ភ្នំពេញ៖ មនុស្ស២នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាក BYD ពណ៌ខ្មៅ បើកបរក្នុងល្បឿនលឿន រួចជ្រុលទៅបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹង ហើយបន្តទៅបុកបង្គោលស្លាកប៉ាណូមួយដើម បណ្ដាលឱ្យបាក់ និងធ្វើឱ្យរថយន្តក្រឡាប់ផ្ងារជើង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាក BYD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CI-4089 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីជើងទៅត្បូង ដោយប្រើប្រាស់ល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតជ្រុលទៅបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AI-7884 ដែលកំពុងធ្វើដំណើរនៅខាងមុខ និងមានមនុស្សជិះចំនួន២នាក់។ ការបុកនេះបានធ្វើឱ្យអ្នកជិះម៉ូតូទាំង២នាក់រងរបួសធ្ងន់ និងត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ប្រភពដដែលបានបន្តថា បន្ទាប់ពីបុកម៉ូតូ រថយន្ត BYD មិនបានឈប់នោះទេ ដោយបានបន្តទៅបុកសួនច្បារចែកទ្រូងផ្លូវ រួចជ្រុលទៅបុកបង្គោលស្លាកប៉ាណូមួយដើម បណ្ដាលឱ្យបាក់ និងធ្វើឱ្យរថយន្តក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ភ្លាមៗនោះ អ្នកបើកបររថយន្តបានបើកទ្វារចេញពីរថយន្ត ហើយរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះមកពិនិត្យ និងវាស់វែងនៅកន្លែងកើតហេតុ រួចបាននាំយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច