ខេត្តពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យការរៀបចំ ជួសជុលកែលម្អ អនាម័យ បរិស្ថាន និងសោភ័ណភាព នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យអូរដេកា ស្ថិតក្នុងភូមិអូរដេកា ឃុំប្រម៉ោយ ស្រុកវាលវែង និងអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ស្រុកភ្នំក្រវាញ។
ក្នុងដំណើរចុះពិនិត្យ លោកអភិបាលខេត្ត បានពិនិត្យស្ថានភាពជាក់ស្តែងនៅតាមបរិវេណសាលា ដោយផ្តោតលើការជួសជុល ការរៀបចំទីធ្លា ការសម្អាតបរិស្ថាន និងការកែលម្អសណ្តាប់ធ្នាប់ទូទៅ ដើម្បីឱ្យបរិយាកាសក្នុងសាលាមានភាពស្អាត របៀបរៀបរយ និងមានសោភ័ណភាព។
ជាមួយគ្នានេះលោក ខូយ រីដា បានណែនាំឱ្យអាជ្ញាធរស្រុក និងភាគីពាក់ព័ន្ធ បន្តពិនិត្យតាមដានការងារកែលម្អឱ្យបានជាប់ជាប្រចាំ ព្រមទាំងរៀបចំការថែទាំសម្ភារ បរិក្ខារ និងសំណង់នានារបស់សាលា ដើម្បីជៀសវាងការខូចខាត និងធានាឱ្យការប្រើប្រាស់មានប្រសិទ្ធភាពយូរអង្វែង។
លោកអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់លើការរក្សាអនាម័យ និងសុវត្ថិភាពក្នុងបរិវេណសិក្សា ដោយត្រូវមានការចូលរួមពីគ្រប់ភាគី ជាពិសេសគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋាន ដើម្បីរួមគ្នារក្សាសាលារៀនឱ្យបានស្អាត និងមានសណ្តាប់ធ្នាប់ជាប្រចាំ។
ការយកចិត្តទុកដាក់លើការកែលម្អបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធសិក្សា គឺជាការចូលរួមបង្កើតលក្ខខណ្ឌអំណោយផលដល់ការបង្រៀន និងការរៀនសូត្រ ព្រមទាំងផ្តល់ភាពងាយស្រួល និងទំនុកចិត្តដល់សិស្សានុសិស្ស និងបុគ្គលិកអប់រំ ក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ។
ការងារនេះក៏ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងការជំរុញការអភិវឌ្ឍវិស័យអប់រំនៅមូលដ្ឋាន តាមរយៈការរៀបចំកែលម្អសាលារៀនឱ្យមានបរិយាកាសល្អប្រសើរ ស្របតាមតម្រូវការជាក់ស្តែង និងគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព៕

ប្រភព ៖ រដ្ឋបាលខេត្តពោធិ៍សាត់
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច