ខេត្តស្វាយរៀង៖ សមត្ថកិច្ចចាប់ខ្លួនបានហើយ ក្រុមចោរប្លន់សម្លាប់ម្ចាស់ហាងលក់គ្រឿងទេស ភេសជ្ជៈ និងអង្ករ ដែលមានស្លាកយីហោ «សំ ហាក់» បណ្ដាលឱ្យស្លាប់ និងប្លន់យកទ្រព្យសម្បត្តិនៅក្រុងបាវិត។
បើតាមលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឱ្យដឹងនៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នេះថា ដោយមានកិច្ចសហការល្អរវាងសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង ជាមួយសមត្ថកិច្ចក្រសួងនគរបាលវៀតណាម ខេត្តតៃនិញ ប្រទេសវៀតណាម បានសហការគ្នាបង្ក្រាបក្រុមចោរប្លន់ ចាប់ខ្លួនបានចំនួន ០៥នាក់ ជាជនជាតិវៀតណាម នៅក្នុងទឹកដីប្រទេសវៀតណាម ក្រោយពីធ្វើសកម្មភាពប្លន់រួច បានគេចខ្លួនចូលទៅប្រទេសវៀតណាមវិញ។
ដោយសហការល្អរវាងសមត្ថកិច្ចទាំងពីរ កំណត់មុខសញ្ញាឈានទៅដល់បង្ក្រាបបាន និងដកហូតទ្រព្យសម្បត្តិរបស់ជនរងគ្រោះមកវិញមួយចំនួនដែរ ក៏ប៉ុន្តែមិនដឹងថាមានចំនួនពិតប្រាកដប៉ុន្មាននោះទេ។
បច្ចុប្បន្នភាគីវៀតណាមកំពុងធ្វើនីតិវិធីដើម្បីស្នើសុំ ប្រគល់ទ្រព្យសម្បត្តិរបស់ជនរងគ្រោះមកឱ្យសមត្ថកិច្ចកម្ពុជា ដើម្បីប្រគល់ឱ្យគ្រួសាររងគ្រោះ។
គួរបញ្ជាក់ថា ជនរងគ្រោះ មានឈ្មោះ សំ ហាក់ ភេទប្រុស មានទីលំនៅក្បែរធនាគារកាណាឌីយ៉ាបាវិត ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ត្រូវក្រុមចោរប្លន់បាញ់សម្លាប់ កាលពីវេលាម៉ោងប្រមាណ ០៨ និង២០នាទីយប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦។
បើតាមប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងកើតហេតុបានឱ្យដឹងថា ក្រុមចោរប្លន់មានគ្នាប្រមាណ ៤ទៅ៥នាក់ បានធ្វើសកម្មភាពប្លន់ជនរងគ្រោះ ឮស្នូរពន្លឺកាំភ្លើងបាញ់ចំនួន ០២គ្រាប់ហើយក៏ស្ងាត់។ ទោះបីយ៉ាងណា មិនអាចគេចផុតពីសំណាញ់ច្បាប់បាននោះទេ គឺសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង សហការជាមួយសមត្ថកិច្ចវៀតណាម ខេត្តតៃនិញ ចាប់ខ្លួនបានហើយចំនួន ០៥នាក់ នៅប្រទេសវៀតណាម៕

ដោយ៖ សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច