ភ្នំពេញ ៖ មុនដំបូង ! ករណី សឡា១ដើម តម្លៃ ៨លានរៀល នៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដល់ម៉ោងបែកពាងប្រហុកហើយ !
ក្រោយមក ! អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចេញមកបញ្ជាក់ហើយថា ក្រុមមន្រ្តីជំនាញរបស់ខ្លួន បានចុះទៅស្រាវជ្រាវ ដោយរកឃើញភាពថមិនប្រក្រតី នៃដំណើរការរៀបចំ និងអនុវត្តគម្រោងមូលនិធិរបស់រដ្ឋបាលឃុំចំនួន៥ នៅខេត្តកំពង់ឆ្នាំង ក្នុងនោះក៏មានឃុំទឹកហូតផងដែរ។
បច្ចុប្បន្ន នៅពេលនេះ ក្រសួងមហាផ្ទៃ ឲ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះក្រុមមន្រ្តីដែលពាក់ព័ន្ធករណីនេះ !
សូមបញ្ជាក់ថា ៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសម្រេចបញ្ចប់តំណែងនាយកទីចាត់ការសាលាខេត្តកំពង់ឆ្នាំងពីររូប ក្រោយកើតរឿងមិនប្រក្រតីនៃតម្លៃធ្វើផ្លូវ និងភ្លើងសឡា។
នាយកទីចាត់ការទាំងពីររូប ដែលបញ្ចប់តំណែងនេះ រួមមាន៖
ទី១៖ លោក ហង្ស ពិសី បញ្ចប់តំណែងពីនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត មកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង
ទី២៖ លោក វ៉ាន់ ថេន បញ្ចប់តំណែងពីនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត មកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នឹងបន្តស្វែងរកឫសគល់នៃបញ្ហា និងអ្នកពាក់ព័ន្ធនានា មកអនុវត្តតាមច្បាប់។
សូមបញ្ជាក់ថា វិធានការខាងលើកើតមាន បន្ទាប់ពីអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានស៊ើបអង្កេតស្រាវជ្រាវរកឃើញមានភាពមិនប្រក្រតី នៃដំណើរការរៀបចំ និងអនុវត្តគម្រោងមូលនិធិរបស់រដ្ឋបាលឃុំចំនួន៥នៃខេត្តកំពង់ឆ្នាំង រួមទាំងរដ្ឋបាលឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងផង៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច