ពលរដ្ឋស្លូតត្រង់ជាង១លាននាក់កំពុងជាប់គាំងនៅទីក្រុង Mosul ប្រទេសអីុរ៉ាក់ ហើយអ្នកទាំងនោះប្រឈមនឹងគ្រោះថ្នាក់អាចក្លាយទៅជារនាំងការពារគ្រាប់ដល់ក្រុម ភេរវកម្មIS ។
នៅពេលនេះក្រុមជួយសង្គ្រោះបានត្រៀមលក្ខណៈសម្រាប់ស្ថានភាពអាក្រក់បំផុតដែលអាចកើតឡើង។ ក្រុមIS បានចាប់បង្ខំពលរដ្ឋប្រមូលផ្តុំគ្នានៅខាងក្នុងនៅ ជុំវិញទីក្រុងទប់ស្កាត់ការវាយប្រហារពីកម្លាំង ទាហានអីុរ៉ាក់។
នៅពេលនេះកម្លាំងទាហានអីុរ៉ាក់និងក្រុមIS កំពុងតែវាយប្រហារយ៉ាងខ្លាំងនៅជាយក្រុងដោយទាហានអីុរ៉ាក់បានឆ្ពោះចូល ទៅមុខជានិច្ច។ អាកាសធាតុមិនអំណោយ ផលបានរារាំងដល់ការវាយប្រហារខាងលើ របស់ទាហានអីុរ៉ាក់ និងសម្ពន្ធមិត្តផងដែរ។
នៅទីក្រុងម៉ូស៊ុលក្រុមIS បានដាក់អន្ទាក់ គ្រប់ទិសទី និងវាយឆ្មក់ទៅលើកម្លាំងទាហាន រដ្ឋាភិបាលអីុរ៉ាក់ផងដែរ ក្រោយពេលទាហានអីុរ៉ាក់បើកការវាយប្រហារជាង២ សប្តាហ៍នៅទីនោះ។
យោងតាមការសរុបព្រឹត្តិការណ៍ក្នុង រយៈពេល២សប្តាហ៍កន្លងមកនេះឃើញថា កងទ័ពអុីរ៉ាក់ និងកងទ័ពសម្ពន្ធមិត្តបានព័ទ្ធជុំវិញក្រុងម៉ូស៊ុលសឹងតែទាំងស្រុងហើយ។ ក្រុង al-Choura នៅខាងត្បូង ម៉ូស៊ុលត្រូវបានរំដោះមកវិញទាំងស្រុងហើយ។ កាលពីថ្ងៃសៅរ៍លោកមេបញ្ជាការ John Dorrian អ្នកនាំពាក្យកងទ័ពសម្ពន្ធ មិត្តអាមេរិកបានប្រកាសថាគេនឹងផ្អាកការប្រយុទ្ធមួយរយៈសិនដើម្បីអនុញ្ញាតឲ្យកងទ័ពអុីរ៉ាក់មានពេលបោសសម្អាត់ទីតាំង ដែលរំដោះបាន ហើយនឹងរៀបចំកម្លាំងឡើង វិញ មុននឹងបន្តវាយបំបែកម៉ូស៊ុលពីដៃក្រុម ជីហាដ។ ក៏ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក កងទ័ពអុីរ៉ាក់បានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ថា បេសកកម្មប្រយុទ្ធ នឹងនៅតែបន្តទៅមុខទៀត។
