ផ្កាយរណប Altair-1 ត្រូវបានរចនា និងផ្គុំនៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម ដោយក្រុមហ៊ុន Orbitworks ដែលជាក្រុមហ៊ុនមួយបង្កើតឡើងតាមរយៈភាពជាដៃគូរវាង Marlan Space (UAE) និង Loft Orbital (សហរដ្ឋអាមេរិក)។
នៅថ្ងៃទី 2 ខែតុលា Altair-1 ដែលជាផ្កាយរណបពាណិជ្ជកម្មដំបូងគេដែលសាងសង់ដោយអារ៉ាប់រួម (UAE) ត្រូវបានបាញ់បង្ហោះដោយជោគជ័យទៅក្នុងគន្លងតារាវិថី ដែលជាជំហានថ្មីមួយឆ្ពោះទៅមុខសម្រាប់ប្រទេសនេះក្នុងការប្រណាំងប្រជែងអវកាសរបស់ខ្លួន។
រដ្ឋមន្ត្រីកីឡាអារ៉ាប់រួម និងជាប្រធានទីភ្នាក់ងារអវកាសអារ៉ាប់រួម លោក Ahmad Al Falasi បានវាយតម្លៃការបាញ់បង្ហោះនេះថាឆ្លុះបញ្ចាំងពីសមត្ថភាពកាន់តែកើនឡើងនៃប្រព័ន្ធអេកូឡូស៊ីអវកាសជាតិរបស់អារ៉ាប់រួមក្នុងការស្រាវជ្រាវ និងផលិតដោយប្រើប្រាស់បច្ចេកវិទ្យាអវកាសទំនើប។
យោងតាមលោក Al Falasi ក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ត្រអវកាសជាតិឆ្នាំ ២០៣១ អារ៉ាប់រួមកំពុងធ្វើសមាហរណកម្មវិស័យស្រាវជ្រាវ ឧស្សាហកម្ម និងវិនិយោគ ដើម្បីសម្រួលដល់ការច្នៃប្រឌិត ការអភិវឌ្ឍ និងការរួមចំណែកដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិដោយអាជីវកម្មក្នុងស្រុក។
Altair-1 បង្ហាញថាសមត្ថភាពដែលបានអភិវឌ្ឍនៅក្នុងអារ៉ាប់រួមអាចបង្កើតដំណោះស្រាយពាណិជ្ជកម្មដែលលាតសន្ធឹងហួសពីព្រំដែនជាតិ ខណៈពេលដែលពង្រីកទីផ្សារអន្តរជាតិ និងភាពជាដៃគូសម្រាប់អាជីវកម្មអារ៉ាប់រួម។ ផ្កាយរណបនេះគឺជាផ្នែកមួយនៃគោលដៅធ្វើឱ្យអារ៉ាប់រួមក្លាយជាសេដ្ឋកិច្ចអវកាសកំពូលទាំង ១០ នៅលើពិភពលោកនៅឆ្នាំ ២០៣១៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច