ខេត្តព្រះសីហនុ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃទី២៧ខែសីហា ឆ្នាំ២០២៦នេះថា ពាក់ព័ន្ធករណីហិង្សាដែលកំពុងមានការចាប់អារម្មណ៍ និងចែករំលែកយ៉ាងទូលំទូលាយលើបណ្តាញសង្គម ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមបញ្ជាក់ថា សមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានហើយ និងកំពុងបន្តនីតិវិធីតាមច្បាប់ ។
ករណីនេះបានកើតឡើងនៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅបន្ទប់លេខ១២០៨ ជាន់ទី១២ នៃសណ្ឋាគារប្ល៊ូបេ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ តាមការស្រាវជ្រាវបឋម ជនសង្ស័យឈ្មោះ CHEN FUJIE ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន បានមានទំនាស់ជាមួយជនរងគ្រោះជានារីជនជាតិខ្មែរ អាយុ១៧ឆ្នាំ ហើយបានប្រើអំពើហិង្សាបណ្តាលឱ្យជនរងគ្រោះរងរបួសជាច្រើនកន្លែង មុនរត់គេចខ្លួនពីកន្លែងកើតហេតុ ។
ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងបន្ទាប់ពីទទួលពាក្យបណ្តឹង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបើកការស្រាវជ្រាវ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១១និង០០នាទី បានឃាត់ខ្លួនជនសង្ស័យនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
តាមការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើហិង្សាលើជនរងគ្រោះពិតប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច