ខេត្តតាកែវ៖ កាលពីថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២៣និង២០នាទី កើតមានករណីអំពើលួច (ដុំភ្លើងម៉ាស៊ីនទូក) ០១ករណី របស់ឈ្មោះ សៅ វ៉ាត ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរកសិករ នៅចំណុចក្រោមស្ពានភ្នំដា ស្ថិតនៅក្នុងភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួច (ដុំភ្លើងម៉ាស៊ីនទូក) យកទៅបាត់។
ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ និងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង ៩និង៣០នាទី នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បានកំណត់មុខសញ្ញាបាន ហើយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ដែលមានឈ្មោះដូចខាងក្រោម៖
១. ឈ្មោះ យន កំសត់ ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរមិនពិតប្រាកដ (ជាមុខសញ្ញាចាស់ ប្រើប្រាស់សារធាតុញៀន) មានទីលំនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ
២. ឈ្មោះ ធី ម៉េងលី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាមុខសញ្ញាចាស់ ប្រើប្រាស់សារធាតុញៀន) មានទីលំនៅភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ។
ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាននាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរីដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី រីឯវត្ថុតាងបានប្រគល់ជូនម្ចាស់វិញ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច