ខេត្តស្វាយរៀង៖ គណៈបញ្ជាការឯកភាពក្រុងបាវិត បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ចុះដល់ទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន ០២ទីតាំង តាមបណ្ដឹងរបស់ម្ចាស់វីឡា។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពក្រុង ដឹកនាំដោយលោក រ៉េត រក្សា អភិបាលរងក្រុង សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយលោក ស្រេង ហួត ស្នងការរងនគរបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះដល់ទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន ០២ទីតាំង តាមបណ្ដឹងរបស់ម្ចាស់វីឡាក្នុងភូមិបាវិតកណ្ដាល និងបន្តធ្វើរដ្ឋបាលចំហចំនួន ០១ទីតាំង ក្នុងភូមិបាវិតលើ សង្កាត់បាវិត។
សមាសភាពចូលរួមមាន លោកអធិការរងក្រុង, លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង, លោកនាយករងរដ្ឋបាលក្រុង, លោកនាយរងប៉ុស្តិ៍រដ្ឋបាល, មេភូមិបាវិតកណ្ដាល, មេភូមិបាវិតលើ និងកម្លាំងនគរបាលខេត្ត-ក្រុង។
ជាលទ្ធផល ក្រុមការងារបានឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងរួមមាន៖
ទីតាំងទី១៖ ផ្ទះរបស់លោក យិន សុវីរ៉ា ស្ថិតនៅភូមិបាវិតកណ្ដាល បានប្តឹងមកសមត្ថកិច្ចពាក់ព័ន្ធករណីសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៥នាក់ (ប្រុស) ជាជនជាតិចិន និងវត្ថុតាងរួមមាន ទូរសព្ទដៃផ្ទាល់ខ្លួន, ទូរសព្ទដៃចម្រុះ, កុំព្យូទ័រ Laptop និងលិខិតឆ្លងដែន។
ទីតាំងទី២៖ ផ្ទះរបស់លោក នង ណាឃីម ស្ថិតនៅភូមិបាវិតលើ បានប្ដឹងមកសមត្ថកិច្ចពាក់ព័ន្ធករណីសង្ស័យការទិញគណនីធនាគារចល័ត ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៣នាក់ (ស្រី ០១នាក់) ជាជនជាតិវៀតណាម ព្រមទាំងដកហូតទូរសព្ទដៃចម្រុះ និងលិខិតឆ្លងដែន។
អំឡុងពេលចុះប្រតិបត្តិការ សមត្ថកិច្ចមានការសង្ស័យរថយន្ត ម៉ាក Camry ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-6821 ជាបក្សពួករបស់ជនសង្ស័យ ក៏បានធ្វើការប្រដេញ និងឃាត់បាននៅចំណុចផ្ទះវីឡារបស់លោក ញឹម សំណាង ស្ថិតនៅភូមិបាវិតកណ្ដាល ដោយបានឃាត់ខ្លួនមនុស្សសរុបចំនួន ០៤នាក់ (ស្រី ០១នាក់) ជាជនជាតិវៀតណាម និងវត្ថុតាងរួមមាន ទូរសព្ទដៃចម្រុះ, ទូរសព្ទដៃផ្ទាល់ខ្លួន, ដុំ Wi-Fi, កាំភ្លើងឆក់, លិខិតឆ្លងដែន, ត្រា និងឯកសារក្លែងក្លាយមួយចំនួន។
ចំពោះជនសង្ស័យ និងវត្ថុតាងទាំង ០៣ទីតាំងខាងលើ សមត្ថកិច្ចបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តតាមនីតិវិធី ហើយទីតាំងខាងលើ ក្រុមការងារបានសម្រេចប្រគល់ជូនម្ចាស់វិញ។
ដោយឡែក ចំពោះការចុះធ្វើរដ្ឋបាលចំហនៅផ្ទះល្វែងរបស់លោកស្រី ព្រំ សុជា បានត្រួតពិនិត្យឃើញមានជនបរទេសស្នាក់នៅសរុបចំនួន ០៣នាក់ (ប្រុស) ជាជនជាតិចិន។ ជនបរទេសខាងលើមានលិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាពត្រឹមត្រូវ៕

ដោយ៖ សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច