃប្រមាណជាង ១០ពាន់លានដុល្លារ និងប្រវែងសរុបជាង១៣៤គីឡូម៉ែត្រ ដោយតភ្ជាប់ពីទីក្រុងណាននីង ទៅកាន់តំបន់ឈូងសមុទ្រខាងជើង ក្នុងតំបន់ស្វយ័តក្វាងស៊ីឆ្ពោះទៅកាន់ឈូងសមុទ្រក្បែរសមុទ្រវៀតណាម។ក្រោយបើកដំណើរការ គេរំពឹងថានឹងក្លាយជាច្រកពាណិជ្ជកម្មដ៏ធំរបស់ចិន ជាមួយប្រទេសនៅតំបន់អាស៊ាន និងទីផ្សារពាណិជ្ជកម្មពិភពលោក។

សារព័ត៌មានរដ្ឋចិន CCTV បាននិយាយបន្ថែមថាគម្រោងព្រែកជីក«ភីងលូ Pinglu» មានសមត្ថភាពអាចឱ្យនាវាដឹកទំនិញទទេទម្ងន់ ៥,០០០ តោន ហើយនៅតាមបណ្តោយព្រែកមានការសាងសង់មជ្ឈមណ្ឌលគ្រប់គ្រងទឹកចំនួន៣ ជាមួយការប្រើប្រាស់បច្ចេកវិទ្យាប្រព័ន្ធផ្កាយរណប ប៉ីតូវ(BeiDou) និង បញ្ញាសិប្បនិម្មិត (AI) ដើម្បីអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវទឹកឆ្លាតវៃ ជាពិសេសភាពបៃតងនៃគម្រោងទាំងមូល។

ព្រែកជីកនេះ បានជួយកាត់បន្ថយរយៈពេលដឹកជញ្ជូនទំនិញរបស់ចិនទៅទីផ្សារអន្តរជាតិពី ៥៦០ គីឡូម៉ែត្រ មកត្រឹម ១៣៤គីឡូម៉ែត្រ នឹងពង្រឹងបន្ថែមការតភ្ជាប់រវាងតំបន់ភាគនិរតីប្រទេសចិន ទៅកាន់តំបន់ឈូងសមុទ្រខាងជើងក្នុងតំបន់ស្វយ័តក្វាងស៊ី និង ទីផ្សារអាស៊ាន។ គម្រោងនេះនឹងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និង ជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម ឡូជីស្ទិក និង ឧស្សាហកម្ម រវាងចិន និង បណ្តាប្រទេសអាស៊ាន រួមទាំងកម្ពុជា៕

ដោយ៖តារា


ចែករំលែក៖