ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខការពារជាតិកម្ពុជា៖​ យុវជនអាចទទួលពាក្យស្នើសុំបំពេញកាតព្វកិច្ចយោធាចាប់ពីថ្ងៃទី១ ខែតុលា នៅកងរាជអាវុធហត្ថក្រុង-ស្រុក-ខណ្ឌ

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧបនាយករដ្ឋមន្ត្រី​ ទៀ សីហា​ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសលើទំព័រហ្វេសប៊ុក នៅថ្ងៃទី២៧ ខែកញ្ញា ថា ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ យុវជនដែលមានបំណងចូលបំពេញកាតព្វកិច្ចយោធា អាចទៅទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក-ខណ្ឌ។

យោងតាម​សេចក្តីជូនដំណឹងរបស់ លោកឧបនាយករដ្ឋមន្ត្រី​ ទៀ សីហា បានមានប្រសាសន៍ថា កម្ពុជានឹងចាប់ផ្តើមដំណើរការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាជាលើកដំបូង ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដើម្បីកសាងកម្លាំងការពារជាតិឱ្យកាន់តែមានសមត្ថភាព និងវិន័យដែលជាតម្រូវការរបស់ជាតិ។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី​ ទៀ​ សីហា​ បានសំណូមពរឱ្យ យុវជន តាមដានសេចក្តីជូនដំណឹងផ្លូវការ ដើម្បីស្វែងយល់អំពីលក្ខខណ្ឌ ឯកសារដែលត្រូវត្រៀម និងជំហានបន្តបន្ទាប់ នៃការដាក់ពាក្យ។

ប្រមុខ​ការពារ​ជាតិ​កម្ពុជា​រូបនេះ​ បានគូសបញ្ជាក់ថា៖ «ការការពារជាតិមាតុភូមិ និងបូរណភាពទឹកដីជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងបរិបទដែលសង្គម និងបច្ចេកវិទ្យាកំពុងមានការប្រែប្រួលយ៉ាងរហ័ស ប្រទេសជាតិចាំបាច់ត្រូវមានកម្លាំងដែលទទួលបាន ការហ្វឹកហ្វឺន មានចំណេះដឹង ជំនាញ មានវិន័យ និងសមត្ថភាព ធានាដើម្បីការពារអធិបតេយ្យភាព បូរណភាព ទឹកដី ប្រជាជន និងសុខសន្តិភាព។»

រដ្ឋមន្ត្រីក្រសួងការពារជាតិ បន្ថែមទៀតថា ការអនុវត្តកាតព្វកិច្ចយោធា នឹងផ្តល់នូវចំណេះដឹង វិន័យ ស្មារតីជួយគ្នា ការទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួន ដែលអាចចូលរួមចំណែកក្នុងការបម្រើជាតិមាតុភូមិ។ ជាមួយគ្នានេះ ការចូលរួមហ្វឹកហាត់ នឹងធ្វើឱ្យយុវជនពង្រឹងកម្លាំងកាយ ចិត្តគំនិត វិន័យ ប្រកបដោយជំនាញ បទពិសោធន៍ អាចបង្កើនភាពជឿជាក់ មានទំនុកចិត្តកាន់តែប្រសើរ មានមូលដ្ឋានល្អសម្រាប់ការសិក្សា ការងារ និងជីវិត ក្រោយពេលបញ្ចប់ការអនុវត្តកាតព្វកិច្ចយោធាផងដែរ។

បន្ថែមពីនេះ​ លោករដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ក៏បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងប្រជាពលរដ្ឋ ចូលរួមគាំទ្រ និងផ្តល់កម្លាំងចិត្តដល់យុវជន ព្រមទាំងជួយឱ្យពួកគេយល់ច្បាស់អំពីគោលបំណងនៃការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា។ ក្នុងន័យនេះ លោកថា ការគាំទ្ររបស់ក្រុមគ្រួសារ និងសង្គម មានសារៈសំខាន់បំផុតចំពោះការត្រៀមខ្លួនរបស់យុវជន។

ជាមួយគ្នានេះ​ លោកឧបនាយករដ្ឋមន្ត្រី​ ក៏បានសង្កត់ធ្ងន់ថា សម្រាប់ដំណើរការជ្រើសរើសត្រូវអនុវត្តតាមលក្ខខណ្ឌ និងនីតិវិធីដែលបានកំណត់ ដោយផ្អែកលើគោលការណ៍តម្លាភាព និងស្មើភាព៕

ដោយ​៖ តារា​


ចែករំលែក៖