ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់នូវវិធានការម៉ឺងម៉ាត់ឲ្យកម្លាំងនគរបាលរឹតបន្ដឹងច្បាប់ចរាចរណ៍ឡើងវិញ ព្រោះមានតែវិធានការនេះទេ ទើបមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពិសេសនៅពេលយប់តែម្ដង។ ខណៈបច្ចុប្បន្ននេះករណីគ្រោះថ្នាក់ចរាចរណ៍ កំពុងតែបន្ដក្លាយជាបញ្ហាប្រឈមខ្ពស់របស់សមត្ថកិច្ចជំនាញ ខណៈអត្រាគ្រោះថ្នាក់នៅតែបន្ដកើនឡើងបណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសជារៀងរាល់ថ្ងៃ។
ជាក់ស្ដែងក្នុងកិច្ចប្រជុំពង្រឹងលើការអនុវត្តរឹងបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានបញ្ជាដល់កម្លាំងជំនាញត្រូវប្រើប្រាស់វិធានការអប់រំ និងផ្សព្វផ្សាយបន្ថែមទៀត ឲ្យដើរទន្ទឹមគ្នាជាមួយវិធានការអនុវត្តរឹងបន្ដឹងច្បាប់។
នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា កម្លាំងនគរបាលអនុវត្តច្បាប់ត្រូវចេះបត់បែន និងប្រើប្រាស់កាយវិការពាក្យសម្ដីឲ្យបានសមរម្យទន់ភ្លន់ទៅកាន់ប្រជាពលរដ្ឋ និងកំណត់បទល្មើសឲ្យបានច្បាស់លាស់ ដោយត្រូវធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីច្បាប់ និងមានស្មារតីគោរពច្បាប់ ជាងខ្លាចនគរបាល។
នាយឧត្តមសេនីយ៍ ស ថេត យល់ឃើញទៀតថា កត្តាមួយទៀតដែលជាចំណែកសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺស្មារតីនៃការប្រុងប្រយ័ត្នរបស់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ ព្រោះនគរបាលចរាចរណ៍មិនអាចឈរជាប់នៅគោលដៅរឹងបន្ដឹងច្បាប់ចរាចរណ៍២៤ម៉ោងនោះឡើយ។
បើយោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងទទួលការងារចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានឱ្យដឹងថា ក្នុងរយៈពេល៧ខែ ១៥ថ្ងៃ ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន១,៥៩០លើក កើនឡើង២៣៧លើក បើធៀបឆ្នាំ២០២៥។ ក្នុងនោះ អ្នកស្លាប់មានចំនួន៩៨៦នាក់ កើន១០៩នាក់ និងរងរបួសចំនួន២,៣០២នាក់ កើន៤៣០នាក់៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច