ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះខេត្តកណ្ដាល បន្តប្រតិបត្តិការពិនិត្យ ទីតាំងចំនួន ១១កន្លែង ដែលធ្លាប់ចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបិទសៀលឡើងវិញ

ចែករំលែក៖

ខេត្តកណ្ដាល៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ និងបិទសៀលឡើងវិញលើទីតាំងចំនួន ១១កន្លែង ដែលធ្លាប់បានបិទសៀលកន្លងមក។

ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយលោក ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល តំណាងលោក គួច ចំរើន អភិបាលខេត្ត ដោយមានកិច្ចសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត ក៏មានការចូលរួមពីតំណាង គ.ប.ឆ.ប, ក្រុមការងារ គ.ល.ក , មន្ទីរ-អង្គភាពពាក់ព័ន្ធ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសំពៅពូនផងដែរ។

សូមជម្រាបថា កន្លងទៅក្រុមការងារចម្រុះបានចុះត្រួតពិនិត្យជាក់ស្តែងនៅតាមអគារទាំង ១១ទីតាំង ដែលធ្លាប់បានបិទសៀលទាំងនេះផងដែរ។ ជាលទ្ធផលនៃការត្រួតពិនិត្យ ក្រុមការងារបានរកឃើញថា សៀលមួយចំនួនមានសភាពរហែក និងរបកបន្តិចបន្តួច ដោយសារឥទ្ធិពលនៃភ្លៀងខ្យល់។

ទោះជាយ៉ាងណា ក្រុមការងារពុំបានរកឃើញនូវស្ថានភាពអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នៅក្នុងទីតាំងទាំងនោះឡើយ ហើយក៏ពុំមានភស្តុតាងណាមួយបញ្ជាក់ពីការលបលួចបើកប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នោះទេ។

ក្រោយពីការពិនិត្យយ៉ាងល្អិតល្អន់ ក្រុមការងារបានឯកភាពគ្នាធ្វើកំណត់ហេតុ និងបិទសៀលឡើងវិញជាលើកទី២ ដើម្បីធានាបាននូវសុវត្ថិភាព និងទប់ស្កាត់រាល់សកម្មភាពខុសច្បាប់នានា៕

ដោយ៖តារា


ចែករំលែក៖