បើនិយាយពីសមរភូមិប្រយុទ្ធឃើញថាបរាជ័យរបស់ក្រុមជីហាដនៅម៉ូស៊ុលគឺកាន់ តែជិតដល់ថ្ងៃហើយ តែបើនិយាយពីទុក្ខ វេទនារបស់ប្រជាជនស្លូតត្រង់ដែលជាប់នៅទីនោះគឺកាន់តែលំបាក។ យោងតាម តួលេខរបស់អង្គការសហប្រជាជាតិយ៉ាងហោចណាស់ប្រជាជនប្រមាណជា៨.០០០ គ្រួសារត្រូវបានក្រុមជីហាដចាប់បង្ខាំងទុកនៅតំបន់ក្បែរមាត់ទន្លេដើម្បីយកពួកគេធ្វើជាខែលការពារ។ លោកប្រធានស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានថ្លែងថា យុទ្ធសាស្ត្រយកប្រជាជនធ្វើជា ខែលគឺជាយុទ្ធសាស្ត្រដ៏ថោកទាប និងដ៏ កំសាករបស់ពួកជីហាដអង្គការរដ្ឋអ៊ិស្លាម។ ជាងនេះទៅទៀតលោកបានប្រាប់ពីតួលេខ ដែលក្រុមជីហាដនេះបានសម្លាប់មនុស្ស ចំនួន២៥០នាក់ ក្នុងរយៈពេលមួយសប្តាហ៍ ចុងក្រោយនេះនៅម៉ូស៊ុល។
យោងតាមតួលេខរបស់អង្គការសហប្រជាជាតិដដែលគឺចាប់តាំងពីផ្តើមការ ប្រយុទ្ធមក មនុស្សប្រមាណជា១៧ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីតំបន់សមរភូមិដែល បញ្ហានេះគឺប្រជាជនត្រូវការជំនួយបន្ទាន់ ដើម្បីធ្វើជម្រកបណ្តោះអាសន្ន និងស្បៀង អាហារ។ ដូច្នេះការលំបាកធំក្នុងពេលនេះ របស់កងទ័ពសម្ពន្ធមិត្តគឺធ្វើយ៉ាងណាការពារអាយុជីវិតប្រជាជនស្លូតត្រង់កុំឲ្យស្លាប់ក្នុងពេលប្រយុទ្ធដណ្តើមយកម៉ូស៊ុលដើម្បីចៀសវាងការរិះគន់។ បន្ទាប់មកទៀតនៅមានការបោសសម្អាត់តំបន់ដែលរំដោះបាន ព្រោះក្រុមជីហាដបានដាក់បង្កៃគ្រាប់បែក សឹងតែគ្រប់ច្រកល្ហក។ បន្ថែមពីលើនេះទៀតក្រុមជីហាដអាចបន្លំខ្លួនក្នុងចំណោមប្រជាជនស្លូតត្រង់ដើម្បីរត់គេចចេញពីម៉ូស៊ុល។
នៅពេលនេះដែរទាហានអីុរ៉ាក់បានផ្តាច់ ផ្លូវដ៏សំខាន់របស់ក្រុមIS ចូលទៅកាន់មូ ស៊ុល។ ការបើកសមរភូមិត្រង់ចំណុច Tal Afar នេះគឺមានន័យថា ក្រុមជីហាដអង្គការ រដ្ឋអ៊ិស្លាមនឹងមិនអាចចេញចូលដឹកជញ្ជូនអាវុធ និងកម្លាំងបន្ថែមពីរ៉ាខាចូលមកម៉ូស៊ុល បានដោយងាយស្រួលទៀតឡើយ ហើយបើពួកជីហាដចង់រត់គេចពីម៉ូស៊ុលទៅរ៉ាខាក៏មិនងាយស្រួលដែរ។ ដូច្នេះនេះជាដំណឹង ល្អមួយសម្រាប់យុទ្ធនាការវាយបោស សម្អាត់ក្រុមជីហាដនៅអុីរ៉ាក់។ មិនត្រឹមតែ ប៉ុណ្ណោះ មេដឹកនាំរបស់ក្រុម Hachd al-Chaabi នេះបានប្រកាសថា បន្ទាប់ពីរំដោះម៉ូស៊ុលបានសម្រេចហើយ ក្រុមគេនឹងបន្ត ដំណើរទៅស៊ីរីទៀតដើម្បីប្រយុទ្ធនឹងក្រុមជីហាដអង្គការរដ្ឋអ៊ិស្លាមនៅទីនោះ៕ ម៉ែវ សាធី